អបអរខួប១៩ឆ្នាំនៃការដាក់បញ្ចូលរបាំព្រះរាជទ្រព្យ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានសម្តែងការអបអរសាទរខួប១៩ឆ្នាំ នៃការដាក់បញ្ចូលរបាំព្រះរាជទ្រព្យក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់​អង្គការយូណេស្កូ(៧ វិច្ឆិកា ២០០៣-៧ វិច្ឆិកា ២០២២) ​ខណៈសិល្បករ-សិល្បការិនីនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាច្រើននាក់បាននិងកំពុងហាត់សមនូវរបាំព្រះរាជទ្រព្យនេះ ដើម្បីត្រៀមសម្តែង​បើកមហោស្រពវប្បធម៌អាស៊ាន ក្នុងស្មារតីសាមគ្គី ដើម្បីសន្តិភាព និងដើម្បីស្វាគមន៍កិច្ចប្រជុំ​អាស៊ាន​លើកទី៤០​ និងលើកទី៤១ដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះនោះ។

តាមរយៈទំព័រហ្វេសផ្ទាល់ នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន បានសម្ដែងនូវការអបអរសាទរខួប១៩ឆ្នាំ នៃការដាក់បញ្ចូលរបាំព្រះរាជទ្រព្យ​កម្ពុជា ​ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ​របស់អង្គការយូណេស្កូ -០៧ វិច្ឆិកា ២០០៣- ០៧ វិច្ឆិកា ២០២២។

ជាមួយនិងខួបលើកទី១៧ឆ្នាំនេះនៃការដាក់បញ្ចូលរបាំព្រះរាជទ្រព្យក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃ​មនុស្សជាតិនេះដែរ សិល្បករ-សិល្បការិនីនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានកំពុងហាត់​សមត្រៀមសម្តែងនូវរបាំព្រះរាជទ្រព្យផងដែរ ​ក្នុងទិសដៅដើម្បីអបអរសាទរ ដែលព្រះរាជាណាចក្រ​កម្ពុជា ​ធ្វើជាម្ចាស់ផ្ទះបើកកិច្ចប្រជុំអាស៊ានលើកទី៤០ និង៤១ ​និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នឹង​ធ្វើឡើង​ពីថ្ងៃទី១០-១៣ ខែវិចិ្ឆកាខាងមុខនេះ។

សូមរលឹកថា«បាំព្រះរាជទ្រព្យ» របស់កម្ពុជា ត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌​អរូបី​នៃមនុស្សជាតិ នៅទីក្រុងអ៊ីស្តង់ប៊ុល ​ប្រទេសតួកគី។ «របាំព្រះរាជទ្រព្យ» គឺជាសម្បត្តិបេតិកភណ្ឌ​ដ៏​មានតម្លៃមិនអាចកាត់ថ្លៃបាន របស់ព្រះរាជាណាចក្រកម្ពុជាតែមួយគត់ ដែលបានថែរក្សា​នាដកម្ម​បុរាណ​មួយនេះ អស់រយៈពេលដ៏យូរលង់ណាស់មកហើយ។

របាំក្បាច់ខ្មែរបុរាណ ឬរបាំព្រះរាជទ្រព្យនេះ ​មានភាពល្បីល្បាញខាងមានកាយវិកាទន់ភ្លន់ គួរ​ឱ្យចង់គយគន់ និង មានទ្រង់គ្រឿងចាំងភ្លឺផ្លេកៗ។ ​របាំព្រះរាជទ្រព្យ របាំក្បាច់បុរាណខ្មែរ ជា​ប្រភេទរបាំ ដែលនាដករ ប្រើចលនាកាយវិកា ក្បាច់ និង ​មនោសញ្ចោតនា យ៉ាងប៉ិនប្រសប់​ទៅតាមការវិវត្តនៃសាច់រឿង ​ដែលរៀបរាប់បញ្ជាក់ដោយទំនុកច្រៀង ​នៃក្រុមចម្រៀង ជាពួក ដែល​មានតួនាទីច្រៀងជូនរបាំនេះ ​ជាមួយនឹងវង់ភ្លេងពិណពាទ្យ ដែលមានតួនាទីប្រគុំជូន​របាំនេះ​ផងដែរ៕

Powered by Blogger.