ត្រីរាជមួយក្បាលមានទង្ងន់ជិត ៥០គីឡូក្រាម ត្រូវលែងចូលក្នុងទន្លេមេគង្គវិញ ក្នុងភូមិសាស្ត្រស្រុកខ្សាច់កណ្តាល

អាជ្ញាធរស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានលែងត្រីរាជមួយក្បាល ដែលមានទម្ងន់ ៤៦គីឡូក្រាម និងមានប្រវែង ១៥៧សង់ទីម៉ែត្រ ចូលទៅក្នុងទឹកទន្លេមេគង្គ ត្រង់សាស្ត្រភូមិស្វាយអាត់លើ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ជាមួយគ្នានេះដែរ សង្កាត់រដ្ឋបាលជលផលស្រុកខ្សាច់កណ្តាល បានសហការជាមួយក្រុមការងារវិទ្យាស្ថានស្រាវជ្រាវជលផលទឹកសាប បានចុះធ្វើការបានពាក់ផ្លាកសញ្ញាសម្គាល់របស់ជំនាញជលផល លើត្រីរាជដែលអ្នកនេសាទចាប់បាន ដើម្បីដឹងពីដំណើរវិវត្តន៍របស់ត្រីរាជ ហើយចំពោះត្រីរាជដែលអ្នកនេសាទចាប់នោះ ត្រូវបានប្រលែងចូលទន្លេមេគង្គវិញផងដែរ។

គួរបញ្ជាក់ថា អ្នកនេសាទបានប្រើឧបករណ៍នេសាទចាប់បានត្រីរាជ មានទង្ងន់ ៤៦គីឡូក្រាម មានប្រវែង១៥៧សង់ទីម៉ែត្រ ស្ថិតនៅភូមិស្វាយអាត់លើ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

គួរឱ្យដឹងថា ត្រីរាជជាប្រភេទត្រីទឹកសាបដែលធំបំផុតមួយ ហើយគេសន្មតថាត្រីនេះធំជាងត្រីបបែលយក្ស និងត្រីគល់រាំងទៅទៀត។ ត្រីរាជអាចមានប្រវែងរហូតដល់ ៣ម៉ែត្រ និងមានទម្ងន់ប្រមាណ ៣០០គីឡូក្រាម។ ត្រីរាជស្ថិតក្នុងក្រុមត្រីដែលពុំមានស្រកី មានស្បែករលោង មានពុកមាត់ខ្លី០២គូ និងមានព្រុយខ្នងច្បាស់ និងមានទ្រនុងរឹងចំនួន០៧ ព្រុយខ្លាញ់តូច ព្រុយគូថវែងមិនជាប់ជាមួយកន្ទុយ និងមានមាត់នៅនៅខាងក្រោម។

ត្រីរាជ ស្ថិតក្នុងបញ្ជីក្រហម ដែលមានចំណាត់ថ្នាក់កំពុងរងការគំរាមកំហែងយ៉ាងខ្លាំងឈានទៅរកការផុតពូជ (Critical Endangered) របស់អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ IUCN ហើយត្រីនេះត្រូវបានចុះបញ្ជីឧបសម្ព័ន្ធ១ របស់អនុសញ្ញាសាយតេស (CITES) ផងដែរ ដែលហាមដាច់ខាតការធ្វើនេសាទ ទិញលក់ និងដឹកជញ្ជូនផ្សេងៗ។

ត្រីរាជត្រូវបានហាមឃាត់ការធ្វើនេសាទ ទិញលក់ និងដឹកជញ្ជូន តាំងពីសម័យសង្គមរាស្ត្រនិយមមកម្ល៉េះ តាមរយៈក្រមនេសាទលេខ ៨០ ន.ស ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ១៩៥៦ និងបច្ចុប្បន្នតាមរយៈអនុក្រឹត្យលេខ១២៣ អនក្រ.បក ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ ស្តីពីប្រភេទធនធានជលផលដែលកំពុងរងគ្រោះថ្នាក់នៅកម្ពុជា (ទឹកសាប)។ គិតមកទល់ពេលនេះ ក្នុងចំណោមត្រីធំៗបំផុតទាំង៣ប្រភេទ គឺទី១៖ ត្រីបបែលយក្ស, ទី២៖ ត្រីរាជ និងទី៣៖ ត្រីគល់រាំង។

ត្រីរាជ គឺជាប្រភេទត្រីគ្មានស្រកាទឹកសាបដ៏ធំបំផុត។ វាចូលចិត្តរស់នៅតាមទន្លេសាប បឹងទន្លេសាប និងតំបន់មេគង្គលើ ជាពិសេសតាមអន្លង់នៅក្នុងទន្លេមេគង្គនៅក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ហើយជាប្រភេទត្រីធ្វើចរាចររយៈចម្ងាយឆ្ងាយ។ ត្រីរាជតែងតែត្រូវចាប់បានជារឿយៗ នៅតាមគន្លងដាយត្រីនៅទន្លេសាប ហើយការចាប់បាននេះ គឺនៅពេលដែលវាធ្វើចរាចរចេញពីបឹងទន្លេសាប នៅខែតុលាទៅរកកន្លែងពងកូន និងលាក់ខ្លួននៅតាមអន្លង់ជ្រៅៗ តាមដងទន្លេមេគង្គលើ។ ត្រីរាជពេញវ័យ អាចបន្តពូជបាន នៅពេលមានអាយុចាប់ពី០៦ ទៅ០៨ឆ្នាំ ហើយពួកវាពងកូនចាប់ពីខែមិថុនា ទៅដល់ខែកក្កដា នៅបឹងទន្លេសាប ហើយកូនត្រីរាជពេលកើតដំបូងមានប្រវែង១២ ទៅ ១៥សង់ទីម៉ែត្រ។

ត្រីរាជនេះអាចរស់បានរហូតដល់អាយុ៦០ឆ្នាំហើយ ជាប្រភេទត្រីដែលធំលូតលាស់លឿនបំផុត គឺក្នុង១ឆ្នាំអាចឡើងទម្ងន់ជាង១០គីឡូក្រាម។ ត្រីរាជស៊ីស្លែជាអាហារចម្បង ដោយឡែកសត្វល្អិតក្នុងទឹក គឺជាអាហារបន្ទាប់បន្សំ។ តាមរបាយការណ៍ ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ គេបានប្រទះឃើញត្រីរាជមួយក្បាលដែលមានទម្ងន់ជិត ៣០០គីឡូក្រាម និងមានប្រវែង ២,៧៤ម៉ែត្រ ដែលចូលដាយត្រី។ ត្រីរាជនេះត្រូវបានបំពាក់ឧបករណ៍តាមដាន និងបានលែងចូលទៅក្នុងទន្លេវិញ៕

Powered by Blogger.