តំបន់សំណង់អគារបារាំងក្នុងក្រុងកំពតនឹងប្រែក្លាយឲ្យទៅជាផាប់ស្ត្រីតទី២ នៅកម្ពុជា
សេវាករទេសចរណ៍នៅតំបន់ផ្សារក្រណាត់ចាស់ក្រុងកំពតបានលើកឡើងថា ពួកគាត់កំពុងខិតខំបង្កើនសេវាកម្មឲ្យកាន់តែល្អ និងសំបូរបែប ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យបានកាន់តែច្រើន ពោលគឺចង់ឲ្យតំបន់នោះក្លាយជាផាប់ស្ត្រីត។ ចំណែកមន្ត្រីជំនាញក៏បានអះអាងដែរថា កំពុងសហការរៀបចំ ស្វែងរកលទ្ធភាពជំរុញតំបន់នោះឲ្យកាន់តែទាក់ទាញ និងក្លាយជាផាប់ស្ត្រីតទី២ នៅកម្ពុជា។
បុគ្គលិកអាហារដ្ឋាន “ឌឺជេប្រេក” បានប្រាប់ឲ្យដឹងថា តំបន់ផ្សារក្រណាត់ចាស់ ឬតំបន់សំណង់អគារបន្សល់ទុកពីសម័យអាណានិគមបារាំង ជាកន្លែងដែលទាក់ទាញភ្ញៀវបរទេសឲ្យមកអង្គុយកម្សាន្ត និងទទួលអាហារច្រើនជាងគេក្នុងខេត្ត។ ហើយបន្ទាប់ពីស្ងប់ស្ងាត់ភ្ញៀវមួយរយៈអំឡុងពេលកូវីដ-១៩ បីខែចុងក្រោយនេះកំណើនភ្ញៀវកើនឡើងវិញខ្លាំង ហើយឃើញមានហាង អាហារដ្ឋាន ភោជនីយដ្ឋានថ្មីៗជាច្រើនបានបើកបម្រើសេវាកម្មរបស់ខ្លួន ធ្វើឲ្យតំបន់នេះអ៊ូអរ និងទាក់ទាញជាងមុន។ អ្នកគ្រប់គ្រង់ “កាប៉ាល់” (KAPAL) ភោជនីយដ្ឋាន ក្លិបកម្សាន្ត និងស្កាយបារ ដែលទើបបង្កើតថ្មីដំបូងគេនៅម្តុំសួនច្បារផ្សាក្រណាត់ក្រុងកំពតបានប្រាប់ឲ្យដឹងថា ដោយឃើញអំពីសន្ទុះនៃការខិតខំអភិវឌ្ឍន៍របស់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ស្ថាបនាផ្លូវបានស្អាត បង្កើតឆ្នេរខ្សាច់ និងសួនកម្សាន្តមាត់ព្រែកដ៏ទាក់ទាញ ពិសេសលោកតែងតែខិតខំបង្កើតព្រឹត្តិការធំៗសប្បាយៗ សម្រាប់ទាក់ទាញភ្ញៀវទេសចរផងនោះ ទើបក្រុមការងារលោកមានគំនិតបង្កើត KAPAL នេះឡើង ដើម្បីជំរុញតំបន់សំណង់អគារបារាំងនេះទៅជាតំបន់ផាប់ស្ត្រីតទី២ របស់កម្ពុជា។
ប្រធានមន្ទីរទេសចរណ៍ លោក សយ ស៊ីណុល បានបញ្ជាក់ថា តំបន់សំណងអគារបន្សល់ទុកពីសម័យអាណានិគមនិយមបារាំងនៅក្រុងកំពតប្រមាណជាង ៣០០ខ្នង ហើយត្រូវបានគេចាត់ទុកជាសម្បត្តិបេតិកភណ្ឌជាតិ។ តំបន់នេះស្ថិតនៅតាមបណ្តោយដងព្រែកប៉ែកខាងកើត ហើយជាកន្លែងទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវបរទេសយ៉ាងច្រើន ពិសេសរាប់ពេលល្ងាចពួកគេតែងតែមកប្រមូលផ្តុំគ្នា អង្គុយលម្ហែ ទទួលទានអាហារ ជជែកកន្លែងកម្សាន្តនៅតាមហាង អាហារដ្ឋាន និងផាប់ប្រមាណជាងមួយរយកន្លែងនៅក្នុងតំបន់នោះ។ លោកបានបញ្ជាក់ថា លោកបានពិភាក្សាជាមួយអ្នកជំនាញពាក់ព័ន្ធ ដើម្បីរៀបចំតំបន់នេះឲ្យកាន់តែមានភាពទាក់ទាញ និងក្លាយជាតំបន់ផាប់ស្ត្រីទី២ របស់កម្ពុជានៅប៉ែកនិរតី។ សម្រាប់ឆ្នាំ២០២២ មានចំនួនភ្ញៀវទេសចរ ១លាន ៨សែននាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិជាង ៥ម៉ឺននាក់។ ភ្ញៀវអន្តរជាតិមកពីអឺរ៉ុបបើប្រៀបធៀបទោនឹងឆ្នាំ២០១៩ គឺស្មើនឹង ៦០%ហើយ៕
Post a Comment