នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាឲ្យដុតកម្ទេចរថយន្តសាំយ៉ុងកែច្នៃដឹកឈើខុសច្បាប់២គ្រឿង ក្រោយបង្ក្រាបបានជាង១ខែ នៅស្រុកព្រែកប្រសព្វ ខេត្តក្រចេះ
កម្លាំងកងរាជអាវុធហត្ថ ក្រោមការបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស នាល្ងាចថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ បានដុតកម្ទេចចោលរថយន្តសាំយ៉ុងកែច្នៃ២គ្រឿង ដែលដឹកនាំឈឺខុសច្បាប់ បន្ទាប់ពីកម្លាំងជំនាញបង្ក្រាបបាន និងឃាត់ទុកជាង១ខែ នៅស្រុកព្រែកប្រសព្វ។
រថយន្ដទាំង២គ្រឿងនេះ ដឹកឈើគ្មានច្បាប់អនុញ្ញាតត្រូវអាវុធហត្ថខេត្តក្រចេះ សហការជាមួយអាវុធហត្ថស្រុកស្ទឹងត្រង់ និងខេត្តកំពង់ចាម បង្ក្រាបបានកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ ក្រោយពីរក្សាទុក និងស្រាវជ្រាវរកម្ចាស់អស់ពេលជាង១ខែរួចមក។
មន្រ្តីអាវុធហត្ថខេត្តក្រចេះ បានឱ្យដឹងថា ការដុតបំផ្លាញរថយន្តដឹកឈើទាំង២គ្រឿងនេះ ក្រោមការចូលរួមពីសំណាក់កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស អាវុធហត្ថខេត្តក្រចេះ អាវុធហត្ថខេត្តស្ទឹងត្រែង និងអាវុធហត្ថខេត្តកំពង់ចាម ចំណែកឈើជាច្រើនម៉ែត្រគូប ត្រូវបានប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើរក្សាទុក ហើយកម្លាំងអាវុធហត្ថ បានបំផ្ទុះ និងដុតកម្ទេចរថយន្ដសាំយ៉ុងកែច្នៃ២គ្រឿង ដែលជាមធ្យោបាយដឹកជញ្ជូនបទល្មើសព្រៃឈើ។
បច្ចុប្បន្ន ឈើដែលបង្ក្រាបបានប្រគល់ជូនទៅកម្លាំងជំនាញរក្សាទុក ប៉ុន្តែរថយន្តត្រូវយកទៅកម្ទេចចោល ហើយសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវអត្តសញ្ញាណអ្នកប្រព្រឹត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕
Post a Comment