Update: ​អាជ្ញាធរខេត្តបន្ទាយមានជ័យ និង​ខេត្តស្រះកែវ រួមគ្នាសម្រួលការដឹកទំនិញ និងការធ្វើដំណើរឆ្លងកាត់ជាធម្មតា ក្រោយមានហេតុការណ៍ឆេះកាស៊ីណូនៅប៉ោយប៉ែត

អាជ្ញាធរខេត្តបន្ទាយមានជ័យនៃប្រទេសកម្ពុជា ​ និង​អាជ្ញាធរខេត្តស្រះកែវ ប្រទេសថៃ បានសម្រេចរួមគ្នាសម្រួលឱ្យមានការដឹកទំនិញឆ្លងកាត់តាមច្រកទ្វារអន្តរជាតិស្ទឹងបត់ រវាង ប្រទេសទាំងពីរ ក្រោយមានហេតុការណ៍អគ្គិភ័យឆេះកាស៊ីណូនៅក្រុងប៉ោយប៉ែត និងក៏បាន សម្រួលឱ្យមានការធ្វើដំណើរឆ្លងកាត់របស់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋបានដោយធម្មតា តាមរយៈផ្លូវវាងដល់ព្រំដែនតែម្តង។

ថ្លែងនៅក្នុងពិធីបើកការដ្ឋាន និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ និង៣៣ ក្នុងខេត្តកំពត កាលពីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានណែនាំឱ្យអាជ្ញាធរប្រញាប់ប្រញាល់រៀបចំសណ្តាប់ធ្នាប់នៅ កន្លែងឆេះកាស៊ីណូ ដើម្បីសម្រួលការធ្វើដំណើរឆ្លងកាត់ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត។

ពាក់ព័ន្ធនឹងការងារនេះ អភិបាលខេត្តបន្ទាយមានជ័យ ​ឯកឧត្តម អ៊ុំ រាត្រី បានប្រាប់​ ឱ្យដឹងថា យោងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី រដ្ឋបាល ខេត្តបន្ទាយមានជ័យ រួមទាំងអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ កាលពីម្សិលមិញ បានធ្វើការសម្រប សម្រួលជាមួយភាគីថៃឱ្យដឹងទំនិញចេញ-ចូល ឱ្យដំណើរការធ្វើធម្មតា ទោះបីជាមាន ឧបទ្ទវហេតុអគ្គិភ័យនេះកើតឡើង ដែលយើងបានសម្របសម្រួលប្រចាំថ្ងៃឱ្យឆ្លងកាត់ច្រក ទ្វារអន្តរជាតិស្ទឹងបត់ហើយ។ ដោយឡែក ភ្ញៀវទេសចរ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ អាជីវករ ដែលចេញចូល រវាងកម្ពុជា និងថៃ ជាពិសេសប្រជាពលរដ្ឋដែល ប្រកបមុខរបរនៅ ផ្សាររុងក្លឿ យើងបានបើកដំណើរការឱ្យចេញចូលធម្មតាវាងផ្លូវពីកន្លែងកើតហេតុ ទៅដល់ព្រំដែនតែម្តង ពុំមានការរាំងស្ទះនោះឡើយ។

យោងតាមការផ្តល់ព័ត៌មានពីឯកឧត្តមឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការ រងនគរបាលជាតិបានប្រាប់ពីចំនួន ដែលសមត្ថកិច្ចប្រទេសទាំងពីររុករកឃើញ សពជនរង គ្រោះ​ក្នុងហេតុការណ៍អគ្គិភ័យឆេះកាស៊ីណូហ្គ្រេនដាយមិនស៊ីធីក្រុងប៉ោយប៉ែត ដោយគិត មកដល់គិតត្រឹមម៉ោង១២ និង៤៥នាទី ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ រកឃើញសពចំនួន ២៥នាក់ស្លាប់ នៅមន្ទីពេទ្យថៃចំនួន០១នាក់ ហើយក្នុងនោះក្រោយធ្វើកោសល្យវិច័យ រួចកាល ពីយប់មិញមានសាកសពជនជាតិថៃចំនួន១០នាក់ ត្រូវបានអនុញាត និងបានយកចេញទៅ ប្រទេសថៃ ក្នុងនោះនៅមានសាកសពបីនាក់ជនជាតិថៃទៀតមិនទាន់បានប្រគល់បញ្ជូន។

