ឃាត់ខ្លួនយុវជនញៀនថ្នាំម្នាក់ ពីបទលួចរថយន្ត ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត

ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលផែនព្រហ្មទណ្ឌ ផែនចរាចរណ៍ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួន ពីបទលួចរថយន្តរបស់ពលរដ្ឋម្នាក់ នៅភូមិអូរឬស្សី សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត កាលពីព្រលប់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង៦:៤៥នាទី។


លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣នេះថា ជនសង្ស័យដែលនគរបាលឃាត់ខ្លួនមានឈ្មោះ អោ រដ្ឋា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិអូឬស្សី សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត(យោងតេស្តទឹកនោម ជនសង្ស័យមានសារធាតុញៀន)មុនធ្វើសកម្មភាពជនសង្ស័យទើបតែជក់ថ្នាំញៀនរួច។ ពលរដ្ឋរងគ្រោះមានឈ្មោះ សៅ រ៉ា ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិតាបែន ឃុំតាបែន ស្រុកស្វាយចេក។
លោកវរសេនីយ៍ឯក សៅ សារឿន បានបញ្ជាក់ថា យោងការររាប់របស់ជនរងគ្រោះបានឲ្យដឹងថា កាលពីល្ងាចថ្ងៃព្រហស្បតិ៍ វេលាម៉ោង៦:៣៥នាទីល្ងាច បានជិះរថយន្តម៉ាកហ្វត Ranger សេរីឆ្នាំ២០១៧ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខបន្ទាយមានជ័យ 2E:7998 បានទៅមើលឃ្លាំងធ្វើត្រីរបស់ខ្លួន ហើយបានចតចោលលើចិញ្ចើមផ្លូវចម្ងាយ២០ម៉ែត្រមុខឃ្លាំង ដោយមិនបានពន្លត់ម៉ាស៊ីនទេ ព្រោះគិតថាចុះទៅមើលមួយភ្លេត ស្រាប់តែ១៥នាទីក្រោយមក មានជនមិនស្គាល់អត្តសញ្ញាណ១នាក់ បានឡើងបើករថយន្តរបស់ខ្លួន ចេញដំណើរលើផ្លូវជាតិ៥៨ គេចខ្លួនបាត់ស្រមោល ទើបខ្លួនទូរស័ព្ទប្តឹងឲ្យនគរបាលគ្រប់ផ្នែកពាក់ព័ន្ធជួយអន្តរាគមន៍។
ពាក់ព័ន្ធករណីខាងលើ លោកឧត្តមសេនីយ៍ នូ ជីវ័ន្ត ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ បានឲ្យដឹងថា ក្រោយពីទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ មានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ លោកបានដឹកនាំកម្លាំងចុះស្រាវជ្រាវ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានស្ទាក់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អោ រដ្ឋា កំពុងដើរនៅលើផ្លូវ មានការសង្ស័យបានហៅសួនាំ និងធ្វើការឆែកឆេរ រកឃើញសោរថយន្តហ្វតក្នុងហោប៉ៅខោ ជនសង្ស័យបានប្រាប់ថា គេបានបើករថយន្តទៅចតចោលក្នុងចំការដំឡូង ចម្ងាយ៥០០ម៉ែត្តពីមណ្ឌលសុខភាពសង្កាត់អូរឬស្សី ទើបសមត្ថកិច្ចឃាត់ខ្លួនសួនាំ និងបានបញ្ជូនមកការិយាល័យនគរបាលព្រហ្មទណ្ឌកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី។
គួរបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបករណីចោរលួចរថយន្ត គឺនគរបាលបានចំណាយពេលអស់ជាង១ម៉ោង ទើបឃាត់ខ្លួនជនសង្ស័យបានសម្រេច។ ទាំងគឺដោយសារមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោស្នងការ ដែលបានដឹកនាំបញ្ជាផ្ទាល់ ដល់កម្លាំងនគរបាលគ្រប់ក្រុង,ស្រុក បញ្ជាការវរ: អង្គភាពពាក់ព័ន្ធ យាមល្បាត ប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ទើបរាល់បទល្មើសដែលកើតឡើង តែងតែត្រូវបង្ក្រាបបានជោគជ័យ ប្រកបដោយប្រសិទ្ធភាព៕
Powered by Blogger.