សៀវភៅជាភាសាអង់គ្លេសមានចំណងជើងថា "Hun Sen-War & Peace In Cambodia And Southeast Asia” ចំនួន ១ ០០០ ច្បាប់ ត្រូវបានប្រគល់ជូនក្រសួងព័ត៌មាន

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានទទួលសៀវភៅជាភាសាអង់គ្លេស ដែលមានចំណងជើងថា "Hun Sen-War & Peace in Cambodia and Southeast Asia” ចំនួន ១ ០០០ ច្បាប់ ពី ឯកឧត្តម ឆាយ សុផល អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងជាអ្នកនិពន្ធសៀវភៅ ។ ការប្រគល់ និងទទួលសៀវភៅនេះ បានធ្វើឡើង នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងព័ត៌មាន។

ឯកឧត្តម ឆាយ សុផល បានជម្រាបជូនថា សៀវភៅដែលយកមកប្រគល់ជូនដល់ ឯកឧត្តម រដ្ឋមន្រ្តី ក្រសួងព័ត៌មាន សរុប ចំនួន ១ ០០០ ច្បាប់ ជាភាសាអង់គ្លេស ក្នុងនោះ សៀវភៅស្តីពីជីវប្រវត្តិរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាភាសាអង់គ្លេស មានចំណងជើងថា "Hun Sen-War & Peace in Cambodia and Southeast Asia” ដែលមានន័យជាភាសាខ្មែរថា "ហ៊ុន សែន - សង្គ្រាម និង សន្តិភាព នៅកម្ពុជា និងអាស៊ីអាគ្នេយ៍” ជាស្នាដៃនិពន្ធដោយ ឯកឧត្តម ឆាយ សុផល ចំនួន ៥០០ ច្បាប់ ។ ឯកឧត្ដមបន្ដថា សម្រាប់សៀវភៅ ៥០០ ច្បាប់ទៀត មានចំណងជើងថា «The Prime Minister’s Eldest Son journey Towards Turn Hun Manet» កូនប្រុសច្បងនាយករដ្ឋមន្រ្តី ដំណើរឆ្ពោះទៅបន្តវេន ។

ឯកឧត្តម ឆាយ សុផល បានបញ្ជាក់ថា សៀវភៅស្តីពី “ Hun Sen-War & Peace in Cambodia and Southeast Asia” បានសរសេររៀបរាប់អំពីសង្គ្រាម និងសន្តិភាព នៅកម្ពុជា និងអាស៊ីអាគ្នេយ៍ ហើយសម្រាប់ការបកប្រែពីភាសាខ្មែរ មកជាភាសាអង់គ្លេសនាពេលនេះ បានបញ្ចូលរឿងរ៉ាវ អាថ៌កំបាំងនៅក្នុងការចរចារកសន្តិភាព នៅក្នុងដំណាក់កាលប្រទេស មានសង្រ្គាមផង មានសុខសន្តិភាពផង និងការចរចាជាមួយអតីតខ្មែរក្រហមផងដែរ។ ឯកឧត្ដមបានបន្ដទៀតថា សៀវភៅនេះ ក៏បានបញ្ចូលរឿងរ៉ាវអាថ៌កំបាំងមួយចំនួនកាលពីសម័យ ទសវត្សរ៍ទី៨០ ដែលមានការថ្នាំងថ្នាក់ ពីថ្នាក់ដឹកនាំមួយចំនួន មានការសង្ស័យគ្នា ហើយរហូតមានការចាប់ខ្លួនគ្នាទៅវិញទៅមក ព្រមទាំងរឿងនយោបាយជាច្រើនថែមទៀតផងដែរ ។

ចំពោះសៀវភៅ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាភាសាអង់គ្លេសបានបន្ថែមរូបភាពមួយចំនួន ដែល ឯកឧត្តមបណ្ឌិត បានជួបមន្រ្តីបរទេសមួយចំនួននាពេលថ្មីៗនេះ មានដូចជាអគ្គមេបញ្ជាការកងទ័ព ថៃ ជួប ជប៉ុន ចិន វៀតណាម ឡាវ អូស្ត្រាលី និងកូរ៉េ ព្រមទាំងជួបនាយករដ្ឋមន្រ្តីថៃ លោក ប្រយុទ្ធ ចាន់អូចារ ជាដើម។

សូមជម្រាបជូនថា សម្រាប់សៀវភៅជាភាសាអង់គ្លេស ១ ០០០ ច្បាប់ ជាស្នាដៃនិពន្ធដោយ ឯកឧត្តម ឆាយ សុផល ជូនឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មានដើម្បីទុកចែកជូនភ្ញៀវនិងអ្នកសារព័ត៌មានបរទេស នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានខាងមុខនេះ។

ឯកឧត្តម ខៀវ កាញារីទ្ធ បានកោតសរសើរចំពោះ ឯកឧត្តម ឆាយ សុផល ដែលបានចងក្រងបង្កើតស្នាដៃសៀវភៅដ៏មានសារៈសំខាន់នេះឡើង សម្រាប់ឱ្យអ្នកអានបានយល់ដឹងស៊ីជម្រៅក្នុងកិច្ចការងារមួយចំនួន។ ឯកឧត្តមរដ្ឋមន្រ្តីបានលើកទឹកចិត្តដល់ ឯកឧត្តម ឆាយ សុផល ក៏ដូចជាស្មេរ ដទៃទៀត បន្តសិក្សាស្រាវជ្រាវ សរសេរ ចងក្រងសៀវភៅ ផ្សេងៗបន្តទៀត ដើម្បីទុកជាឯកសារជំនួយស្មារតី សម្រាប់យុវជនជំនាន់ក្រោយ បានសិក្សាស្រាវជ្រាវបន្ថែមទៀត៕

Powered by Blogger.