ក្រៅពីសាកសពថៃទាំង១៣នាក់ នៅមានសាកសពជនជាតិនេប៉ាល់ចំនួន១នាក់ និងសាក សពជនជាតិចិនចំនួន១នាក់ទៀត។ ក្រៅពីនោះជាសាកសពដែលទើបរកឃើញថ្មីៗ មិនទាន់ កំណត់​បាននៅឡើយ។ ចំណែកអ្នករងគ្រោះរបួសមានប្រមាណ៨០នាក់។ ក្រៅពីការផ្តល់ ព័ត៌មានខាងលើ ឯកឧត្តមអគ្គស្នងការរងបានស្នើដល់ភាគីថៃ ធ្វើយ៉ាងណាសហការ គ្នាកំណត់ចំនួនឱ្យបានជាក់លាក់រវាងភាគីទាំងពីរចៀសវាងតួលេខខុសគ្នា។

សូមរំលឹកថា អគ្គិភ័យនេះ បានកើតមានតាំងពីវេលាម៉ោង១១៖៣០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ខណៈមូលហេតុ ត្រូវបានគេរាយការណ៍ជំហានដំបូងថា ឆ្លងចរន្ដអគ្គិសនីនៅ ទីតាំងហ្គេមជាន់ក្រោម ហើយបានរីករាលដាលតែម្ដង។ ទីតាំងដែលឆេះនេះមានពីរអគារ ដោយក្នុងនោះឆេះផ្ដើមដំបូងចេញពីអគារហ្គេនដាយមិន និងរីករាលដាលទៅកាន់អគារ ប៉ោយប៉ែតរីសត។ ឥឡូវនេះអគ្គិភ័យត្រូវបានកម្លាំងសមត្ថកិច្ចបានពន្លត់អស់ទាំងស្រុង ហើយប៉ុន្តែក្រុមអ្នកជួយសង្គ្រោះកំពុងប្រឹងប្រែងយ៉ាងសស្រាក់សស្រាំ ដោយធ្វើការ វាយអគារដែលបានភ្លើងឆេះដើម្បីស្វែងរកជនគ្រោះជាបន្តទៀត។ ប្រតិបត្តិការនៅកន្លែងកើត ហេតុធ្វើឡើងដោយកម្លាំងរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ សហការជា មួយកងប្រតិបត្តិការរុករក និងសង្គ្រោះ ៧១១ នៃកងពលតូចលេខ៧០, កម្លាំងអាជ្ញាធរខេត្ត មាន នគរបាល អាវុធហត្ថ និងយោធា ព្រមទាំងមានការចូលរួមពីកងកម្លាំង សមត្ថកិច្ចរបស់ ថៃផងដែរ។

តាមការឱ្យដឹងពីសមត្ថកិច្ចបានអះអាងថា ក្រោយរកឃើញសពជនរងគ្រោះជា បន្តបន្ទាប់ ក្នុងហេតុការណ៍ឆេះអគារកាស៊ីណូនេះ អាជ្ញាធរបានសម្រេចតម្កល់សពជន រងគ្រោះនៅវត្តត្រាច ដែលមានចម្ងាយប្រហែលជា ២គីឡូម៉ែត្រ ពីទីតាំងកើតហេតុ ដើម្បីធ្វើ កោសល្យវិច្ច័យ មុនធ្វើការដឹកសាកសពចេញទៅតាមតំបន់គោលដៅនានា និងប្រទេសថៃ៕









Powered by Blogger.