សម្ដេចតេជោ ហ៊ុន សែន ព្រមានចំពោះអ្នកនយោបាយកុំឱ្យយករឿងអនុវត្តន៍ច្បាប់ទៅភ្ជាប់នឹងរឿងនយោបាយ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបានផ្ដាំផ្ញើ ជាមួយនឹងការព្រមានទៅកាន់អ្នកនយោបាយកុំយករឿងអនុវត្តន៍ច្បាប់ទៅភ្ជាប់នឹងរឿងនយោបាយបន្តទៀត ហើយព្រមានប្ដឹងគណបក្សមួយដែលចេញសេចក្ដី ថ្លែងការណ៍បន្ទោសថាគណបក្ស កាន់អំណាចគំរាមកំហែងខ្លួន។
ការព្រមានរបស់សម្ដេចតេជោនាយករដ្ឋមន្រ្ដីនេះ បន្ទាប់ពីគណបក្សភ្លើងទៀន បានចេញសេចក្តីថ្លែងការណ៍ ដែលបានលើកឡើងថាការឃាត់ខ្លួននិងឃុំខ្លួនលោក ថាច់ សេដ្ឋា អនុប្រធា នគណបក្សភ្លើងទៀនពាក់ព័ន្ធនឹងការចេញសែកគ្មានសាច់ប្រាក់នោះថា ជារឿងនយោបាយ និងជារូបភាពគំរាមកំហែង។
ថ្លែងក្នុងឱកាសអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ «មន្ទីរពេទ្យជាតិតេជោសន្ដិភាព» មានទីតាំងស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា៖ «ខ្ញុំចង់ផ្ញើសារទៅអ្នកទាំងឡាយកុំរឿងអីសុទ្ធតែរឿងនយោបាយទាំងអស់ ហើយខ្ញុំសុំទទូចដោយទទូចៗអង្វរកផង តែក៏មានវិធានការផ្លូវច្បាប់ចំពោះអ្នកឯងដែរ។ អ្នកឯងអត់អាចចេញសេចក្ដីថ្លែងការណ៍បន្ទោសថាគណបក្សកាន់អំណាចគំរាមកំហែងអ្នកឯងទេ អ្នកឯងប្រ យ័ត្នគណបក្សប្រជាជនប្ដឹង និយាយគ្នាឱ្យច្បាស់ជាមួយគ្នាអីចឹងហ្មង»។ សម្ដេចតេជោ បានលើកឡើងថា មានអនុប្រធានគណបក្សមួយដែលត្រូវបានចាប់ខ្លួននិងឃុំខ្លួនដោយសារតែចេញសែកស្អុយ វាជារឿងតុលាការ គេចាប់អ្នកឯង។ ដូច្នេះវាមិនមែនជារឿងស្អីក៏ជារឿងនយោបាយ នយោបាយនោះទេ។
សម្តេចតេជោនាយករដ្ឋមន្រ្ដីបានព្រមានខ្លាំងៗទៅកាន់គណបក្សភ្លើងទៀនថា ត្រូវបញ្ឈប់ការចេញសេចក្តីថ្លែងការណ៍ដែលថាគណបក្សកាន់អំណាចធ្វើការគំរាមកំហែងគៀបសង្កត់តទៅទៀត។ បើមិនអីចឹងទេគណបក្សប្រជាជននឹងប្តឹងទៅតុលាការមិនខាន។សម្តេចតេជោថ្លែងបញ្ជាក់ថា នឹងបញ្ចប់ពួកគេតាមផ្លូវតុលាការទាំងអស់ ហើយឱ្យឈប់និយាយប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់គណបក្សប្រជាជនជាដាច់ខាត ៕
Post a Comment