ជប៉ុនសន្យាពង្រឹងវិស័យសេដ្ឋកិច្ច និងចង់មានទំនាក់ទំនងស្ថិរភាពជាមួយចិន
នាយករដ្ឋមន្រ្តីជប៉ុនលោកហ្វូមីអូ គីស៊ីដាបានបង្ហាញក្នុងថ្ងៃចន្ទ ទី២៣ តុលានូវវិធានការអាទិភាពមួយចំនួននៅក្នុងផែនការផ្តល់សន្ទុះសេដ្ឋកិច្ចឡើងវិញ។ ទាក់ទងនឹងនយោបាយការបរទេសត្រូវបានលោកគីស៊ីដាផ្តោតសំខាន់លើទំនាក់ទំនងជាមួយប្រទេសចិន និងកូរ៉េខាងជើង។ លោកគីស៊ីដាបានថ្លែងយ៉ាងដូចនេះនៅក្នុងសភា និងបានធ្វើឡើងចំពេលដែលប្រជាប្រិយភាពរបស់លោកកំពុងធ្លាក់ចុះ។
មានអាយុ ៦៦ឆ្នាំ និងបានចូលកាន់អំណាចតាំងពីខែតុលា ឆ្នាំ ២០២១ នាយករដ្ឋមន្រ្តីជប៉ុនលោកហ្វូមីអូ គីស៊ីដាបានឃើញកម្រិតប្រជាប្រិយភាពរបស់លោកធ្លាក់ចុះខ្លាំងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ប្រជាប្រិយភាពធ្លាក់ចុះខ្លាំងមិនមែនប៉ះពាល់ត្រឹមតំណែងលោកជាប្រមុខរដ្ឋាភិបាលប៉ុណ្ណោះទេ តែក៏ប៉ះពាល់ផងដែរដល់តំណែងលោកជាប្រធានគណបក្សប្រជាធិបតេយ្យសេរី ខណៈដែលការបោះឆ្នោតជ្រើសរើសប្រធានថ្មីរបស់គណបក្សគ្រោងរៀបចំនៅឆ្នាំ ២០២៤ ខាងមុខ។ ដូច្នេះសម្រាប់លោកគីស៊ីដា វាជារឿងបន្ទាន់ដែលលោកត្រូវរកមធ្យោបាយដើម្បីស្តារប្រជាប្រិយភាពរបស់លោកឡើងវិញ។
« សេដ្ឋកិច្ច សេដ្ឋកិច្ច សេដ្ឋកិច្ច។ សេដ្ឋកិច្ចជាវិស័យសំខាន់ជាងគេ និងជាអាទិភាពរបស់ខ្ញុំ » នេះជាពាក្យ និងឃ្លាដែលលោកគីស៊ីដាបាននិយាយច្រើនដងនៅក្នុងសុន្ទរកថាដែលលោកបានថ្លែងនៅក្នុងសភានាថ្ងៃចន្ទ ទី២៣ តុលា។ ការដែលលោកគីស៊ីដាបានឲ្យអាទិភាពលើវិស័យសេដ្ឋកិច្ចមិនមែនជារឿងចៃដន្យទេព្រោះជាវិស័យមួយដែលលោកធ្លាប់ទទួលបានជោគជ័យ និងចង់ផ្តល់សន្ទុះថែមទៀត។ គួរបញ្ជាក់ថា តាំងពីច្រើនសប្តាហ៍ដែលរដ្ឋាភិបាលរបស់លោកគីស៊ីដាបានរៀបចំផែនការថ្មីមួយដើម្បីផ្តល់សន្ទុះសេដ្ឋកិច្ចដែលកំពុងទទួលផលវិបាកពីកំណើនអតិផរណា។
មានវិធានការអាទិភាពចំនួន ៣ចំណុចដែលលោកគីស៊ីដាបានដាក់បញ្ចូលនៅក្នុងផែនការថ្មីនោះ ទី១ កាត់បន្ថយការយកពន្ធពីប្រជាជន ទី២ ដំឡើងប្រាក់ខែ និងទី៣ ជំរុញឲ្យរោងចក្រ សហគ្រាសបង្កើនការវិនិយោគ។ ទន្ទឹមគ្នានេះ លោកគីស៊ីដាបានបន្ថែមថាក្នុងរយៈពេល ២ ឬ៣ឆ្នាំខាងមុខ រដ្ឋាភិបាលនឹងពង្រឹងវិធានការគាំទ្រដែលចូលរួមជួយពង្រឹងសមត្ថភាពផ្គត់ផ្គង់របស់ជប៉ុនដោយផ្តោតសំខាន់លើការវិនិយោគនៅក្នុងវិស័យដែលជាប់ពាក់ព័ន្ធនឹងសន្តិសុខជាតិ ពិសេសក្នុងផ្នែកសឺមីកុងឌុចទ័រ។ ទាក់ទងនឹងនយោបាយការបរទេសត្រូវបានលោកគីស៊ីដាសង្កត់ធ្ងន់លើចិន និងកូរ៉េខាងជើង។
ជាមួយចិន លោកគីស៊ីដាចង់មានទំនាក់ទំនងស្ថិរភាព និងប្រកបដោយការស្ថាបនា។ តែលោកបានឆ្លៀតអំពាវនាវចិនឲ្យលើកចេញវិញនូវការហាមនាំចូលគ្រឿងសមុទ្រពីជប៉ុន។ គួររម្លឹកថា ចិនបានព្យួរការនាំចូលគ្រឿងសមុទ្រពីជប៉ុនតាំងពីដំណាច់ខែសីហាដោយសារជប៉ុនបានសម្រេចបង្ហូរទឹកពីមជ្ឈមណ្ឌលនុយក្លេអែរហ៊្វូគូស៊ីម៉ាចូលសមុទ្រ។ ជាមួយកូរ៉េខាងជើង លោកគីស៊ីដាចង់ជួបលោកគីម ជុងអុនដើម្បីដោះស្រាយរឿងជនជាតិជប៉ុនដែលភ្នាក់ងារកូរ៉េខាងជើងបានចាប់ក្នុងសម័យសង្រ្គាមលោកលើកទី២៕
Post a Comment