កូរ៉េខាងត្បូង ឯកភាពគ្នាជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២ ជាពិសេសការមិនយកពន្ធជាន់គ្នា

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាន បាននិងកំពុងដឹកនាំដំណើរការកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ សម្តេចតេជោ បានទទួលជួបលោកប្រធានាធិបតីកូរ៉េខាងត្បូង យូន ស៊ុក យុល(Yoon Suk- yeol )នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកានេះ ដើម្បីពិភាក្សាគ្នាពាក់ព័ន្ធទៅលើកិច្ចការតំបន់ អន្តរជាតិ ជាពិសេសកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំង២។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានឱ្យដឹងថា នៅក្នុងជំនួបនោះ ថ្នាក់ដឹក នាំទាំងពីរ​បានពិភាក្សាគ្នាលើបញ្ហាតំបន់ផង​ និងបញ្ហាទ្វេភាគីផង។

ឯកឧត្តមប្រធានាធិបតីកូរ៉េខាងត្បូង ក៏បានសម្ដែងនូវការគាំទ្រចំពោះមជ្ឈភាពអាស៊ាន និង​បាន​សម្ដែងនូវការពេញចិត្តជាមួយនឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា ​ជាពិសេសលើវិស័យពាណិជ្ជកម្ម ​ការវិនិយោគ ​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​និងរដ្ឋាភិបាល​ វិស័យឯកជន ទំនាក់ទំនង​រវាងប្រជាជន និងប្រជាជន​ដែលក្នុងរយៈពេល​ត្រឹមតែ២៥ឆ្នាំប៉ុណ្ណោះ​ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ​បានកើនឡើង​ជាង២០ ដង។ក្នុងន័យនេះ ​ឯកឧត្តម Yoon Suk- yeol ​បានជម្រាបជូនសម្ដេចតេជោថា​ កូរ៉េ ចាត់ទុកការអភិវឌ្ឍ​របស់​កម្ពុជា​ដោយចីរភាព។

ក្នុងន័យនេះ​ជំនួយ​ក្រៅប្រទេសរបស់កូរ៉េមកកាន់កម្ពុជា​មាន​ការកើនឡើង​ទ្វេដង​សម្រាប់​ជួយ​ដល់កម្ពុជា​ដល់ការអភិវឌ្ឍ​ហើយកូរ៉េនឹងជំរុញឲ្យអ្នកវិនិយោគទុន​កូរ៉េមក​កម្ពុជា​កាន់តែច្រើនឡើង​ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ​និងទំនាក់ទំនង​រវាងប្រទេសទាំងពីរបន្ថែម​ទៀត ជាពិសេសដើម្បីក្តាប់យកឱកាសនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសទាំងពីរ​គឺ​ការមិនយកពន្ធជាន់គ្នារវាងប្រទេសទាំងពីរ៕


Powered by Blogger.