សម្តេចក្រឡាហោម ស ខេង៖ ក្រសួងមហាផ្ទៃ បាននិងកំពុងដាក់ចេញវិធានការ០៣ចំណុច ពាក់ព័ន្ធនឹងអត្តសញ្ញាណបណ្ណហួសសុពលភាព
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ក្រសួង បាននិងកំពុងដាក់ចេញវិធានការ០៣ចំណុច ដើម្បីដោះស្រាយបញ្ហាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរហួសសុពលភាព ដែលអត្តសញ្ញាណបណ្ណនេះ គឺជាឯកសារដ៏មានសារៈសំខាន់សម្រាប់បុគ្គលខ្លួនឯងផង និងសម្រាប់រាជរដ្ឋាភិបាលផង។
ថ្លែងនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣នេះ សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា ៖ “ដើម្បីដោះស្រាយការងារនេះ ខ្ញុំសូមលើកឡើងនូវវិធានការ ០៣ចំណុច ដែលទី១ គឺជំរុញការធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ទុតិយតា ដែលការងារនេះបាននិងកំពុងចាប់ផ្តើមតាំងពីខែវិច្ឆិកា ឆ្នាំ២០២២ ដោយក្រុមការងារអន្តរអគ្គនាយកដ្ឋានក្រសួងមហាផ្ទៃ ដោយបានធ្វើយុទ្ធនាការជំរុញការធ្វើអត្តសញ្ញាណបណ្ណថ្មី ដោយបញ្ជូនលេខអត្តសញ្ញាណ និងឈ្មោះ ដែលបានហួស និងនឹងហួសសុពលភាព ទៅឃុំ-សង្កាត់ ដើម្បីអញ្ជើញបុគ្គលទៅបំពេញបែបបទនៅឃុំ-សង្កាត់ ដើម្បីធ្វើអត្តសញ្ញាណបណ្ណ ទុតិយតា ក្នុងនោះផងដែរ ក៏មានក្រុមការងារចល័តចុះទៅដល់ខ្នងផ្ទះបងប្អូនប្រជាពលរដ្ឋ និងក្រុមការងារចល័តតាមរោងចក្រ សហគ្រាស និងសាលារៀន ។ល។”។
ដោយឡែក ពាក់ព័ន្ធនឹងវិធានការទី២វិញ សម្តេចក្រឡាហោម បានមានប្រសាសន៍ថា យើងអាចចេញឯកសារបញ្ជាក់អត្តសញ្ញាណ រឺ ឯកសារ ឯ.អ. តាមច្បាប់បោះឆ្នោត សម្រាប់អត្តសញ្ញាណបណ្ណដែលហួសសុពលភាព រឺបាត់ ប៉ុន្តែវិធានការនេះបានសម្រាប់តែអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការតែប៉ុណ្ណោះ។
ចំពោះវិធានការទី៣វិញ សម្តេចក្រឡាហោម បានបញ្ជាក់ថា ក្រសួងមហាផ្ទៃ នឹងសុំសេចក្តីសម្រេចពីរាជរដ្ឋាភិបាល ដើម្បីចេញអនុក្រឹត្យពន្យារសុពលភាពអត្តសញ្ញាណបណ្ណ ប៉ុន្តែសម្រាប់វិធានការនេះ នឹងមិនមានរយៈពេលវែងនោះទេ គឺពន្យារបានដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ ប៉ុណ្ណោះ ដែលផ្តោតជាសំខាន់គឺសម្រាប់ការបោះឆ្នោតថ្នាក់ជាតិ ហើយអត្តសញ្ញាណបណ្ណដែលបានពន្យារនេះ នឹងមិនអាចយកទៅប្រើប្រាស់ក្នុងករណីផ្សេងៗនោះទេ។
សូមរម្លឹកថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់រួចហើយថា អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ គឺជាឯកសារគតិយុត្តតែមួយគត់ ដែលអាចប្រើសម្រាប់ការបោះឆ្នោតថ្នាក់ជាតិ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ហើយអត្តសញ្ញាណបណ្ណដែលហួសសុពលភាព នឹងមិនអាចប្រើប្រាស់បាននោះទេ។ ក្រៅពីនេះគឺមានតែការស្នើសុំឯកសារបញ្ជាក់នៅតាមឃុំ-សង្កាត់ ដែលចេញដោយ គឃ.សប ទើបអាចបោះឆ្នោតបាន។
សូមបញ្ជាក់ផងដែរថា អត្តសញ្ញាណបណ្ណមានសារៈសំខាន់ណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋគ្រប់រូប គឺជាឯកសារដែលបង្ហាញពីការមានសិទ្ធិពេញលេញដើម្បីធ្វើសកម្មភាពនានា ដូចការធ្វើកិច្ចសន្យា ការធ្វើបណ្ណបើកបរ ការទទួលបានឈ្មោះជាកម្មសិទ្ធិករតាមរយៈផ្សេងៗ និងសិទ្ធិក្នុងការបោះឆ្នោត។ ដោយឡែកសម្រាប់រាជរដ្ឋាភិបាលវិញ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែររបស់បងប្អូនប្រជាពលរដ្ឋ នឹងជួយសម្រួលដល់ការងារតាមដាន គ្រប់គ្រងរាល់ទិន្នន័យបុគ្គលគ្រប់រូបដែលកាន់អត្តសញ្ញាណប័ណ្ណខ្មែរ (មិនថាជាជនបរទេស ឬជនជាតិខ្មែរ) ហើយងាយស្រួលក្នុងការធ្វើចំណាត់ការចំពោះបុគ្គលណាដែលប្រព្រឹត្តបទល្មើសដែលច្បាប់ហាមឃាត់ ព្រមទាំងសម្រួលដល់ការងារសម្រង់ស្ថិតិ និងជំរឿនជាដើម៕
Post a Comment