សម្តេចតេជោ ចេញសារ​សំឡេងពី​បញ្ហាសំបុត្រ​ចូល​មើលការប្រកួត​ស៊ីហ្គេម ពិសេស​បាល់ទាត់​

ភ្នំពេញ៖ ២ថ្ងៃ មុន​បើក​ព្រឹត្តិការណ៍​ស៊ីហ្គេម សម្តេចតេជោ ហ៊ុន សែន បានចេញសារ​សំឡេង ជូនជនរួមជាតិ ពាក់ព័ន្ធនឹងបញ្ហាសំបុត្រ​ចូលមើលការប្រកួតស៊ីហ្គេម ពិសេសបាល់ទាត់ និងពិធីបើក​ព្រឹត្តិការណ៍ស៊ីហ្គេម ថ្ងៃទី៥ឧសភា​ខាងមុខនេះ​។

បញ្ហានេះ សម្តេចតេជោ ហ៊ុន សែន សុំការយោគយល់ និងអធ្យាស្រ័យពីជនរួមជាតិ​ ដោយសារតែស្តាតចាស់ ( ស្តាបអូឡាំពិក ) ដាក់មនុស្ស​ត្រឹម ៣-៤ម៉ឺននាក់ ក្នុងពេលដែលមនុស្ស ចង់ចូលមើល ៣០ម៉ឺននាក់។​ ចំណែក​​ស្តាតថ្មី ( មរតកតេជោ ) អាចដាក់បាន ៦-៧ម៉ឺននាក់​ រីឯអ្នកចង់ចូលមើល មានដល់ទៅ ៥០ម៉ឺននាក់​។ ដូច្នេះអ្នកទទួល​បានសំបុត្រចូលមើល ក៏សប្បាយចិត្ត។ រីឯ​អ្នកមិនបានសំបុត្រចូលមើល ក៏រិះគន់​អ្នកចាត់ការ។

សម្តេចតេជោ ហ៊ុន សែន បន្ថែមថា «កន្លែងយើងតូច ឯអ្នកចង់​ចូលមើលច្រើន​។ ដូច្នេះ​បញ្ហានេះ យើងមិនអាចដោះស្រាយបានទេ​។ តែយើង ​បាន​រៀបចំ​ដាក់បញ្ចាំង​ស្លាយ​ ដើម្បីផ្សាយបន្តផ្ទាល់ពីព្រឹត្តិការណ៍ទាំងនោះ សម្រាប់បងប្អូន​មើល។ ការរៀបចំបញ្ចាំងស្លាយ តាមទីសាធារណៈនេះ មិនមែនមាន​តែតាម​រាជធានីខេត្តទេ គឺមាននៅតាមស្រុកក្រុងខណ្ឌ តាមឃុំ និងនៅតាមវត្តថែមទៀត​។ ដូច្នេះសុំការយោគយល់ម្តងទៀត ដែល​រាជរដ្ឋាភិបាល មិនមានលទ្ធភាពដោះស្រាយ​បាន លើបញ្ហានេះ»។

សម្តេចតេជោ ហ៊ុន សែន បន្ថែមថា បញ្ហានេះ កើតឡើង មិនត្រឹមតែកម្ពុជាទេ។ នៅប្រទេសគេ ក៏ដូចគ្នា។ នៅប្រទេសគេ អ្នកទិញបានសំបុត្រចូលមើល សប្បាយចិត្ត។ រីឯអ្នកតិញមិនបាន ក៏មិនសប្បាយចិត្ត។​ នៅស្រុកយើង យើងចែកសំបុត្រដោយឥតគិតថ្លៃ​ ហើយទីកន្លែងយើង តូច​។ ដូច្នេះយើង​មិនអាចដាក់លើស​ចំណុះបានទេ។

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសអំពាវនាវ​ដល់អ្នកទទួលបានសំបុត្រចូលមើលផ្ទាល់​ហើយ សូមទៅមើលដោយផ្ទាល់ ជៀសវាង​អ្នកមិនបានសំបុត្រ ចង់ទៅមើល តែមិន​អាចចូលមើល​បាន ដោយសារតែមិនមានសំបុត្រ​។

សម្តេចតេជោ​ ហ៊ុន សែន ក៏បាន​ប្រកាសអំពាវនាវជាថ្មី សុំឱ្យជនរួមជាតិយោគយល់ ហើយ​រក្សានូវភាពថ្លៃថ្នូរ និងបញ្ឈប់ការវាយប្រហារ​លើការចែកសំបុត្រ​ ដើម្បីកុំឱ្យប៉ះពាល់ដល់​ការប្រឹងប្រែង​របស់អ្នករៀបចំ​​។

ដូច្នេះសម្តេចតេជោ រំពឹងថា បងប្អូនជនរួមជាតិ នឹងមានការយោគយល់​ ដោយសារតែ​ចំនួន​អ្នកចង់ចូលមើល​ច្រើនជាងកន្លែង ដែលយើងអាចផ្ទុកមនុស្ស​។ អ្នកចង់ចូលមើល មាន​ដល់ទៅ ៥០ម៉ឺននាក់ ខណៈដែល​កន្លែងយើង អាចដាក់មនុស្ស​បានត្រឹមតែ ៦-៧ម៉ឺននាក់ប៉ុណ្ណោះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសអំពាវនាវដល់អាជ្ញាធរសមត្ថកិច្ច រៀបចំការបញ្ចាំងស្លាយ​ ផ្សាយបន្តផ្ទាល់ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម ពិសេសបាល់ទាត់ និងពីពិធីបើកស៊ីហ្គេម នាថ្ងៃទី៥ឧសភា​ ឱ្យបានច្រើនកន្លែង ដើម្បីឱ្យប្រជាពលរដ្ឋ បានទស្សនាពីព្រឹត្តិការណ៍ទាំងនេះ ​ឱ្យ​បានគ្រប់​ៗ​គ្នា​៕

Powered by Blogger.