ក្រសួងធម្មការណែនាំដល់វត្តអារាមរៀបចំពិធីបុណ្យមាឃបូជានាថ្ងៃទី ៥-៦ ខែកុម្ភៈខាងមុខនេះ
ក្រសួងធម្មការ និងសាសនា បានចេញសេចក្ដីណែនាំអំពីការរៀបចំពិធីបុណ្យមាឃបូជា នានាថ្ងៃទី៥-៦ ខែកុម្ភៈខាងមុខនេះ ដល់មន្ទីរធម្មការ និងសាសនា រាជធានី-ខេត្ត និងគ្រប់វត្តឱ្យរៀបចំពិធីបុណ្យមាឃបូជាឱ្យស្របតាមទំនៀមទម្លាប់ប្រពៃណីជាតិ និងជ្រើសតាំងវត្តណាមួយក្នុងរាជធានី-ខេត្ត ប្រារព្ធពិធីនេះ ជាផ្លូវការ ដោយត្រូវអនុវត្តតាមវិធានការសុខាភិបាល និងវិធានការដ្ឋបាលរបស់អាជ្ញាធរដែនដី។
យោងតាមសេចក្ដីណែនាំស្តីពីការរៀបចំពិធីបុណ្យមាឃបូជារបស់ក្រសួងធម្មការ ឆ្នាំនេះពិធីបុណ្យត្រូវប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី៥ ទី៦ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ។
ក្រសួងបានទូលថ្វាយ-ប្រគេន ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងណែនាំទៅគ្រប់ប្រធានមន្ទីរធម្មការ និងសាសនារាជធានី-ខេត្ត ត្រូវណែនាំគ្រប់វត្ត ឱ្យរៀបចំពិធីបុណ្យមាឃបូជា ឱ្យស្របតាមទំនៀមទម្លាប់ប្រពៃណីជាតិ និងជ្រើសតាំងវត្តណាមួយក្នុងរាជធានី-ខេត្តប្រារព្ធពិធីបុណ្យមាឃបូជាជាផ្លូវការ។ក្រសួងណែនាំដល់គ្រប់វត្តឱ្យសម្អាតទីធ្លាក្នុងវត្តទាំងមូល និងជាពិសេសកន្លែងសក្ការបូជារបស់ពុទ្ធបរិស័ទព្រមទាំងតុបតែងលម្អដោយទង់ជាតិ ទង់ព្រះពុទ្ធសាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក ដើម្បីអបអរសាទរក្នុងពិធីបុណ្យនេះ។ត្រូវសហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីការពារសុវត្ថិភាពនៅក្នុងពិធីបុណ្យ និងអំពាវនាវ សប្បុរសជន ពុទ្ធបរិស័ទ ប្រជាពលរដ្ឋ ចូលរួមបំពេញកុសលតាមសទ្ធាជ្រះថ្លាដើម្បីជាគុណប្រយោជន៍ដល់ ការថែរក្សានូវអត្តសញ្ញាណជាតិ ប្រពៃណីព្រះពុទ្ធសាសនា និងអនុមោទនាយកផល្លានិសង្សរៀងៗខ្លួន។គួររម្លឹកថា បុណ្យមាឃបូជា គឺជាបុណ្យមួយក្នុងបណ្តាបុណ្យធំៗទាំងឡាយក្នុងព្រះពុទ្ធសាសនា ហើយប្រទេសដែលកាន់ព្រះពុទ្ធសាសនាលើសកលលោកតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំពុំដែលខកខាន។
ពិធីនេះប្រារព្ធធ្វើឡើងដើម្បីរម្លឹកដល់ថ្ងៃពេញបូណ៌មីខែមាឃ ជាថ្ងៃប្រជុំចតុរង្គសន្និបាតសម្តែងឱវាទប្បាតិមោក្ខនិងថ្ងៃដែលព្រះពុទ្ធអង្គប្រជុំប្រកាសដាក់កំណត់ព្រះជន្មាយុសង្ខារ។
ជារៀងរាល់ឆ្នាំពុទ្ធសាសនិកជនខ្មែរតែងតែប្រារព្ធធ្វើបុណ្យមាឃបូជានៅថ្នាក់ជាតិ និងគ្រប់វត្តទូទាំងប្រទេសដោយចាត់ទុកថាជាការបំពេញកុសលដ៏ថ្លៃថ្លាបំផុត និងធ្វើនូវកតញ្ញូកតវេទីដល់ព្រះសាស្តាបរមគ្រូ។ ចំណែករាជរដ្ឋាភិបាលក៏បានអនុញ្ញាតឱ្យរៀបចំកម្មវិធីបុណ្យនេះ នៅបរិវេណព្រះមហាសក្យមុនីចេតិយភ្នំព្រះរាជទ្រព្យ (ឧត្ដុង្គ) ស្ថិតនៅស្រុកពញាឮ ខេត្តកណ្តាល ដោយមានថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល មន្ត្រីរាជការ និងពុទ្ធបរិស័ទចូលរួមបំពេញកុសលតាមប្រពៃណីព្រះពុទ្ធសាសនាខ្មែរស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលចែងថាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋផងដែរ៕
Post a Comment