លោកបណ្ឌិត ហ៊ុន ម៉ាណែត៖ ពេទ្យស្ម័គ្រចិត្តTYDA បានព្យាបាលប្រជាពលរដ្ឋជិត៤០ម៉ឺននាក់​ដោយ​មិនគិត​លុយ

លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន​សម្តេចតេជោ (TYDA) ​បានថ្លែងថា ក្រុមគ្រូពេទ្យ TYDA បានបង្កើតមកអស់រយៈពេល១០ឆ្នាំ​មកហើយ ក្រុមគ្រូពេទ្យបានធ្វើការព្យាបាលមិនគិតលុយដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដោយមិនគិត​និន្នាការ​នយោបាយ ​និងរើសអើងជាតិសាសន៍បានជិត ៤០ម៉ឺននាក់។

ថ្លែងនៅក្នុងពិធីអបអរសាទរ ​និងពិសារអាហាសាមគ្គីគម្រប់ខួប១០ឆ្នាំ របស់សមាគមគ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជនសម្តេចតេជោ (TYDA)នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ​ នៅរាជធានីភ្នំពេញលោក ហ៊ុន ម៉ាណែត បានលើកឡើងថា «ពេទ្យTYDA បានវិវត្តពីការព្យាបាលជម្ងឺទូទៅ និងតូចតាច នៅ​តាមមូលដ្ឋានឈានទៅព្យាបាលប្រភេទជម្ងឺធ្ងន់​ជាអាទិ៍៖ ជំងឺមហារីក ​ជំងឺបេះដូង និង​ជាពិសេស​បាន​ពុះពារ​ក្នុង​ដំណាក់កាល​ដ៏​ស្មុគស្មាញ​ជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំង​នឹងជំងឺកូវីដ-១៩»។ ក្នុងរយៈកាល១០ឆ្នាំ មកនេះ TYDA​ បានព្យាបាលជូនប្រជាជនសរុបចំនួនជាង​ ៣៦ម៉ឺននាក់ ក្នុងនោះចំនួនជាង ៦.០០០ នាក់ ជាប្រភេទជម្ងឺធ្ងន់ ។ 

​ដោយសារ​សមិទ្ធផលទាំងអស់នេះហើយ ទើប TYDA ត្រូវបានទទួលស្គាល់ពីសំណាក់ប្រជាជន​គ្រប់ស្រទាប់ ​ព្រមទាំងគ្រប់ស្ថាប័នពាក់ព័ន្ធ ចំពោះកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ​ និងសមាជិក​ សមាជិកា​ទាំងអស់​ក្នុងការ​សង្គ្រោះអាយុជីវិតរបស់ប្រជាជនគ្រប់រូប ​ដើម្បីជួយផ្តល់នូវស្នាម​ញញឹម ​និង​ភាពសប្បាយរីករាយ​ដល់​សង្គមគ្រួសារកម្ពុជា។

ជាមួយគ្នានោះលោក ហ៊ុន ម៉ាណែត ក៏​បានអបអរសាទរ​ ចំពោះសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន​សម្តេចតេជោ ​(TYDA) ដែលបានធ្វើដំណើរអស់រយៈកាល ១០ឆ្នាំកន្លងមក ដោយចាប់ផ្តើមពី​សមាគម​ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ​ខេត្តកំពង់ចាម ​ជាមួយសមាជិកតែ​ ៨ នាក់ កាលពីឆ្នាំ២០១១​ រហូតមកដល់ពេលបច្ចុប្បន្ន ​មានសមាជិកកើនទ្បើងដល់ជាង​ ៨.០០០ នាក់ និង​មានការរីកលូតលាស់នៅតាមគ្រប់បណ្តាខេត្តក្នុងព្រះរាជាណាចក្រកម្ពុជា ហើយនឹង​កំពុង​បន្តរីកចម្រើន​តទៅទៀត ។

ក្នុងឱកាសនោះដែរ លោកក៏សូមគោរពថ្លែងអំណរគុណ ​និង​កតញ្ញូ​តាធម៌​ ចំពោះសម្តេចតេជោ នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ​ដែលតែងបានផ្តល់នូវការគាំទ្រ ទាំងការផ្តល់នូវគោល​គំនិត ការតម្រង់ទិស ​និងការលើកទឹកចិត្តក្នុងការចូលរួមជួយសង្គ្រោះដល់​ប្រជាជនតាមលទ្ធភាព​ដែល​អាចធ្វើទៅបានប្រកបដោយទឹកចិត្ត​សប្បុរស​ ព្រមទាំងបានឆ្លៀតពេល​វេលាពីភាព​មមាញឹក មកជួប​សំណេះសំណាល​ជាមួយថ្នាក់ដឹកនាំ​ និងសមាជិក សមាជិការរបស់ TYDA នាពេលកន្លងមកថែមទៀតផង។

ទន្ទឹមនឹងនេះ ក៏សូមថ្លែងអំណរគុណផងដែរ ​ចំពោះអាជ្ញាធររាជធានី-ខេត្ត ​និងគ្រប់ក្រសួង ស្ថាប័នពាក់​ព័ន្ធទាំងអស់​ ដែលបានផ្តល់ការគាំទ្រ ​និងកិច្ចសហប្រតិបត្តិការល្អកន្លងមក ដែលបាន​បង្កភាពងាយស្រួលដល់សមាគម ​ក្នុងបម្រើប្រជាជន​ ជាពិសេសចំពោះក្រសួងសុខាភិបាល និង​មន្ទីរសុខាភិបាលរាជធានីខេត្ត ដែលបានផ្តល់ការទុកចិត្តដល់ TYDA ក្នុងការចូលរួមជាមួយកម្លាំង​សាមគ្គី​ទូទាំង​ប្រទេសក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ​ដ៏កាចសាហាវ ​កន្លងមក។

ជាមួយគ្នានេះ ​លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់សប្បុរសជន, កម្លាំងយុវជន​ស្ម័គ្រចិត្ត, សិល្បករ, សិល្បការិនី, ដៃគូជាតិ និងអន្តរជាតិនានា ​ដែលបានយកចិត្តទុកដាក់ និងជួយ​ឧបត្ថម្ភគាំទ្រដល់ TYDA នៅក្នុងបុព្វហេតុដ៏ថ្លៃថ្លា ​នៃការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុង​ការថែរក្សាសុខុមាលភាពប្រជាជននៅតាមមូលដ្ឋាន​ ព្រោះថាសុខភាពល្អ​បរិបូណ៌ គឺជាទ្រព្យធន​ដ៏មានតម្លៃមហាសាល, និង ជាកត្តាចាំបាច់ និង មិនអាចខ្វះបាន នៅក្នុងកិច្ចដំណើរការនៃ​ការ​អភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។

លើសពីនេះ ​សូមអរគុណដល់ថា្នក់ដឹកនាំ សមាជិក សមាជិការបស់ TYDA ទាំងអស់ ដែលបាន​លះបង់កម្លាំង​កាយចិត្ត និង ប្រាជ្ញាស្មារតី ដែលបានចូលរួមជំរុញឱ្យសមាគមរីកលូតលាស់ និង មាន​សមិទ្ធផលជាផ្លែផ្កា ដើម្បីបំពេញបេសកម្មជូនប្រជាជនឱ្យកាន់តែល្អប្រសើរផងដែរ៕

Powered by Blogger.