សម្តេចតេជោ ហ៊ុន សែន ផ្តល់អាហារូបករណ៍រាប់ពាន់កន្លែង លើជំនាញឌីជីថល នៅឆ្នាំ២០២៣

កម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ គ្រោងនឹងផ្តល់អាហារូបករណ៍ជាច្រើនកន្លែងនៅឆ្នាំ២០២៣ លើជំនាញឌីជីថល។ នេះបើតាមការបញ្ជាក់របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។
«អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ – Techo Digital Talent Scholarship» ជាអាហារូបករណ៍ដែលផ្តល់ដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រោមការយកចិត្តទុកដាក់ជាប្រចាំលើការកសាងធនធានមនុស្សឆ្នើម និងអនាគតយុវជន យុវនារី ក្នុងយុគសម័យ ឌីជីថល។ កម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ នឹងផ្ដល់ជូនដូចខាងក្រោម៖

ទី១- ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំនួន៣០០-៥០០នាក់ នៅគ្រឹះស្ថានអប់រំក្នុងប្រទេស និងក្រៅប្រទេស។ ទី២- វគ្គបណ្តុះបណ្តាលអ្នកជំនាញឌីជីថល រយៈពេល៣ខែទៅ១ឆ្នាំ ចំនួន១០០០-២០០០នាក់។ ទី៣- វគ្គបណ្តុះបណ្តាលមន្ត្រីរាជការលើជំនាញឌីជីថល សម្រាប់បង្កើនប្រសិទ្ធភាពការងារ ចំនួន២០០០-៥០០០នាក់។
យ៉ាងណាមិញ ចំពោះព័ត៌មានបន្ថែមពាក់ព័ន្ធនឹងការដាក់ពាក្យស្នើសុំអាហារូបករណ៍ខាងលើ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងជូនដំណឹងជាបន្តបន្ទាប់នាពេលខាងមុខ។
ស្របជាមួយគ្នានេះដែរ ថ្លែងក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់សហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំ២០២២ ម្សិលមិញ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍ជំរុញឱ្យមានការបណ្ដុះបណ្តាលធនធានមនុស្សជំនាញ ជាពិសេស លើជំនាញបច្ចេកវិទ្យាឌីជីថល និងដោយពិនិត្យឃើញពីភាពជោគជ័យ នៃកម្មវិធីអាហារូបករណ៍ ព្រមទាំងដើម្បីផ្ដល់ឱកាសដល់សិស្សបញ្ចប់ការសិក្សានៅវិទ្យាល័យ មន្ត្រីរាជការ បុគ្គលិកស្ថាប័នរដ្ឋ និងឯកជន និងសាធារណជន ឱ្យទទួលបាននូវចំណេះដឹង និងការពង្រឹងសមត្ថភាពបន្ថែមទៀត លើជំនាញបច្ចេកវិទ្យាឌីជីថល។
«អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ» បានផ្ដល់តាមរយៈ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល តាំងពីឆ្នាំ២០២០ មកម៉្លេះ។ កន្លងមកកម្មវិធីអាហារូបករណ៍នេះ បានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ដោយទទួលបានសិស្សចំនួន២៥០នាក់ ជ្រើសរើសចេញពីសិស្សឆ្នើមទូទាំងប្រទេស៕
Powered by Blogger.