សម្តេចតេជោ ហ៊ុន សែន៖ នយោបាយឈ្នះ-ឈ្នះ បញ្ចប់នៅឆ្នាំ១៩៩៨ មិនមែនចាប់ផ្តើមនៅឆ្នាំ១៩៩៨ទេ, អនុវត្តជោគជ័យដំបូង ក្នុងខែកុម្ភៈ ឆ្នាំ១៩៩៦ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ

ភ្នំពេញ៖ ដើម្បីលុបបំបាត់នូវការភ័ន្តច្រឡំមួយចំនួន អំពីការអនុវត្ត «នយោបាយឈ្នះឈ្នះ» សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា នយោបាយឈ្នះ-ឈ្នះ គឺបញ្ចប់នៅឆ្នាំ១៩៩៨ មិនមែនចាប់ផ្តើមនៅឆ្នាំ១៩៩៨ទេ ហើយនយោបាយឈ្នះឈ្នះនេះ ត្រូវបានអនុវត្តន៍ជោគជ័យដំបូង នៅខែកុម្ភៈ ឆ្នាំ១៩៩៦ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្រាប់បងប្អូនមួយចំនួន ដែលលើកឡើងថា ការអនុវត្តនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ នៅឆ្នាំ១៩៩៨ គឺជារឿងខុស ដោយសម្តេចអំពាវនាវឲ្យបងប្អូនទូទាំង​ប្រទេស បំបាត់នូវការភ័ន្តច្រឡំនេះ។

សម្តេចបញ្ជាក់ថា ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ គឺជាថ្ងៃបញ្ចប់នូវនយោបាយឈ្នះឈ្នះ។ នយោបាយឈ្នះ-ឈ្នះ ត្រូវបានដាក់ចេញកាលពីឆ្នាំ១៩៩៦ ក្នុងការនាំមកនូវសុខសន្តិភាពពេញលេញ ដល់ប្រទេសកម្ពុជា។

ការបញ្ជាក់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ ដល់គរុនិស្សិតបច្ចេកទេស និងនិស្សិតជាង ៥ពាន់នាក់របស់វិទ្យាស្ថានជាតិ បណ្តុះបណ្តាលបច្ចេកទេស (NTTI) នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «សុំឲ្យនៅទូទាំងប្រទេសបំបាត់នូវការភ័ន្តច្រឡំ ជួនកាលត្រឹមនិយាយថា អនុវត្តន៍នយោបាយឈ្នះឈ្នះ សម្តេចតេជោ នៅឆ្នាំ១៩៩៨ នេះជាការខុស ដែលខ្ញុំសុំឲ្យមានការកែតម្រូវ ក្នុងក្របខណ្ឌទូទាំងប្រទេស។ នយោបាយឈ្នះមិនមែន អនុវត្តន៍នៅឆ្នាំ១៩៩៨ ទេ តែវាបានចប់នៅឆ្នាំ១៩៩៨ ឯការចាប់ផ្តើមនយោបាយឈ្នះឈ្នះ ចេញជាក់ស្តែង នៅក្នុងខែកុម្ភៈ ឆ្នាំ១៩៩៦ នៅឱរ៉ាល់ នេះជាការអនុវត្តជោគជ័យដំបូង ប៉ុន្តែ ហ៊ុន សែន បានធ្វើការងារនេះជួនកាលចុះចូលម្នាក់មក [ទាហានខ្មែរក្រហម] ហ៊ុន សែន ជួបដើម្បីស្វែងយល់ថា បងប្អូនខ្មែរក្រហមចង់បានអី​ពិតប្រាកដ ដើម្បីយើងដាក់ចេញទៅឆ្លើយតបនឹងតម្រូវការរបស់គេ»

សម្តេចតេជោ ហ៊ុន សែន បន្ថែមទៀតថា ការអនុវត្តនូវនយោបាយឈ្នះឈ្នះ មិនមែនតែមួយថ្ងៃទេ សម្តេចបានធ្វើដំណើរដោយផ្ទាល់ ចុះធ្វើសមាហរណកម្មកងទ័ពខ្មែរក្រហម នៅតាមអតីតសមភូមិប្រយុទ្ធដូចជា ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ, ខេត្តប៉ៃលិន, ស្រុកសំឡូត, កំរៀងភ្នំព្រឹក ខេត្តបាត់ដំបង, ម៉ាឡៃ ខេត្តបន្ទាយមានជ័យ, តាកែនកោះស្លា ខេត្តកំពង់ស្ពឺ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងថា តាមរយៈនយោបាយឈ្នះឈ្នះ បានដាក់ចេញនូវចំណុចបី គឺ ១-ធានាជីវិត និងរូបកាយ អ្នកដែលផ្តាច់ខ្លួនចេញពីខ្មែរក្រហម មិនត្រូវបានទទួលការចាប់ចង ធ្វើបាប ឬសម្លាប់នោះទេ, ២-ធានានូវអាជីព និងមុខរបរ បានសេចក្តីថា បើអ្នកធ្លាប់ធ្វើគ្រូបង្រៀង នៅតែធ្វើគ្រូបង្រៀន អ្នកធ្លាប់ធ្វើយោធា នៅតែធ្វើយោធាដដែល និងទី៣-ធានាកម្មសិទ្ធិទ្រព្យសម្បត្តិ ទាំងចលនទ្រព្យ និងអចលនទ្រព្យ។ សម្តេចតេជោបញ្ជាក់ទៀតថា ចំណុចទាំង៣នេះហើយ គ្រប់គ្រាន់ធ្វើឲ្យអង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហម រលំរលាយ៕

Powered by Blogger.