នាម​ជាប្រធានអាស៊ានប្ដូរវេន កម្ពុជា​ដាក់​ចេញ​គោលដៅយុទ្ធសាស្ត្រ​បន្ថែម​ចំនួន ៤ ដើម្បីស្ដារ​សេដ្ឋកិច្ច​អាស៊ាន​ក្រោយ​កូវីដ១៩

ពិភព​លោក ក៏​ដូច​អាស៊ាន បាន​រង​គ្រោះ​យ៉ាង​ធ្ងន់ធ្ងរ​ពីវិបត្តិ​កូវីដ១៩​ទៅ​លើ​សង្គម​ និង​សេដ្ឋកិច្ច​អាស៊ាន។ ក្រោយ​ពី​ទទួល​បាន​ភាព​ស្រាកស្រាន្ត​ពី​​ការ​គំរាម​របស់​កូវីដ១៩ អាស៊ាន បាន​ធ្វើ​កិច្ច​ការ​រួម​គ្នា​ជា​ច្រើន ដើម្បី​ដោះស្រាយ​នូវវិបត្តិកូវីដ១៩ កាត់​បន្ថយផលប៉ះពាល់ មក​លើ​សង្គម​សេដ្ឋកិច្ច។ ក្នុង​​នាម​ជា​ប្រធាន​ប្ដូរវេន​របស់​អាស៊ាន ២០២២ កម្ពុជា បាន​សម្រេច​ដាក់​គោលដៅយុទ្ធសាស្ត្រ​៤បន្ថែម។

នេះ​បើ​តាម​សុន្ទរកថា​របស់ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជណាចក្រ​កម្ពុជា នៅ​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​កំពូល​ធុរកិច្ច និង​វិនិយោគ​អាស៊ាន ២០២២ ក្រោម​មូលបទ "អាស៊ាន​រួម​គ្នា​ធ្វើ ដោះស្រាយ​បញ្ហា​ប្រឈម​ទាំង​អស់​គ្នា​" នា​ព្រឹក​ថ្ងៃ​ទី ១០ វិច្ឆិកា​នេះ។

តាម​សម្ដេច​តេជោ ​ប្រធានបទ​នៃ​កិច្ច​ប្រជុំ​កំពូល​នេះ មាន​លក្ខណៈស្រប​ទៅ​នឹង​មូលបទ​របស់​កម្ពុជា ក្នុង​នាម​ជា​ប្រធាន​អាស៊ាន ក្នុង​គោល​បំណង​ពន្លឿន និង​សម្រប​សម្រួល នូវ​កិច្ច​ខិតខំ​ជារួម​របស់​អាស៊ាន ដើម្បី​ធ្វើ​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅនូវ​របៀបវារៈសមាហរណកម្ម​សេដ្ឋកិច្ច និង​ការ​កសាង​ឡើង​វិញ​ប្រកប​ដោយ​បរិយាបន្ន ភាព​ប្រកួត​ប្រជែង ភាព​ធន់​រឹង​មាំ និង​សមធម៌ ក្រោយ​វិបត្តិ​កូវីដ១៩។

ជិត ៣ឆ្នាំ​មក​នេះ អាស៊ាន បាន​ខិតខំ​រួម​គ្នា​អត់ស្រាកស្រាន្ត ក្នុង​ការ​ដាក់​ចេញ​នូវ​វិធានការណ៍ គោល​នយោបាយ និង​គំនិត​ផ្ដួចផ្ដើម​នានា ដើម្បី​ដោះស្រាយ​នូវវិបត្តិកូវីដ១៩ កាត់​បន្ថយផលប៉ះពាល់ មក​លើ​សង្គម​សេដ្ឋកិច្ច។ ជា​ពិសេស​បាន​ដាក់​ចេញ​នូវ​ក្របខណ្ឌ​ស្ដារ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយរបស់អាស៊ាន សំដៅអភិវឌ្ឍ​វិស័យឌីជីថលក្នុងអាស៊ាន និង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​បរិយាកាសធុរកិច្ច និង​វិនិយោគ ព្រម​ជាមួយកិច្ចសម្រួលពាណិជ្ជកម្មនានា ដើម្បី​ស្ដារឡើងវិញពីវិបត្តិកូវីដ១៩។

តាមការ​វាយ​តម្លៃ និង​ព្យាករណ៍របស់ការិយាល័យ ស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ច​អាស៊ានបូក៣ សេដ្ឋកិច្ច​អាស៊ាន បាន និង​កំពុង​ងើប​ឡើងវិញ​ជាមួយ​នឹង​ការ​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​ក្នុង​អត្រា ៣,១% ឆ្នាំ ២០២១ និង​សង្ឃឹម​ថា នូវកំណើន ៥,៣% និង ៤,៩% ឆ្នាំ ២០២២ និង ២០២៣រៀង​គ្នា។

នាម​ជា​ប្រធានអាស៊ានប្ដូរវេន ២០២២ កម្ពុជា ក៏បាន​កំណត់​បន្ថែម​នូវ​គោលដៅយុទ្ធសាស្ត្រ​ចំនួន ៤ ក្រោម​សរសេរស្ដម្ភ​សហគមន៍សេដ្ឋកិច្ចអាស៊ាន​រួម​មាន៖

១.ការ​ពង្រឹងការតភ្ជាប់​ឌីជីថល វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ២.ការ​កត់​បន្ថយ​គម្លាតភាព​អភិវឌ្ឍ ដើម្បី​ភាព​ប្រកួត​ប្រជែង​របស់​អាស៊ាន ៣.ជំរុញសមាហរណកម្ម​បរិយាបន្ន​ភាពធន់ និង​ភាព​ប្រកួត​ប្រជែង​របស់​អាស៊ាន​ឲ្យខ្លាំង​ជាង​មុន ៤.អាស៊ាន​ជា​សាកល សម្រាប់​ភាព​រីកចម្រើន និង​ការ​អភិឌ្ឍន៍​សំដៅ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ឡើង​វិញ​ប្រកប​ដោយ​ចីរភាព បរិយាបន្ន និង​ភាពធន់​ផង​ដែរ៕

Powered by Blogger.