កូនសត្វខ្ទីង១ក្បាលត្រូវបានជួយសង្គ្រោះពីអន្ទាក់ក្នុងតំបន់ការពារធម្មជាតិភូមិសាស្ត្រខេត្តកំពង់ស្ពឺ

កូនសត្វខ្ទីងមួយក្បាលត្រូវបានក្រុមការងារសង្គ្រោះសត្វព្រៃ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WA) ជួយសង្គ្រោះកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ កន្លងទៅ ក្រោយ​ពេល​ក្រុមការងារ​បាន​ទទួល​ព័ត៌មានថាសត្វខ្ទីង​មួយក្បាលបាន​ជាប់អន្ទាក់នៅ​ក្នុងដែន​ជម្រក​សត្វព្រៃឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

កូនសត្វខ្ទីងនេះបាន របួសជើងមុខខាងស្តាំ។ នៅពេលនេះ កូនសត្វខ្ទីង​នេះត្រូវបាន​បញ្ជូនទៅ​មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅដើម្បីសង្គ្រោះជីវិត និងព្យាបាលជំងឺ។ ប្រសិនបើមិនមានការជួយ សង្គ្រោះទាន់ពេលវេលាទេ កូនសត្វខ្ទីង​ដែលបែក​ហ្វូងពី​មេរបស់​វា​នេះ​អាច​នឹងស្លាប់បាត់បង់ជីវិត។ 

កូនសត្វខ្ទីងនេះជាប់អន្ទាក់នៅទីតាំងជាមួយគ្នា ដែល​សត្វខ្ទីង​មួយ​ក្បាល​ដែលបានជាប់អន្ទាក់​និង​ក្រុមការងារជួយសង្គ្រោះកាលពីខែមិថុនា ឆ្នាំ២០២១ កន្លងទៅ ប៉ុន្តែបានស្លាប់។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ ប្រជាសហគមន៍​បានទាក់ទង​ក្រុមការងារ​សង្គ្រោះ​សត្វព្រៃ អង្គការសម្ព័ន្ធមិត្ត​សត្វព្រៃដែលបានសហការជាមួយមន្ត្រីឧទ្យានុរក្ស​ក្រសួងបរិស្ថាន​ធ្វើការ​ការពារនិងអភិរក្សនៅតំបន់ការពារធម្មជាតិក្នុងខេត្តកំពង់ស្ពឺ ក្រោយបានឃើញវាជាប់អន្ទាក់ព្រាន។ ភ្លាមៗ ក្រុមការងារសង្គ្រោះសត្វព្រៃបានចុះអន្តរាគមន៍ ដោយបានធ្វើដំណើរេយៈចម្ងាយជាង ១៣០ គីឡូម៉ែត្រពីភ្នំពេញទៅកន់ទីតាំងដែលបានរាយការណ៍ដោយធ្វើដំណើរទាំងតាមរថយន្តផង និងតាមគោយន្តកន្ត្រៃផង និងដើរដោយថ្មើរជើងផង ទម្រាំនឹងដល់ទីតាំង ហើយក្រុមការងារ​បានធ្វើការសង្គ្រោះកូនសត្វខ្ទីងនេះ និងបានបញ្ជូនទៅកាន់​មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដើម្បីព្យាបាល។

ក្នុងនាមក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានសម្តែងអំណរ​គុណ​ដល់ក្រុមការងារ ៧ន​សង្គ្រោះសត្វព្រៃ អង្គការ ​WA​ ចំពោះកិច្ចខិតខំប្រឹង​ប្រែងក្នុង​ការ​សង្គ្រោះ​កូនសត្វខ្ទីង ដែលជា​ប្រភេទសត្វកម្រនៅលើពិភពលោកនេះ ក៏ដូចជាសត្វព្រៃផ្សេងទៀត។

ឯកឧត្តមបានថ្លែងថា អង្គការ WA រួមនឹងសហគមន៍តំបន់ការពារធម្មជាតិក្នុងតំបន់ជួរភ្នំក្រវ៉ាញ បាននិងកំពុងចូលរួម​យ៉ាងសកម្មជាមួយ​ក្រសួងបរិស្ថាន​ក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ និងសត្វព្រៃនៅតាមតំបន់ការពារធម្មជាតិក្នុងតំបន់ជួរភ្នំក្រវ៉ាញបានយ៉ាងល្អប្រសើរ។ ឯកឧត្តម នេត្រ ភក្ត្រា បានកត់សម្គាល់ថា ប្រជាសហគមន៍ដែលបានឃើញ​សត្វជាប់អន្ទាក់ស្វែង​រកកិច្ចអន្តរាគមន៍​ដើម្បីជួយសង្គ្រោះសត្វបានបង្ហាញពីការយល់ដឹង ពីសារៈសំខាន់នៃជីវៈចម្រុះ និងការចូលរួមអភិរក្ស​សត្វព្រៃឱ្យបានគង់វង្ស។ ក្រសួងបរិស្ថាននិងអង្គការដៃគូផ្នែកអភិរក្សនឹងបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការធ្វើយុទ្ធនាការអន្ទាក់សូន្យ

