អង្គការសហប្រជាជាតិកំណត់ចំនួនប្រជាជនពិភពលោកកើនលើសពី ៨ពាន់លាននាក់
អង្គការសហប្រជាជាតិបានកំណត់ពិភពលោកថា មានចំនួនមនុស្សលើសពី ៨ពាន់លាននាក់កាលពីថ្ងៃអង្គារ។ ជាសកលការកំណត់ដ៏សំខាន់នៃចំនួនប្រជាជន ៨ពាន់លាននាក់បានបង្ហាញថា ១ពាន់លាននាក់ត្រូវបានបន្ថែមនៅលើភពផែនដីក្នុងរយៈពេលត្រឹមតែ ១១ឆ្នាំចុងក្រោយនេះ។
កំណើនដែលមិនធ្លាប់មានពីមុនមកនៃចំនួនប្រជាជនពិភពលោក គឺបណ្តាលមកពីនិន្នាការស្របគ្នាចំនួនពីរ។ ម្យ៉ាងវិញទៀត ការកើនឡើងបន្តិចម្តងៗនៃអាយុវែងជាមធ្យមរបស់មនុស្ស ដោយសារតែភាពរីកចំរើនយ៉ាងទូលំទូលាយនៃសុខភាពសាធារណៈ និងអាហារូបត្ថម្ភ អនាម័យផ្ទាល់ខ្លួន និងឱសថ។ លោកស្រី Maria Spatolisano ជំនួយការអគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការសម្របសម្រួលគោលនយោបាយនិយាយថា មានកម្រិតខ្ពស់នៃការបន្តឲ្យមានកូននៅក្នុងប្រទេសជាច្រើន។ អ្នកជំនាញនិយាយថា សម្ពាធធនធាននឹងធ្វើឲ្យមានការទទួលបន្ទុកដ៏ធ្ងន់ ជាពិសេសនៅក្នុងបណ្តាប្រទេសតំបន់អាហ្វ្រិក ដែលចំនួនប្រជាជនត្រូវបានគេរំពឹងថានឹងកើនឡើងខ្ពស់។ ទាំងនេះក៏ស្ថិតក្នុងចំណោមប្រទេសដែលងាយរងគ្រោះបំផុតពីផលប៉ះពាល់អាកាសធាតុ ហើយភាគច្រើនត្រូវការហិរញ្ញប្បទានអាកាសធាតុ។
យោងតាមវិទ្យាស្ថានសេដ្ឋកិច្ច និងសន្តិភាពបានឲ្យដឹងថា នៅអនុតំបន់សាហារ៉ាអាហ្វ្រិក ជាកន្លែងដែលមនុស្សប្រមាណ ៧៣៨លាននាក់រស់នៅដោយពុំមានការផ្គត់ផ្គង់អាហារគ្រប់គ្រាន់ ដែលចំនួនប្រជាជនត្រូវបានគេព្យាករណ៍ថានឹងកើនឡើង ៩៥% នៅពាក់កណ្តាលសតវត្សរ៍។ លោកស្រីនិយាយថា កំណើនប្រជាជនពិភពលោកភាគច្រើននឹងកើនឡើងកាន់តែច្រើន ក្នុងចំណោមប្រទេសក្រីក្របំផុតរបស់ពិភពលោក។ ប្រទេសមានចំណូលមធ្យមភាគច្រើននៅអាស៊ីមានចំនួនភាគច្រើននៃកំណើននេះ ដោយទទួលបានប្រជាជនប្រហែល ៧០០លាននាក់ចាប់តាំងពីឆ្នាំ២០១១។ ឥណ្ឌាបានបន្ថែមប្រជាជនប្រហែល ១៨០លាននាក់ ហើយនឹងកើនលើសប្រទេសចិន ជាប្រទេសដែលមានប្រជាជនច្រើនជាងគេលើពិភពលោកនៅឆ្នាំក្រោយ។ ទោះជាយ៉ាងណាកំណើតបានធ្លាក់ចុះជាលំដាប់នៅសហរដ្ឋអាមេរិក អឺរ៉ុប និងជប៉ុន។ ចិនក៏បានព្យាយាមដោយមានកម្មវិធីគោលនយោបាយកូនតែមួយរបស់ខ្លួន ហើយកាលពីឆ្នាំមុនបានជំរុញឱ្យគ្រួសារមានកូនទីពីរ និងទីបី ខណៈបានដាក់កំហិតផងដែរនៃលទ្ធភាពនៃការរំលូតកូន ដោយមិនប្រើប្រាស់ក្បួនវេជ្ជសាស្ត្រ៕
Post a Comment