​បាក់ឌុបឆ្នាំ​នេះ មាន​បេក្ខជន​ចូល​រួម​ប្រឡង ចំនួន ជិត ១៣ម៉ឺននាក់

ការ​ប្រឡង​ដ៏​សំខាន់​ដើម្បី​ផ្លាស់​ប្ដូរ​ជីវភាព​ជា​សិស្សវិទ្យាល័យ មក​សាកលវិទ្យាល័យ ហៅ​ថា បាក់ឌុប បាន​ផ្ដើម​ការ​ប្រឡង​ថ្ងៃ​ទី១​នៅ​ថ្ងៃ​នេះ ដោយ​ក្នុង​នោះ​មាន​បេក្ខជន​ចូល​រួម​ប្រឡង​ប្រមាណ​ជិត ១៣ម៉ឺននាក់។

តាម​ការ​ជូន​ដំណឹង​របស់​ក្រសួង​អប់រំយុវជន និង​កីឡា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ នេះ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១២៨ ១៣៤នាក់ ក្នុង​នោះស្រី ៦៨ ៧៧១នាក់ មណ្ឌលប្រឡងសរុប ២២១មណ្ឌល ត្រូវជា ៥ ១៧៤បន្ទប់ និងមានការចូលរួមដោយគណៈមេប្រយោគ និងគណៈកម្មការនានា ចូលរួមក្នុងដំណើរនោះប្រឡងសរុបចំនួន ២៧ ៧៥៣ នាក់។

ក្រោយ​ការ​ប្រឡង​រយៈ​ពេល ២ថ្ងៃ ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ សម្រាប់ខេត្តផ្សេងទៀត ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា។

សូមជម្រាបថា ដើម្បីធានាឱ្យការប្រឡងប្រព្រឹត្តទៅដោយរលូន ដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ក្រសួងអប់រំ យុវជន និងកីឡា បានពង្រឹងកិច្ចសហការជាមួយក្រសួងស្ថាប័នដូចជា ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងអគ្គីសនីកម្ពុជា៕

Powered by Blogger.