មកទល់ពេលនេះ នាវិកចំនួន ៦នាក់ បានស្លាប់ ក្នុងហេតុការណ៍ លិច នាវាចម្បាំង HTMS សុខោទ័យ ខណៈដែលកងទ័ពជើងទឹកបន្តស្វែងរកនាវិកបាត់ខ្លួនដោយសារនាវាលិច
សាកសពនាវិកចំនួន ៦ នាក់ត្រូវបានរកឃើញហើយ ហើយអ្នករស់រានម្នាក់ត្រូវបានសង្គ្រោះ កាលពីថ្ងៃអង្គារ ក្រោយពេលដែលនាវាទាហានជើងទឹករបស់ថៃបានលិច នៅក្នុងឈូងសមុទ្រថៃ។
អ្នកនៅរស់រានប្រមាណជាង ៧០ នាក់ត្រូវបានសង្គ្រោះចេញពីផ្ទៃសមុទ្រ បន្ទាប់ពីនាវាចម្បាំង HTMS សុខោទ័យ បានលិចកាលពីថ្ងៃអាទិត្យ នៅចម្ងាយប្រមាណ ៣៧ គីឡូម៉ែត្រភាគ អាគ្នេយ៍ នៃឆ្នេរសមុទ្រថៃ ។
ឧទ្ធម្ភាគចក្រជាច្រើនគ្រឿង យន្តហោះចំនួនពីរគ្រឿង និងនាវាចម្បាំងចំនួនបួនគ្រឿង បានបន្តស្វែងរកអ្នកនៅរស់រានមានជីវិតបន្ថែមទៀតកាលពីថ្ងៃអង្គារ។
កិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរកនាវិកដែលបានបាត់ខ្លួន គឺផ្ដោតលើការស្វែងរកពីលើអាកាស ដែលក្នុងនោះ កងទ័ពអាកាសថៃ បានជួយដល់ប្រតិបត្តិការស្វែងរកជនរងគ្រោះ ខណៈដែលកំពុងមានខ្យល់បោកបក់ខ្លាំងផងដែរ។
នាវាដែលលិចនោះ បានផ្ទុកមនុស្សចំនួន ១០៥ នាក់ ហើយមេបញ្ជាការកងទ័ពជើងទឹកថៃ បាននិយាយថា នេះជាលើកដំបូងហើយ ដែលកងទ័ពជើងទឹកថៃ បានបាត់បង់នាវាដោយសារការលិចបែបនេះ។
នាវានោះត្រូវបានគេជឿថា មានបញ្ហាដោយសារតែប្រព័ន្ធអេឡិចត្រូនិករបស់វាត្រូវបានខូច ហើយលែងដំណើរការ ជាហេតុធ្វើឲ្យនាវាលែងអាចគ្រប់គ្រងបាន ។ ទន្ទឹមនឹងនេះ ភាគខ្លះនៃផ្នែកខាងត្បូងប្រទេសថៃ បានជួបប្រទះនឹងខ្យល់ព្យុះ និងទឹកជំនន់ផងដែរក្នុងរយៈកាលប៉ុន្មានថ្ងៃមកនេះ ។
នាវា HTMS សុខោទ័យ ត្រូវបានកុម្ម៉ង់ទិញកាលពីឆ្នាំ ១៩៨៧ ហើយត្រូវបានផលិតនៅសហរដ្ឋអាមេរិក ។
Post a Comment