ខេត្តបាត់ដំបងនឹងរៀបចំព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារអបអរសាទរបុណ្យចូលឆ្នាំសាកល

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានដឹកនាំអាជ្ញាធរក្រុង និង​មន្ទីរជំនាញ​ពាក់ព័ន្ធចុះ ពិនិត្យមើលទីតាំងត្រៀមរៀបចំការដាក់តាំង​បង្ហាញពិព័រណ៍មុខម្ហូបខ្មែរ របស់អ្នក​ខេត្តបាត់ដំបង ដែលល្បីល្បាញ ដើម្បីបង្ហាញជូនដល់ភ្ញៀវទេសចរជាតិ ​និងអន្តរជាតិ ដែលនឹង​ចូលរួមលេងកម្សាន្តក្នុងខេត្តបាត់ដំបង ​នាឱកាសពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល។

រដ្ឋបាលខេត្ត បានសហការត្រៀមរៀបចំពិធីបុណ្យឆ្លងឆ្នាំសាកល២០២២ ឈានចូលឆ្នាំថ្មី២០២៣ រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី៣០-៣១ ​ខែធ្នូ ឆ្នាំ២០២២​ ដោយកំណត់យក​ទីតាំង​ខាង​មុខសាលាខេត្ត បរិវេណ​មន្ទីរទេសចរណ៍ខេត្ត ​តាមដងផ្លូវភ្លោះចាប់ពីស្ពានថ្មថ្មី១៣មករា ខាងមុខសាលា​ខេត្តចាស់រហូតដល់សួនច្បារស្តុបសួនយុវ័ន ​ក្នុងសង្កាត់រតនៈ ​ក្រុងបាត់ដំបង។

ឯកឧត្តម សុខ លូ បានជំរុញដល់មន្ទីរ និងស្ថាប័នពាក់ព័ន្ធ ​ត្រូវនាំយកនូវមុខម្ហូបខ្មែរដែលបាត់បង់ និង​កំពុងតែមាន​ការពេញនិយមល្បីៗ​នៅក្នុងខេត្តមក​ដាក់តាំង​បង្ហាញ​ និងបំផុសអ្នក​ដែល​មាន​ថ្វីដៃ​ក្នុងការចម្អិនដាំស្លរប្រភេទមុខម្ហូបទាំងនោះបានចូលរួមបង្ហាញឲ្យគេបានឃើញ បានដឹង បានស្គាល់ និងអាចភ្លក់រសជាតិម្ហូបខ្មែរ របស់អ្នកខេត្តបាត់ដំបង តាមរយៈពិព័រណ៍ម្ហូបនេះ។

លោក អ៊ុចអ៊ុំ ភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ​បានថ្លែងឲ្យដឹងថា នៅកម្ពុជា​គឺ​មាន​មុខម្ហូបប្លែកៗទៅតាមតំបន់នីមួយៗ​ ហើយភាពសម្បូរបែប​ ភាពច្នៃប្រឌិត និងថ្វីដៃនៃការចម្អិន​ម្ហូប​អាហារឱ្យមានរសជាតិឆ្ងាញ់ ក៏បញ្ជាក់ពីភាពស៊ីវិល័យ និងជា​តឹកតាង​ដែល​ឆ្លុះបញ្ចាំង​បង្ហាញនូវ​អត្តសញ្ញាណ​របស់ប្រជាពលរដ្ឋ ​ដែលរស់នៅតាមតំបន់នីមួយៗ។

ប្រធានមន្ទីរទេសចរណ៍ បានរៀបរាប់បន្ថែមថា ​ជាការពិតណាស់ ​ខេត្តបាត់ដំបង គឺជាខេត្តមួយ​ដែល​មានប្រវត្តិសាស្ត្រ វប្បធម៌ ទំនៀមទំលាប់​យ៉ាង​សម្បូរបែបតាំងពីដើមរៀងមក ហើយអ្វីដែល​ជា​ការកត់សម្គាល់ទៀតសោតនោះ ​គឺភ្ញៀវទេសចរភាគច្រើន ជាពិសេសភ្ញៀវទេសចរក្នុងស្រុក ពេល​ដែលលឺឈ្មោះបាត់ដំបង​ គេតែងតែនឹកឃើញដល់បទចម្រៀងរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ដែលបានរៀបរាប់ពីមុខម្ហូបចំណី​អាហារ​ដ៏​ឈ្ងុយឆ្ងាញ់​ដែល​អ្នកនិពន្ធ​បាន​ចងក្រង​នូវប្រវត្តិនៃមុខម្ហូបដ៏ពេញនិយមនិងឈ្ងុយឆ្ងាញ់ ដូចជា៖ អាម៉ុកត្រី, ផ្អកត្រីប្រៃ, ណែមត្រី, ក្រូចពោធិ៍សាត់, ដូងខ្ទិះ... ដែលមានឱជារសឆ្ងាញ់ពិសារ​ ហើយក៏ជាស្នាដៃរបស់អ្នកបាត់ដំបង រហូត​ពេលខ្លះបានទាក់ទាញដល់ភ្ញៀវទេសចរឱ្យមកលេង ​ដើម្បីបាន​ភ្លក់​ និង​ស្គាល់នូវរសជាតិ និង​មុខម្ហូបខ្លះៗ ។

ក្នុងព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ​ និងពិធីអបសាទរបុណ្យចូលឆ្នាំសាកល រដ្ឋបាលខេត្តបាត់ដំបង គ្រោងរៀបចំឱ្យមានការដាក់តាំងពិព័រណ៍​ផលិតផល ការសម្តែងសិល្បៈរបាំប្រពៃណី និងរបាំ​ប្រជាប្រិយ ការ​សម្តែងសៀក​របស់អង្គការហ្វាពន្លឺសិល្បៈកម្ពុជា ​ការប្រគុំតន្ត្រីខ្នាតតូច-ធំ និង​ការ​អុជកាំជ្រួច ឆ្លងឆ្នាំ ​នៅរាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ៕



Powered by Blogger.