រថក្រោះ​លោក​ខាងលិច​នឹងមាន​ប្រៀប​ជាង​រថក្រោះ​របស់​រុស្ស៊ី និង​មាន​សារៈសំខាន់​សម្រាប់​ការ​វាយ​លុក​របស់​អ៊ុយ​ក្រែ​ន

 អ្នកវិភាគ​យោធា​ឈានមុខ​ម្នាក់​និយាយ​ថា រថក្រោះ​ប្រយុទ្ធ​ដែល​ផលិត​ដោយ​ប្រទេស​លោក​ខាង​លិច​ នឹង​មាន​ប្រៀប​នៅ​សមរភូមិ​លើ​សម​ភាគី​របស់​ពួកគេ នៅ​ពេល​ដែល​រថក្រោះ​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន ដោយ​ផ្តល់​ឱ្យ​ពួកគេ​នូវ​ប្រយោជន៍​នៅ​ក្នុង​ការ​វាយ​លុក​ដែល​អាច​មាន​ ដើម្បី​ដណ្តើម​យក​ទឹកដី​របស់​ខ្លួន​មកវិញ​។

​សហរដ្ឋអាមេរិក និង​អាល្លឺម៉ង់​បាន​ព្រមព្រៀងគ្នា​កាលពី​ថ្ងៃ​ពុធ ក្នុង​ការ​បញ្ជូន​រថក្រោះ​ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន ដែល​ទីក្រុង Kyiv បាន​សាទរ​ថា​ ជា​ចំណុច​របត់​ដ៏​មាន​សក្តានុពល​នៅ​ក្នុង​សមរភូមិ​ ដើម្បី​វាយ​រុញច្រាន​ការ​វាយ​លុក​ចូល​របស់​រុស្ស៊ី​។ ការសម្រេចចិត្ត​របស់​អាល្លឺម៉ង់​បាន​ត្រួស​ត្រាយ​ផ្លូវ​ សម្រាប់​ប្រទេស​ផ្សេងទៀត​ដូចជា​ប្រទេស​ប៉ូឡូញ អេស្ប៉ាញ ហ្វាំ​ង​ឡង់ ហូ​ឡង់ និង​ន័​រវេ​ស ដើម្បី​ផ្គត់ផ្គង់​រថក្រោះ​ឡេ​ភឺ​ត​មួយ​ចំនួន​របស់​ពួកគេ​ដល់​​អ៊ុយ​ក្រែ​ន​។​ ​លោក Ed Arnold អ្នកជំនាញ​ស្រាវជ្រាវ​សន្តិសុខ​អឺរ៉ុប​នៅ​វិទ្យាស្ថាន Royal United Services បាន​និយាយ​ថា ការ​ផ្គត់​ផ្គង់​រថក្រោះ​ប្រយុទ្ធ​របស់​អាមេរិក M1 Abrams, និង​រថក្រោះ Challenger 2 របស់​អង់គ្លេស និង​រថក្រោះ​ឡេ​ភឺ​ត​ (Leopard 2) ផលិត​នៅ​អាល្លឺម៉ង់ អាច​ជា​មធ្យោបាយ​ក្នុង​ការ​រុញច្រាន​កង​កម្លាំង​រុស្ស៊ី​ចេញពី​ទឹកដី​ ដែល​បាន​ចូលកាន់​កាប់​នៅ​អ៊ុយ​ក្រែ​ន​។

​ប្រទេស​លោក​ខាង​លិច​មា​ន​ការ​ស្ទាក់ស្ទើរ​ក្នុង​ការ​បញ្ជូន​សព្វាវុធ​វាយលុក​ ព្រោះ​ខ្លាច​បង្កជម្លោះ​ដោយ​ផ្ទាល់​នៃ​មហាអំណាច​នុយក្លេអ៊ែរ​របស់​រុស្ស៊ី​។ លោក Arnold និយាយ​ថា ​លោក​ពុំ​ឃើញ​ពី​របៀប​ដែល​រុស្ស៊ី​អាច​បង្កើន​សង្គ្រាម​បន្ថែម​ទៀត​នោះ​ទេ ហើយ​បង្ហាញ​ពី​ការ​ដួល​រលំ​ទីក្រុង Kherson ជា​ឧទាហរណ៍​ដែល​រុស្ស៊ី​មិន​អាច​បង្កើន​សង្គ្រាម​របស់​ខ្លួន​នៅ​អ៊ុយ​ក្រែ​ន​។ រុស្ស៊ី​បាន​និយាយ​ថា ខ្លួន​បាន​មើល​ឃើញ​ការសន្យា​ប្រគល់​រថក្រោះ​របស់​លោក​ខាងលិច​ទៅ​ឱ្យ​អ៊ុយ​ក្រែ​ន ​ជា​ភស្តុតាង​នៃ​ការចូលរួម​ដោយ​ផ្ទាល់ ​និង​កើន​ឡើង​របស់​សហរដ្ឋ​អាមេរិក និង​អឺរ៉ុប​នៅ​ក្នុង​ជម្លោះ​។ ពេលនេះ​អ៊ុយ​ក្រែ​ន​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ជំរុញ​សុំ​យន្តហោះ​ចម្បាំង​ជំនា​ន់ទី​៤ របស់​ប្រទេស​លោក​ខាង​លិច​ដូចជា F-16 របស់​អាមេរិក បន្ទាប់​ពី​ការ​ធានា​បាន​ការ​ផ្គត់ផ្គង់​រថក្រោះ​ប្រយុទ្ធ​សំខាន់ៗ​៕

Powered by Blogger.