ដើម្បីបង្កើនការយល់ដឹងកាន់តែច្រើនថែមទៀត

ក្នុងចំណោមសាធារណជន និងការ​ចូលរួមការពារនិងអភិរក្ស។ ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា អន្ទាក់និងកាំភ្លើងកែច្នៃ គឺជាឃាតកលាក់មុខសម្លាប់សត្វព្រៃនៅកម្ពុជា ជារៀងរាល់ថ្ងៃដែល​ចាំបាច់ត្រូវ​ទប់ស្កាត់​និងបង្ក្រាប​កុំឱ្យមានការយកចូលក្នុងតំបន់ការពារធម្មជាតិ។ អន្ទាក់ជាច្រើនម៉ឺនត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិ និងកាំភ្លើងរួម​នឹងកាំភ្លើងកែច្នៃជា​ច្រើនរយ ត្រូវបានដកហូត រឹបអូសរយពពេលកន្លងទៅ។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា សត្វខ្ទីងជាប្រភេទសត្វកម្រ ដែលងាយទទួលរងការ​គំរាមកំហែង​យ៉ាងខ្លាំង។ សត្វខ្ទីងនៅលើពិភពលោកមានចំនួនប្រមាណ ២១,០០០ ក្បាលដែលរស់នៅ​ក្នុង​ប្រទេស ​ឥណ្ឌានិងតំបន់អាស៊ីអាគ្នេយ៍ក្នុងនោះរួមទាំងប្រទេសកម្ពុជា។ សត្វខ្ទីងញីអាចមានទម្ងន់រហូតដល់ជិត១តោន ខណៈខ្ទីងឈ្មោលអាចមានទម្ងន់ដល់១តោនកន្លះ។ ចំនួនសត្វខ្ទីងមានការថយចុះគួរឱ្យកត់សម្គាល់ដោយសារតែការបាត់បង់ទីជម្រក ជាពិសេស​គឺការបរ​បាញ់ដើម្បីយកសាច់ ស្នែង ឆ្អឹងនិងការជួញដូរផ្សេងទៀត។ សត្វខ្ទីងស្ថិតនៅក្នុងឧបសម្ព័ន្ធទី១ នៃអនុសញ្ញាសាយតេស​ ដើម្បីចូលរួមការពារ​និងអភិរក្សសត្វព្រៃ​ជាពិសេសសត្វព្រៃកម្រៗនៅលើពិភពលោកដែលមានវត្ត មាននៅកម្ពុជា ឯកឧត្តមរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បញ្ឈប់ការបរិភោគ សាច់សត្វព្រៃ និងកុំជឿថាបរិភោគសាច់សត្វព្រៃផ្តល់នូវសុខភាពល្អ។ ជាមួយគ្នានេះ សមត្ថកិច្ចពាក់ព័ន្ធនឹង អនុវត្តច្បាប់ប្រឆាំងនឹងជនល្មើសសម្លាប់សត្វដោយមិនលើកលែងឡើយ។

ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានអំពាវនាវដល់ប្រជាពលរដ្ឋ​ទាំងអស់ចូលរួម​ការពារនិង​អភិរក្សសត្វព្រៃ និងសូមនិយាយថា ទេចំពោះការជួញដូរសត្វព្រៃគ្រប់ប្រភេទ ព្រមទាំងចូល​រួម​រាយការណ៍ប្រាប់សមត្ថកិច្ច ប្រសិនបើឃើញមានការបរបាញ់សត្វ ការដាក់អន្ទាក់ចាប់សត្វ និងចូលរួមបណ្តុះស្មារតីក្មេងៗជំនាន់ក្រោយស្រឡាញ់ធនធានធម្មជាតិ និងសត្វព្រៃដើម្បី​ផលប្រយោជន៍ ​សម្រាប់អភិវឌ្ឍទេសចរណ៍ធម្មជាតិ បង្កើនចំណូលប្រជាសហគមន៍មូលដ្ឋាន កាត់បន្ថយនិងលុបបំបាត់របរ ចូលព្រៃកាប់ឈើនិងបរបាញ់សត្វ ឬដាក់អន្ទាក់ចាប់​សត្វដែល​ប្រជាពលរដ្ឋមួយចំនួនកំពុងប្រកបរបរដែលប្រឈមនឹងមុខច្បាប់នេះ៕

Powered by Blogger.