ប្រសាសន៍សំខាន់ៗសម្ដេចតេជោ ហ៊ុន សែន​ ក្នុងពិធីសំណេះសំណាល និងបើកការដ្ឋានស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១

សម្ដេចអគ្គមហានសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និង​បើក​ការដ្ឋានស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ ដែលមានប្រវែងសរុប ៩៥,២៧គីឡូម៉ែត្រ។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ​ ហ៊ុន​ សែន​៖

- សម្តេចតេជោ ហ៊ុន សែន បាន​ប្រកាស​សុំការអធ្យាស្រ័យ​ពី​ប្រជាពលរដ្ឋ​រស់​នៅ​តាម​សង​ខាង​ផ្លូវ​ជាតិ​លេខ​៤១​ និងប្រជាពលរដ្ឋធ្វើដំណើរពេលការដ្ឋានបានចាប់ផ្តើម ដែល​នឹង​មាន​ផល​ប៉ះពាល់​ខ្លះ​ជៀស​មិនរួច តែទៅពេលរួចរាល់ផ្លូវនេះនឹងផ្តល់អត្ថប្រយោជន៍រាប់មិនអស់ដល់ប្រជាពលរដ្ឋ និង​សង្គមជាតិ។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដោយសារទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន កម្ពុជា​បាន​នាំ​ផលិត​ផលកសិកម្មទៅប្រទេសចិនជាច្រើនដោយផ្ទាល់ជាបន្តបន្ទាប់ដូចជា៖ ផ្លែឈើស្រស់ និង​ចុង​ក្រោយ​នេះ គឺការនាំត្រីប្រាទៅកាន់ទីផ្សារប្រទេសចិនផងដែរ។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កំណើនយានយន្តដ៏ច្រើនលើសលប់របស់កម្ពុជា បាន​ក្លាយ​ជា​អតុល្យភាពមួយក្នុងសង្គម ខណៈផ្លូវជាច្រើនមានភាពតូចចង្អៀត ដែល​ទាមទារ​ឱ្យ​មាន​ការ​ស្តារ និងលើកកម្រិតគុណភាពជាចាំបាច់។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាលកំពុងប្រឹងប្រែងធ្វើយ៉ាងម៉េច កុំឱ្យ​មាន​អតុល្យភាព​ទំនិញ និងតម្រូវការខ្លាំងពេក ដូចជា៖ អ្នកចិញ្ចឹមជ្រូក ចង់ឱ្យសាច់ជ្រូកបានថ្លៃ ខណៈ​ដែល​អ្នក​ទទួលទានសាច់ជ្រូក ចង់ឱ្យសាច់ជ្រូកចុះថោកជាដើម....។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ពីមុន​កម្ពុ​ជា​ខ្វះ​ខាត​ស្បៀង​ សម្រាប់​ប្រជាពលរដ្ឋ​ទទួ​ល​ទាន តែពេលនេះកម្ពុជាសល់ស្បៀង(ស្រូវ-អង្ករ)ប្រមាណ ៤លានតោនក្នុងមួយឆ្នាំៗ ដែល​ទាមទារ​ឱ្យ​រាជរដ្ឋាភិបាលប្រឹងប្រែងរកទីផ្សារ ដើម្បីបញ្ចេញស្រូវ-អង្ករ លើស​តម្រូវ​ការ​ប្រើប្រាស់​ក្នុង​ស្រុក​ចេញ។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សេដ្ឋកិច្ច​សកល​បាន​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំចុ​ង​ក្រោយនេះ ដែលមួយផ្នែកបណ្តាលមកពីការរាតត្បាតមេរោកជំងឺកូវីដ-១៩ ,​បញ្ហាស​ង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និ​ងបញ្ហាទណ្ឌកម្មសេដ្ឋកិច្ចជាដើម។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ទោះបីពិភពលោក រួមទាំងកម្ពុជាផង រង​ផល​ប៉ះពាល់​ដោយ​សេដ្ឋកិច្ច​សកល ជាពិសេសវិបត្តិថាមពល ក៏តម្លៃអគ្គិសនី​នៅ​កម្ពុជា មិនឡើងថ្លៃឡើយ តែ​សម្តេច​ក៏​សូមអំពាវនាវដល់ប្រជាពលរដ្ឋប្រើប្រាស់អគ្គិសនី​ដោយភាពសន្សំសំចៃខ្ពស់។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវដល់គ្រួសារ ដែលមានឪពុក-ម្តាយ-យាយ-តា ចាស់​ជរា សូមគិតគូរខ្ពស់​ដល់សុខភាពពួកគាត់ឱ្យបានដិត​ដល់បំផុតក្នុងរដូវរងារនេះ ព្រោះ​អាកាសធាតុ​ត្រជាក់​ប៉ះពាល់​ដល់​មនុស្ស​ចាស់​ណាស់។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពាវនាវ​ឱ្យប្រជាពលរដ្ឋដែលប្រើប្រាស់ដងផ្លូវ សូម​គោរព​ច្បាប់​ចរាចរណ៍ និងប្រុងប្រយ័ត្នជាប់ជានិច្ច ខណៈ​ដែល​គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​កើត​ឡើង​រៀង​រាល់​ថ្ងៃ បណ្តាលឱ្យមានមនុស្សស្លាប់-របួស និងខូតខាតទ្រព្យសម្បត្តិជាច្រើន។

- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ពីមុន​សម្តេច​ធ្លាប់​ប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​គោរព​ច្បាប់​ចរាចរណ៍ ជាជាងខ្លាចនគរបាលចរាចរណ៍ចាប់ផាកពិន័យ តែ​ពេល​នេះ​សម្តេច​សូម​អំពាវនាវ​«ឱ្យ​ខ្លាច​ការ​បាត់​បង់​អាយុជីវិតខ្លួនឯង និងអ្នកដទៃ...[]..»។

- សម្តេចតេជោ ហ៊ុន សែន សូមថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា ,លោកគ្រូ-អ្នក​គ្រូ,គណៈកម្មការរៀបចំការប្រឡងបាក់ឌុប,ស.ស.យ.ក, សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​នៅ​ទូទាំង​ប្រទេស​ដែល​បានយកចិត្តទុកដាក់ខិតខំរៀបចំការប្រឡងបាក់ឌុបប្រកបដោយជោគជ័យ។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសសូមចូលរួមអបអរសាទរជាមួយឪពុក-ម្តាយ,អាណាព្យាបាល និង​ចៅ​ៗទាំងអស់ ដែល​ទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅ​ទូទាំង​ប្រទេស​ ទោះក្នុងកម្រិតនិទ្ទេសអ្វីក៏ដោយ។

- សម្តេចតេជោ ហ៊ុន សែន ប្រកាស​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​បន្ត​នាំ​គ្នាប្រុ​ង​ប្រយ័ត្ន​ខ្ពស់​ជាប់​ជា​និច្ច​ពី​ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ខណៈដែលតួលេខ នៃករណីឆ្លងប្រចាំថ្ងៃជំងឺកូវីដ-១៩ មាន​ការ​ឡើងចុះ​ក្នុងកម្រិតតិចតួចក៏ដោយ។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខេត្តកណ្តាល និងកំពង់ស្ពឺ ដែល​បាន​បោះឆ្នោត​គាំទ្រ​គណបក្សប្រជាជនកម្ពុជា ក្នុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ហើយសម្តេចសង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ និងកណ្តាល នឹង​បន្ត​បោះឆ្នោត​ជូន​គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតសកលឆ្នាំ២០២៣ និង​ការ​បោះឆ្នោត​ជា​បន្ត​បន្ទាប់។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសបន្តយុទ្ធនាការបោសសម្អាតគ្រាប់មីន និង​យុទ្ធភ័ណ្ឌ​សល់​ពី​សង្គ្រាម ដើម្បីផ្តល់ដីសុវត្ថិភាព និង​ស្នាមញញឹមដ​ល់ប្រជាពលរដ្ឋ។

- សម្តេចតេជោ ហ៊ុន សែន បានបន្តប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋ​ឱ្យនាំគ្នាទៅ​ទទួល​វ៉ាក់​សាំង​កូវីដ-១៩ ទាំងដូលមូលដ្ឋាន និងដូសជំរុញទី៣,ទី៤ ព្រមទាំងដូសបន្តបន្ទាប់ឱ្យបានគ្រប់ៗគ្នា តាម​ទី​កន្លែង និងតាមការណែនាំរបស់ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។

Powered by Blogger.