ភ្ញៀវទេសចរ ៣ម៉ឺននាក់ បានទៅលេងកម្សាន្តក្នុងខេត្តកំពត ក្នុងថ្ងៃទី២ នៃឱកាសបុណ្យចូលឆ្នាំចិន

ភ្ញៀវទេសចរប្រមាណជិត ៣ម៉ឺននាក់ បានទៅសម្រាកកម្សាន្តក្នុងខេត្តកំពត ក្នុងថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំចិន-វៀតណាម។ ចំពោះសេវាស្នាក់នៅក្នុងខេត្ត ភ្ញៀវបានកក់មានចំនួនតិច ប្រមាណជា ៤០%ប៉ុណ្ណោះ ក្នុងចំណោមបន្ទប់ស្នាក់សរុបជាង ៤ពាន់បន្ទប់ ប៉ុន្តែថ្ងៃទី៣ ចំនួនភ្ញៀវកក់បន្ទប់មានការកើនឡើង។ ចំពោះ បឹងហ្គាឡូ រីស៊ត សណ្ឋាគារធំៗ ទទួលបានការកក់រហូតដល់ ៧០%។ ភ្ញៀវភាគច្រើនចូលចិត្ត (Walk In) គឺនៅពេលចូលមកដល់ស្នាក់នៅតែម្តង។ នេះបើយោងតាមការឱ្យដឹងពី លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត។

លោក សយ ស៊ីណុល បានបញ្ជាក់ថា ក្នុងថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ពោលគឺ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ ទិដ្ឋភាពជារួមនៅក្នុងក្រុងកំពតបានចាប់ផ្តើមមានភាពអ៊ូអរ និងមានសកម្មភាពធ្វើដំណើរនៅលើដងផ្លូវសំខាន់នានាក្នុងក្រុងមានភាពមមាញឹកខ្លាំងច្រើន។
ផ្លូវជាតិលេខ៣ ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តកំពត គេសង្កេតឃើញមានរថយន្តជាច្រើនបានធ្វើដំណើរសម្រុកចូកក្រុងកំពត បន្ទាប់មកពួកគាត់បានធ្វើដំណើរចេញឆ្ពោះទៅកាន់តំបន់រមណីយដ្ឋាន និងតំបន់ទេសចរណ៍នានាក្នុងខេត្ត។
ចំណែកនៅថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ពោលគឺ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ សកម្មភាព ធ្វើដំណើររបស់ភ្ញៀវទេសចរមានភាពមមាញឹក គិតត្រឹមម៉ោង១០ព្រឹក ប៉ុន្តែចំណុចប្រឈមនឹងការកកស្ទះ ដូចជានៅតំបន់ស្ពានថ្មីត្រើយខាងលិច និងត្រើយខាងកើត ស្តុបផ្សារសាមគ្គីទីរួមខេត្តកំពត និងតំបន់មាត់ព្រែក នៅមិនទាន់មានការកកស្ទះនៅឡើយទេ។ ទោះជាយ៉ាងនេះក៏ដោយ កងកម្លាំងមានសមត្ថកិច្ចចម្រុះ ត្រូវបានដាក់ពង្រាយនៅតាមចំណុចផ្លូវប្រសព្វគ្នា ដើម្បីសម្រួលចរាចរណ៍កុំឱ្យមានកកស្ទះ៕


Powered by Blogger.