សម្ដេចតេជោ៖ ក្រុមហ៊ុន TOYOTA នឹងដំឡើងរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ឲ្យដឹងថា ក្នុងពេលខាងមុខនេះ កម្ពុជានឹងទទួលបានរោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន តូយូតា ថ្មីមួយទៀត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ដែលកត្តាទាំងនេះ គឺបានកើតចេញពីកត្តានៃសន្តិភាព។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍លើកឡើងនៅក្នុងពិធីអបអរសាទរខួប១១ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនេបៀ Minebea(Cambodia) នៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២២ នេះថា ពាក់ព័ន្ធបញ្ហាហេដ្ឋារចនាសម្ព័ន្ធ, បញ្ហាធនធានមនុស្ស និងទាក់ទងបញ្ហាតម្លៃអគ្គិសនី រាជរដ្ឋាភិបាលបានដោះស្រាយរួចហើយ ប៉ុន្តែរឿងដែលធំជាងគេ គឺត្រូវតែថែរក្សាសន្តិភាពឲ្យបាន ទើបកម្ពុជាអាចរក្សាបណ្តាក្រុមហ៊ុនដែលកំពុងមានស្រេច និងការទាក់ទាញក្រុមហ៊ុនថ្មីៗមកវិនិយោគនៅកម្ពុជាបន្ថែម ។
ទាក់ទងការដំឡើងរថយន្តនេះ, សម្ដេចតេជោ ហ៊ុន សែន បន្តឲ្យដឹងថា នៅពេលជួបសន្ទនារវាងសម្ដេច និងនាយករដ្ឋមន្រ្តីជប៉ុន គឺឯកឧត្តម ហ៊្វូមីអូ គីស៊ីដា នៅទីក្រុងតូក្យូ ក្នុងពេលសម្តេចអញ្ជើញបុណ្យសព អតីតនាយករដ្ឋមន្រ្តី ឯកឧត្តម ហ្ស៊ិនស៊ូ អាបេ ក្នុងនោះឯកឧត្តម ហ៊្វូមីអូ គីស៊ីដា ស្នើឲ្យកម្ពុជាគាំទ្រនៃគម្រោងបង្កើតផ្គុំ និងដំឡើងរថយន្ត ។
សម្ដេចតេជោ បន្ថែមថា ដូច្នេះនៅមិនឆ្ងាយពីរោងចក្រ Minebea(Cambodia) គឺនឹងមានរោងចក្រផ្គុំ និងដំឡើងរថយន្ត តូយ៉ូតា ថ្មីមួយទៀតកើតនៅក្នុងតំបន់នេះ ។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ជុំវិញការផ្គុំ និងដំឡើងរថយន្តនេះ កម្ពុជាទទួលបានក្រុមហ៊ុនមួយចំនួនរួចហើយដូចជា ក្រុមហ៊ុនផ្គុំ និងដំឡើងរថយន្ត Hyudai នៅខេត្តកុងកោះ ក្រុមហ៊ុន RMA Cambodia ផ្គុំ និងដំឡើងរថយន្ត FORD នៅខេត្តពោធិ៍សាត់, គម្រោងដំឡើងរថយន្ត ISUZU របស់ក្រុមហ៊ុន K (CAMBODIA) CO., LTD នៅខេត្តកំពង់ស្ពឺ និងក្នុងពេលខាងមុខនេះ កម្ពុជានឹងមានរោងចក្រផ្គុំ និងដំឡើងរថយន្តថ្មីមួយរបស់ក្រុមហ៊ុន តូយូតា ដែលកត្តាទាំងអស់នេះ កម្ពុជាមិនត្រឹមពង្រីកក្រុមហ៊ុនដែលមានស្រាប់នៅទីនេះទេ គឺកម្ពុជាទាក់ទាញបានក្រុមថ្មីៗជាច្រើនទៀត ឲ្យមកបណ្តាក់ទុនជាបន្តបន្ទាប់៕
Post a Comment