ព្រឹកស្អែក មណ្ឌល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយ​កភូមិ ២២១​ទូ​ទាំង​រាជធានី​-​ខេត្ត​នឹង​បើក​ដំណើរ​ហើយ

មណ្ឌល​ប្រឡង​សញ្ញាបត្រ​ទូ​តិ​យ​ភូមិ (​បាក់​ឌុ​ប​) ចំនួន​២២១​នៅ​ទូ​ទាំង​រាជធានី ខេត្ត នឹង​ត្រូវ​បើក​ដំណើរ​ប្រឡង​។ ការ​បើក​ដំណើរ​ប្រឡង​រយៈពេល​២​ថ្ងៃ (​គឺ​ថ្ងៃ​ទី​៥ និង​ថ្ងៃ​ទី​៦ ខែធ្នូ​) ក្រសួង​អប់រំ យុវជន និង​កីឡា បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ​ថា វិញ្ញាសា​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ (​បាក់​ឌុ​ប​) ត្រូវ​បាន​ដឹក​ជញ្ជូន​ទៅ​កាន់​បណ្ដា​រាជធានី​-​ខេត្ត សម្រាប់​ត្រៀមប្រឡង ចាប់ពី​ថ្ងៃ​ទី​០៥​ដល់​ថ្ងៃ​ទី​៦ ខែធ្នូ ខាង​មុខ​នេះ​រួច​ហើយ​។

ក្រសួង​អប់រំ​បាន​បញ្ជាក់​ថា ប្រធាន​គណៈមេប្រយោគ​ទូ​ទាំង​ប្រទេស​ប្រចាំ​រាជធានី​-​ខេត្ត បាន​មក​ទទួល​ផ្ទៀងផ្ទាត់ និង​ដឹក​ជញ្ជូន​ហឹប​ប្រធាន​វិញ្ញាសា ទៅ​កាន់​បណ្ដា​រាជធានី​-​ខេត្ត​រៀង​ៗ​ខ្លួន ដើម្បី​ត្រៀម​សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា សម័យ​ប្រឡង ៖ ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០២២»​។

ក្រសួង​បន្ដ​ថា គណៈមេប្រយោគ​គ្រប់​រូប​បាន​អនុវត្ត​តួនាទី​របស់​ខ្លួន​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ ដោយ​មានការ​ចូលរួម​ត្រួតពិនិត្យ​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ព្រមទាំង​អនុវត្ត​តាម​សេចក្ដីណែនាំ​ប្រតិបត្តិ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ស្ដី​ពី​វិធានការ​សុខភាព និង​សុវត្ថិភាព​សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ដើម្បី​ចូលរួម​ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​។

សូម​ជម្រាប​ថា ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុ​ប​) ឆ្នាំ​២០២២​នេះ មាន​បេក្ខជន​ប្រឡង​ចំនួន ១២៨ ១៣៤ នាក់ និង​មាន​មណ្ឌល​ប្រឡង​ចំនួន​២២១ ត្រូវជា ៥ ២២៧​បន្ទប់ ផង​ដែរ​។ ចំណែក​ដំណើរការ​កំណែ នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​០៨ ខែធ្នូ ឆ្នាំ​២០២២ រហូត​ដល់​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២២​។ ហើយ​ដំណើរការ​ស្រង់​បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ និង​ផ្ទៀងផ្ទាត់​ពិន្ទុ ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០២២ ក្រសួង​កំណត់​យក​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២២ ពេល​រសៀល​សម្រាប់​ប្រកាស​លទ្ធផល​ប្រឡង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល និង​នៅ​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០២២ សម្រាប់​ខេត្ត​ផ្សេង​ៗ​នៅ​ទូ​ទាំង​ប្រទេស​។

ក្រសួង​បាន​ឲ្យ​ដឹង​ថា សម្រាប់​ការ​ប្រឡង​បាក់​ឌុ​ប​ឆ្នាំ​នេះ មាន​បេក្ខជន​ចុះ​ឈ្មោះ​ប្រឡង​សរុប ចំនួន ១២៨ ១៣៤ នាក់ ក្នុង​នោះ​ស្រី​ចំនួន ៦៨ ៧៧១ នាក់​។ បេក្ខជន​ត្រូវ​បាន​រៀបចំ​ចំនួន​២៥​នាក់ ក្នុង​មួយ​បន្ទប់ លើកលែងតែ​បន្ទប់​ចុង​ក្រោយ និង​បន្ទប់​ដែល​មាន​បេក្ខជន​មក​ពី​វិទ្យាល័យ​អប់រំ​ពិសេស​។ មណ្ឌល​សំ​ណេ​រ​មាន​ចំនួន​សរុប ២២១ មណ្ឌល ត្រូវជា ៥ ១៧៤ បន្ទប់​។ មណ្ឌល​កំណែ​សម្រាប់​ការ​ប្រឡង​​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ មាន​ចំនួន ១០ មណ្ឌល នៅ​រាជធានី​ភ្នំពេញ​។ គណៈ​មេប្រយោគ និង​គណៈកម្មការ​នានា ចូលរួម​ក្នុង​ដំណើរការ​ប្រឡង​សរុប​ចំនួន ២៧ ៧៥៣ នាក់​។

ជាមួយ​គ្នា​នោះ​ដែរ ក្រសួង​អប់រំ យុវជន និង​កីឡា សូម​អំពាវនាវ​ដល់​បេក្ខជន​ទាំងអស់​ត្រូវ គោរព​បទ​ប្បញ្ញត្តិ​នៃ​ការ​ប្រឡង​ឱ្យ​បាន​ល្អ​ប្រសើរ ជា​ពិសេស​មិន​ត្រូវ​លាក់​ទុក​ជាប់​នឹង​ខ្លួន​នូវ​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​គ្រប់​ប្រភេទ​ចូល​ក្នុង​មណ្ឌល​ប្រឡង ឬ​បន្ទប់​ប្រឡង​ជា​ដាច់ខាត​។ ក្នុង​ករណី​រក​ឃើញ​ថា បាន​ប្រព្រឹត្ត​សកម្មភាព​ផ្ទុយ​នឹង​បទ​ប្បញ្ញត្តិ និង​កម្រិត​វិន័យ​បេក្ខជន​នឹង​ត្រូវ​បាន​កំណត់​ឱ្យ​ធ្លាក់​ជា​ស្វ័យប្រវត្តិ​៕

Powered by Blogger.