ឯកឧត្តម ស សុខា អញ្ជើញប្រគល់អំណោយ និងពិសាអាហារសាមគ្គីជាមួយនិវត្តន៍ជននៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់

នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ នេះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានអញ្ជើញជាអធិបតីពិធីសំណេះសំណាល ប្រគល់អំណោយ និងពិសាអាហារសាមគ្គីជាមួយនិវត្តន៍ជន នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ចំនួន ៣៨៧នាក់។

ក្នុងឱកាសនោះឯកឧត្តម ស សុខា ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម និងលោកជំទាវ ប្រគល់ជូននិវត្តន៍ជនដែលអញ្ជើញចូលរួមទាំង ៣៨៧នាក់ ដោយក្នុងម្នាក់ៗទទួលបាន ៖ អង្ករ ចំនួន ២០គីឡូក្រាម សារុង ចំនួន ១ ក្រមា ចំនួន ១ មី ចំនួន ១កេស ទឹកបរិសុទ្ធ ចំនួន និងថវិកា ចំនួន ៥ម៉ឺនរៀល។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា ឆ្នាំចាស់បានកន្លងផុតទៅ ដោយបន្សល់ទុកនូវអនុស្សាវរីយ៍ ក៏ដូចជាការចងចាំដែលមានទាំងរឿងសប្បាយរីករាយ និងបញ្ហាប្រឈម ដែលយើងបានចូលរួមចំណែក រួមគ្នាដោះស្រាយប្រកបដោយស្មារតីសាមគ្គីភាព ភារតភាព និងការទទួលខុសត្រូវរបស់ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅទូទាំងប្រទេស ។ ជាពិសេសក្រោមដំបូលនៃសុខសន្តិភាព ដែលជាសមិទ្ធផលដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន នៃថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩ រួមទាំងកិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីលះបង់ខ្ពស់ ក្រោមចក្ខុវិស័យច្បាស់លាស់ និងឆ្លាតវៃរបស់ប្រមុខរាជរដ្ឋាភិបាល គឺសម្តេចតេជោ ហ៊ុន សែន ធ្វើកម្ពុជាអាចងើបឈរបានយ៉ាងរឹងមាំ អាចយកឈ្នះលើការរីករាលដាល នៃជំងឺកូវីដ-១៩ និងអាចប្រឈម ក៏ដូចជាប្រយុទ្ធតតាំងនឹងវិបត្តិសេដ្ឋកិច្ចដែលបង្កឡើងដោយសារវិបត្តិជំងឺសកល និងចុងក្រោយនេះដោយសារសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលរហូតមកដល់ពេលនេះ នៅមិនទាន់មាននរណាអាចហ៊ាននិយាយថាវិបត្តិនោះនឹងបន្តកើតមានរហូតដល់ពេលណានោះឡើយ។
ឯកឧត្តម ស សុខា បានបន្តទៀតថា ការលះបង់ទាំងកម្លាំងកាយចិត្ត ពេលវេលា និងពេលខ្លះរហូតដល់អាយុជីវិតរបស់កងកម្លាំងគ្រប់ប្រភេទ ក្នុងនោះមានទាំងកម្លាំងដែលចូលនិវត្តន៍ និងមានវត្តមាននៅទីនេះដែរ បានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ ក៏ដូចជាសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ បង្កបរិយាកាសអំណោយផលល្អដល់វិនិយោគិន ទាំងក្នុងនិងក្រៅប្រទេស បោះទុនវិនិយោគរាប់រយពាន់លានដុល្លារ ។ តាមរយៈគម្រោងវិនិយោគនានារបស់ក្រុមវិនិយោគិនទាំងនោះ ពិតជាបានចូលរួមចំណែកស្រូបទាញយកកម្លាំងពលកម្មក្នុងស្រុក និងជំរុញដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេស។
ក្នុងនាមសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម ស សុខា បានស្នើទៅកាន់អង្គពិធី ឲ្យបន្តយកចិត្តទុកដាក់ចំពោះចំណុចមួយចំនួនដូចខាងក្រោម ៖
១. សូមយកចិត្តទុកដាក់ថែរក្សាសុខភាព និងអនាម័យឲ្យបានគ្រប់ពេលវេលា ដោយអនុវត្តឲ្យបានខ្ជាប់ខ្ជូននូវវិធានការនានាដែលក្រសួងសុខាភិបាល បានដាក់ចេញនាពេលកន្លងមក សំដៅទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ផង ក៏ដូចជាលើកកម្ពស់នូវសុខុមាលភាពរបស់ខ្លួន និងក្រុមគ្រួសារផង។ ជាការកត់សម្គាល់របស់ឯកឧត្តម រហូតមកដល់ពេលនេះ បើទោះបីនៅកម្ពុជា អត្រាឆ្លងនៃជំងឺកូវីដ-១៩ មានកម្រិតទាបក្តី ក៏ប៉ុន្តែនៅប្រទេសធំៗមួយចំនួន មានប្រទេសចិនជាដើម នៅរយៈពេលចុងក្រោយនេះ អត្រាឆ្លងប្រចាំថ្ងៃ មានកម្រិតខ្ពស់ គួរឲ្យកត់សម្គាល់ និងកំពុងតែបង្កនូវក្តីបារម្ភពីការផ្ទុះឡើងខ្លាំងសារជាថ្មី រហូតដល់បណ្តាលប្រទេសមួយចំនួន បានដាក់ចេញនូវការរឹតត្បិតការធ្វើដំណើររបស់ជនជាតិចិន ទៅកាន់ប្រទេសរបស់គេ ដូចជាករណីនៅប្រទេសអាមេរិក និងប្រទេសជប៉ុន ជាដើម។
២. សូមបន្តលើកកម្ពស់នូវស្មារតីសាមគ្គីភាពនៅក្នុងសហគមន៍ ក៏ដូចជានៅក្នុងសង្គមជាតិទាំងមូល ដោយចៀសវាងនូវទំនាស់ទាស់ទែងគ្នា ឈានទៅបែកបាក់សាមគ្គីភាពរវាងគ្នា និងគ្នា ដែលអាចនាំអោយសង្គមជាតិ ឈានទៅរកការបែកបាក់មានអស្ថិរភាពកើតឡើង។
៣. សូមបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះគ្រោះអគ្គីភ័យដែលអាចកើតមានឡើយជាយថា ហេតុក្នុងរដូវប្រាំងនេះ ជាពិសេសនៅរាល់ពេលអុជធូបទៀនសែនព្រេនផ្សេងៗ ចង្ក្រានហ្កាស រួមទាំងការឆ្លងចរន្តអគ្គិសនី។
៤. សូមបន្តយកចិត្តទុកដាក់តាមដានសកម្មភាព ក៏ដូចជាឥរិយាបទរបស់កូនៗ ឲ្យបានជាប់ជាប្រចាំ ថាតើពួកគេបានសេពគប់ជាមួយនរណាខ្លះ? បានទៅសិក្សាជាប់លាប់ដែរឬក៏អត់? ដើម្បីឲ្យប្រាកថា កូនៗទទួលបានការសិក្សាអប់រំពិតប្រាកដ ចៀស ឆ្ងាយ ពីអំពើអបាយមុខទាំងឡាយជា ពិសេស បញ្ហាគ្រឿងញៀន៕



Powered by Blogger.