អភិបាលខេត្តកំពង់ស្ពឺ ប្រកាសផ្តល់រង្វាន់ម៉ូតូដល់សិស្សប្រឡងជាប់និទ្ទេស A ទាំងអស់នៅក្នុងខេត្តរបស់ខ្លួន
នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២នេះ ក្រោយកាត់កញ្ចប់វិញ្ញាសារ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រកាសចំពោះមុខសិស្សានុសិស្សទាំងអស់ លោកពិតជាមានមោទនភាពចំពោះកូនក្មួយ ជាបេក្ខភាពប្រឡងកាលពីឆ្នាំកន្លងទៅ ដែលបានខិតខំប្រឹងប្រែងសិក្សារៀនសូត្រ រហូតប្រឡងជាប់លើសពីការរំពឹងទុក។ លោកថា មិនខុសពីឆ្នាំមុននោះទេ សម្រាប់សិស្សដែលប្រឡងជាប់និទ្ទេស A នឹងទទួលបានម៉ូតូម្នាក់មួយគ្រឿង។
លោកបន្ដថា អ្វីដែលពិសេសនោះ ទទួលបាននិទ្ទេស A ច្រើនរហូតដល់ទៅជិត៤០នាក់ ហើយកាលនោះ គឺជាពេលវេលា នៃការរីករាលដាលជំងឺកូវីដ១៩ផង។ កាលនោះក្មួយៗ ទទួលបានម៉ូតូម្នាក់១គ្រឿងដ៏ថ្មីសន្លាងពីលោក ដែលបានមកពីការកៀរគរពីសប្បុរសជន។
ឯកឧត្តម វ៉ី សំណាង បានបន្ថែមថា ចំពោះឆ្នាំនេះថ្វីត្បិតជំងឺកូវីដ១៩ មិនទាន់រលាយបាត់ទៅវិញក៏ពិតមែន ប៉ុន្តែក្រោមនយោបាយចាក់ស្រោចវ៉ាក់សាំងរបស់រាជរដ្ឋាភិបាល កូនក្មួយមានឱកាសច្រើន ក្នុងការសិក្សារៀនសូត្រជាមួយលោកគ្រូ អ្នកគ្រូក្នុងសាលា។ ទន្ទឹមនិងការរៀនសូត្របានពេញលេញនេះ លោកសង្ឃឹមថា កូនក្មួយនឹងអាចប្រឡងជាប់ ហើយជាប់ច្រើនជាងឆ្នាំមុនៗ ពិសេសគឺទទួលបាននិទ្ទេស A បានច្រើននាក់ ហើយទទួលបានម៉ូតូម្នាក់១គ្រឿងទៀតផងដែរ។
ជាមួយគ្នានោះ លោក ថន ថារិន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២នេះ មានចំនួន៤,៦៩៥នាក់ ស្រី២៥១៨នាក់។ ចំពោះមណ្ឌលប្រឡងចំនួន១១មណ្ឌល និងមានបន្ទប់ប្រឡង១៨៨បន្ទប់។
លោក ថន ថារិន បានបន្ថែមថា បេក្ខជនប្រឡងទាំងអស់ត្រូវតែគោរពតាមគោលការណ៍ប្រឡង ព្រោះឆ្នាំនេះមានវិន័យតឹងរឹងដដែល ដើម្បីធានាដល់ការប្រឡងឲ្យមានស្តង់ដារ គុណភាពខ្ពស់ ដូច្នេះបេក្ខជន បេក្ខនារី ប្រឡងត្រូវគោរពពេលវេលា វិន័យ ហាមយកសំណៅឯកសារចម្លើយនានា ក៏ដូចឧបករណ៍ អេឡិចត្រូនិច ពោលគឺត្រូវគោរពតាមបទបញ្ជា បទបញ្ញត្តិដែលក្រសួងបានដាក់ចេញ ហើយការរឹតបន្តឹងនេះធានាថា «អ្នកចេះ គឺជាប់»។
ក្នុងករណីរកឃើញថា បេក្ខជន និងបេក្ខនារី បានប្រព្រឹត្តសកម្មភាពផ្ទុយ និងបទបញ្ញត្តិ និងកម្រិតវិន័យនោះ ត្រូវបានកំណត់ឲ្យធ្លាក់ជាស្វ័យប្រវត្តិ។ ក្នុងពេលប្រឡងបេក្ខជនទាំងអស់ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការសុខភាព និងសុវត្ថិភាព សម្រាប់ការប្រឡង ត្រូវរក្សាគម្លាតសុវត្ថិភាព និងពាក់ម៉ាសឲ្យបានត្រឹមត្រូវ ជាប្រចាំនៅក្នុងមណ្ឌលប្រឡង រហូតដល់បញ្ចប់ការប្រឡង៕
Post a Comment