ស្នងការដ្ឋានរាជធានីភ្នំពេញ ផ្អាកការងារ និងដកមកបញ្ឈរជើងមន្រ្តីនគរបាលខណ្ឌសែនសុខម្នាក់រយៈពេល៣ខែ ពាក់ព័ន្ធបង្ហោះប័ណ្ណសម្គាល់ផ្លាកចេញ-ចូល អគ្គស្នងការដ្ឋាននគរបាលជាតិ ឬក្រសួងមហាផ្ទៃ

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ បានចេញសេចក្តីបកស្រាយបំភ្លឺ ពាក់ព័ន្ធនឹងករណីមន្ដ្រីនគរបាលរដ្ឋបាលទឹកថ្លាម្នាក់ បានបង្ហោះប័ណ្ណសម្គាល់ផ្លាកចេញ-ចូល អគ្គស្នងការដ្ឋាននគរបាលជាតិ ឬក្រសួងមហាផ្ទៃ តាមបណ្តាញសង្គម TikTok។


ស្នងការដ្ឋានរាជធានីភ្នំពេញ បានរៀបរាបយ៉ាងដូច្នេះថា បន្ទាប់ពីបានឃើញវីដេអូបង្ហោះតាមបណ្តាញសង្គម TikTok ទាក់ទងទៅនឹងម្ចាស់គណនីឈ្មោះថា Tik Tok Fan Dy 9828 ជាមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ដែលបានបង្ហោះខ្លឹមសារ «បងប្អូនត្រូវការផ្លាកចេញ-ចូលអគ្គស្នងការដ្ឋាននគរបាលជាតិ ឬក្រសួងមហាផ្ទៃ អាចមកទាក់ទងខ្ញុំបាន» កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២។

ភ្លាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានធ្វើការស្រាវជ្រាវ និងកោះហៅលោកអនុសេនីយ៍ឯក ម៉ិច មាស អត្តលេខ ៨៦៩០៤ មកបកស្រាយបំភ្លឺករណីនេះ។

ក្រោយពីធ្វើការសាកសួររួចរាល់ លោកអនុសេនីយ៍ឯក ម៉ិច មាស បានសារភាពថា រូបលោក ពិតជាបានបង្ហោះខ្លឹមសារខាងលើពិតប្រាកដមែន តែពុំមានចេតនាក្នុងការលក់ដូរអ្វីឡើយ គោលបំណងគឺផុសអួត ដល់មិត្តភ័ក្ត្រដែលជាកងកម្លាំងដូចគ្នាតែប៉ុណ្ណោះ។

ក្រោយមកសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា និងដាក់វិន័យរដ្ឋបាល ដោយសម្រេចចេញលិខិតព្រមានដោយផ្អាកការងារ និងដកមកបញ្ឈរជើង រយៈពេល០៣ខែ ហើយត្រូវបង្ហាញមុខនៅផ្នែករដ្ឋបាល នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខជារៀលរាល់ថ្ងៃ។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបញ្ជាក់ថា ប័ណ្ណសម្គាល់ទាំងនេះ មិនមែនសម្រាប់ធ្វើអាជីវកម្មនោះទេ៕ 

Powered by Blogger.