សម្ដេចតេជោ ហ៊ុន សែន អញ្ជើញធ្វើសន្និសីទសារព័ត៌មាន បង្ហាញលទ្ធផលសំខាន់ៗ នៃកិច្ចប្រជុំកំពូលអាស៊ានទី៤០,៤១

នៅវិមានសន្តិភាព រសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានប្តូរវេន ឆ្នាំ២០២២ បានអញ្ជើញធ្វើសន្និសីទសារព័ត៌មាន បង្ហាញអំពីលទ្ធផលជុំវិញកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០,៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលធ្វើជាម្ចាស់ផ្ទះ។សន្និសីទសារព័ត៌មាននេះផងដែរ មានការចូលរួមពីបណ្ដាញអ្នកសារព័ត៌មានជាតិ និងអន្តរជាតិប្រមាណជាង៥០ស្ថាប័ន។

ជាកិច្ចចាប់ផ្ដើម សម្តេចតេជោនាយករដ្ឋមន្ត្រី និងក្នុងនាមជាប្រធានអាស៊ាន សម្តេចបានសម្តែងការពេញចិត្តចំពោះដំណើរការកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២នេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលបានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយភាពជោគជ័យ។ ក្នុងនោះ សម្ដេចក៏បានអរគុណដល់បណ្ដាមេដឹកនាំអាស៊ានទាំវអស់ និងប្រទេសជាដៃគូ អង្គការអន្តរជាតិនានា ដែលបានអញ្ជើញធ្វើដំណើរមកកាន់ប្រទេសកម្ពុជានារយៈពេលនៃកិច្ចប្រជុំនេះ។

សម្តេចតេជោក៏បានថ្វាយនូវភាពជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ាននេះ ថ្វាយព្រះមហាក្សត្រ និងសម្តេចម៉ែ និងប្រជាជនកម្ពុជាទាំងអស់ផងដែរ។ ទាក់ទងទៅនឹងដំណើរការនៃការរៀបចំកិច្ចប្រជុំ សម្តេចតេជោក៏បានថ្លែងនូវការកោតសរសើរចំពោះកម្លាំងសន្តិសុខ សមត្ថកិច្ចកម្ពុជា ដែលបានការពារសន្តិសុខសុវត្ថិភាព សម្រាប់មេដឹកនាំអាស៊ាន ដែលមកចូលរួមកិច្ចប្រជុំនៅកម្ពុជាបានយ៉ាងល្អ និងមានសុវត្ថិភាព។
សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរផងដែរ ចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិដែលបានខិតខំប្រឹងប្រែងក្នុងការរៀបចំដំណើរការកិច្ចប្រជុំនេះរហូតទទួលបាននូវភាពជោគជ័យយ៉ាងត្រចះត្រចង់នាពេលនេះ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា មានមូលហេតុ២ ដែលធ្វើឱ្យមេដឹកនាំសំខាន់ៗមកប្រជុំនៅកម្ពុជាបានដោយសារ ទី១)កត្តាសុខសន្តិភាពនៅកម្ពុជា ទី២)ការគ្រប់គ្រងកូវីដ-១៩ល្អប្រសើរ។
សម្ដេចតេជោបានមានប្រសាសន៍ថា នេះជាភាពជោគជ័យលើកទី៣ ព្រោះកម្ពុជាបានទទួលរៀបចំកិច្ចប្រជុំអាស៊ានចំនួន៣លើករួចមកហើយ គឺកាលពីឆ្នាំ២០០២ ឆ្នាំ២០១២ និងឆ្នាំ២០២២នេះ ក៏ប៉ុន្តែសម្តេចតេជោបានប្រកាសថា សម្តេចមិនអាចឈានឆ្ពោះទៅធ្វើជាប្រធានអាស៊ានលើកទី៤ទេ នៅឆ្នាំ២០៣៣ ព្រោះពេលនោះសម្ដេចមានអាយុជាង ៨០ឆ្នាំទៅហើយ។
នៅក្នុងសន្និសីទសារព័ត៌មាននេះផងដែរ សម្តេចតេជោ ហ៊ុន សែនបានមានប្រសាសន៍បញ្ជាក់អំពីរឿងកាដូរជាកាដូនាឡិកាដៃ ដែលសម្ដេចបានផ្ដល់ទៅឲ្យថ្នាក់ដឹកនាំអាស៊ាន គឺក្នុងគោលបំណងបង្ហាញពីអ្វីដែលខ្មែរធ្វើបានពីព្រោះនាឡិកាដែលសម្តេចបានផ្ដល់ទៅឲ្យថ្នាក់ដឹកនាំអាស៊ាននោះ គឺផលិតនៅកម្ពុជាសុទ្ធសាធ ពោលគឺសម្តេចចង់បញ្ជាក់ប្រាប់បរទេសថា ពេលនេះកូនខ្មែរមានលទ្ធភាពផលិតនាឡិកាខ្មែរជូនដល់មេដឹកនាំអាស៊ានបាន។ សម្តេចតេជោក៏បានបង្ហើបថា នាឡិកាអនុស្សាវរីយ៍ជូនជាកាដូដល់មេដឹកនាំអាស៊ាន មានតម្លៃប្រមាណ២ម៉ឺនដុល្លារក្នុង១គ្រឿង។
ថ្លែងទៅកាន់អ្នកសារព័ត៌មានពាក់ព័ន្ធទៅនឹងរឿងអ៊ុយក្រែន សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាមិនមានការបញ្ជូនកងទ័ព ឬផ្តល់ជំនួយយោធាទៅជួយអ៊ុយក្រែននោះទេ គឺគ្រាន់តែចូលរួមជាមួយជប៉ុន ក្នុងការជួយបណ្តុះបណ្តាលការដោះមីនដល់អ៊ុយក្រែនតែប៉ុណ្ណោះ។ សម្តេចតេជោក៏បានសម្តែងនូវការសោកស្តាយដែលរដ្ឋមន្ត្រីការបរទេសរុស្ស៉ី និងរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន មិនបានជួបគ្នានៅកម្ពុជា ដើម្បីរកដំណោះស្រាយណាមួយនោះ។
សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ថា ជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ជាកិត្យានុភាពរបស់កម្ពុជា ដែលទុកសម្រាប់កូនចៅជំនាន់ក្រោយ៕






Powered by Blogger.