ភ្ញាក់ផ្អើល ទំព័រហ្វេសប៊ុក ប្រធានាធិបតីបារាំង សរសេរអក្សរខ្មែរ អំពាវនាវឲ្យរុស្ស៊ីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន
ជាលើកទី១ហើយដែលប្រធានាធិបតីបារាំងលោក អេម៉ាញូអែល ម៉ាក្រុង និងកម្ពុជា រួមគ្នាអំពាវនាវឲ្យរុស្សីបញ្ឈប់ជាបន្ទាន់នូវសង្គ្រាមវាយប្រហារទៅលើប្រជាជន និងហេដ្ឋារចនាសម្ព័នស៊ីវិល។ សេចក្ដីអំពាវនាវនេះ ធ្វើឡើងក្នុងពេលដែលសម្ដេច ហ៊ុន សែន កំពុងបំពេញការងារផ្លូវរដ្ឋនៅអ៊ឺរ៉ុប ហើយក៏មានជំនួជាមួយប្រធានាធិបតីបារាំងផងដែរ។
រឿងដែលប្រិយមិត្តលើបណ្ដាញសង្គមចាប់អារម្មណ៍នោះ គឺថាសំណេរដ៏ខ្លីដើម្បីអំពាវនាវឲ្យបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនដែលបង្ហោះជាសាធារណៈលើគណនីហ្វេសប៊ុករបស់លោក អេម៉ាញូអែល ម៉ាក្រុង នោះ គឺសរសេរជាភាសាខ្មែរដ៏គួរឲ្យភ្ញាក់ផ្អើល។ ការអំពាវនាវនេះ ខណៈសង្គ្រាមធ្វើឡើងដោយរុស្ស៊ីនៅអ៊ុយក្រែនបានបង្កឱ្យមានការឈឺចាប់យ៉ាងច្រើន។
សូមរំលឹកថា សម្ដេច ហ៊ុន សែន បានចេញពីប្រទេសកម្ពុជាទៅទីក្រុងព្រុចហ្សែល ប្រទេសប៊ែលហ្សិក ក្នុងនាមជាប្រធានអាស៊ាន ប្រជុំជាមួយសហភាពអ៊ឺរ៉ុប។ ក្នុងឱកាសចេញទៅបំពេញការងារផ្លូវរដ្ឋនេះដែរ សម្ដេចក៏ជួបពិភាក្សាជាមួយប្រធានាធិបតីបារាំងផងដែរ។ បន្ទាប់ពីមានជំនួបនេះគេក៏ឃើញសេចក្ដីអំពាវនាវនេះ ព្រមទាំងមានសារជាច្រើនទៀតទាក់ទងនឹងសង្គ្រាមនៅអ៊ុយក្រែនដែលធ្វើឡើងដោយរុស្ស៊ី៕
Post a Comment