ហេតុផលដែលជនជាតិចិន និយមទិញផ្កាអង្គាសីល ដាក់លម្អក្នុងផ្ទះ ថ្ងៃចូលឆ្នាំ
ប្រជាជនមួយចំនួននិយមផ្សងសំណាងតាមរយៈផ្កាអង្គាសីល ដោយបានជឿជាក់ថា ប្រសិនបើផ្កានេះរីកចំពេលចូលឆ្នាំចិន គឺតំណាងឲ្យការរកស៊ី និងការធ្វើកិច្ចការផ្សេងៗទទួលបានផលជោគជ័យតាមសេចក្ដីប្រាថ្នា។ ទន្ទឹមនឹងនេះ ផ្កាអង្គាសីលជាផ្កាមួយប្រភេទ ដែលមេដឹកនាំបដិវត្តន៍ចិន ម៉ៅ សេទុង ចូលចិត្តខ្លាំងបំផុត ព្រោះផ្កានេះមានលក្ខណៈពិសេសរបស់វា ហើយប្រជាជនចិន តែងយកផ្កានេះដាក់ក្នុងផ្ទះ នាឱកាសចូលឆ្នាំប្រពៃណីចិន។ បន្ថែមពីនេះទៀត តាមការលើកឡើងរបស់អ្នកជំនាញចិនសែថា ទាក់ទងនឹងជឿនឿនេះ ជនជាតិចិនតែងជឿថា គេនឹងទទួលបានលាភជ័យ សំណាងក្នុងឆ្នាំថ្មី ព្រោះផ្កាអង្គារសីល ពណ៌របស់វា ត្រូវបានតំណាងឱ្យពណ៌មាស ជាពណ៌ដែលនាំមកនូវទ្រព្យសម្បត្តិ ភាពរុងរឿង និងហេងៗ ក្នុងឱកាសឆ្នាំថ្មី។
«ផ្កាអង្គាសីល» ពេលដែលទឹកកកធ្លាក់រឹតតែត្រជាក់ រឹតតែរីក សំដៅប្រដូចទៅហ្នឹងមេដឹកនាំបដិវត្តន៍ចិន ម៉ៅ សេទុង គាត់ឆ្អឹងរឹង រឹតតែរងារ រឹតតែលូតលាស់។ ដូច្នេះចិនទិញផ្កាអង្គាសីលហ្នឹង តំណាងឲ្យសេចក្ដីថ្លៃថ្នូរ ខ្ពង់ខ្ពស់ និងមិនចេះចុះចាញ់ខ្មាំង ព្រោះរឹតតែរងារ រឹតតែជំនះលូតលាស់»។ ច្នេះហើយប្រជាជនចិន តែងយកផ្កាអង្គាសីលដាក់ក្នុងផ្ទះ ព្រោះវាមានក្លិនក្រអូប ដែលតំណាងឱ្យភាពថ្លៃថ្នូរ និងកេរ្តិ៍ឈ្មោះល្បីល្បាញ។ បើផ្កានេះរីកមុនថ្ងៃចូលឆ្នាំ គឺមិនល្អប៉ុន្មានទេ ប៉ុន្តែបើរីកក្នុងថ្ងៃចូលឆ្នាំរយៈពេល ៣ ថ្ងៃជាប់គ្នា ចិនជឿថា ល្អ បើរីកជាប់គ្នា ៧-១៥ ថ្ងៃ គឺល្អលេខមួយ ពោលគឺសំណាងល្អ រាសីឡើងខ្ពស់ត្រដែត មានសុភង្គល សេចក្ដីថ្លៃថ្នូរ និងទ្រព្យសម្បត្តិនៅគង់វង្សយូរអង្វែង។
បើតាមឯកសារមួយចំនួនសរសេរថាប្រជាជនចិនច្រើននិយមហៅផ្កាអង្គារសីលនេះថា ជាផ្កាមើយហួរ គឺបង្ហាញពីភាពស្រស់ស្អាត និងអាយុយឺនយូរ ព្រមទាំងភាពទន់ភ្លន់ផងដែរ ហើយម្យ៉ាងទៀតប្រជាជនចិនគេច្រើនតែប្រៀបធៀបទៅនឹងស្រ្តី ព្រោះដើមផ្កាអង្គាសីលធន់នឹងកម្តៅថ្ងៃ ធន់នឹងអាកាសធាតុត្រជាក់ មិនតែប៉ុណ្ណោះក៏ជាផ្កាដែលរីកនៅពេលដើមឆ្នាំទៀត បើមានកម្មវិធីឡើងផ្ទះបើកហាង ឬកម្មវិធីផ្សេងៗទៀតដែលទើបនឹងចាប់ផ្តើមគេច្រើនតែយកដើមឬស្សី និងផ្កាអង្គាសីលជាតំណាងនៃកម្មវិធីនោះ ព្រោះអត្ថន័យរបស់គេគ្រប់គ្រាន់នូវនិមិត្តសញ្ញា ដូចជាដើមឬស្សីគឺជាការប្រមូលផលប្រយោជន៍ និងភាពរីកចម្រើន ឯផ្កាអង្គាសីលគឺជាការអត់ធ្មត់នឹងភាពទន់ភ្លន់ស្រស់ថ្លា និងទាក់ទាញចំណាប់អារម្មណ៍អ្នកដើរទៅដើរមក៕
Post a Comment