ប្រទេសចំនួន៦ក្នុងតំបន់អាស៊ានយល់ព្រមចូលរួមប្រកួត «គុនខ្មែរ» ទោះបីរងការព្រមានពីថៃក្ដី
រាជធានីភ្នំពេញ ៖ ប្រទេសចំនួន៦ក្នុងតំបន់អាស៊ានមានដូចជា វៀតណាម, ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី, ហ្វីលីពីន, មីយ៉ាន់ម៉ា និងឡាវ បានយល់ព្រមចូលរួមប្រកួតវិញ្ញាសាគុនខ្មែរក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បើទោះរងការព្រមានពីប្រទេសថៃក្ដី ។ នេះបើយោងតាមការចុះផ្សាយរបស់ផេកសហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិ(KUN KHMER International Federation) កាលពីពេលថ្មីៗកន្លងទៅនេះ ។
ភាគីថៃចុងក្រោយបានសម្រេចមិនចូលរួមប្រកួតវិញ្ញាសា«គុនខ្មែរ»ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បន្ទាប់ពីប្រធានសហព័ន្ធអន្តរជាតិនៃសមាគមកីឡាប្រដាល់មួយថៃ(IFMA) លោក Sakchye Tapsuwan បានលើកឡើងជុំវិញហេតុផលមិនបញ្ជូនអត្តពលិកថៃចូលរួមស៊ីហ្គេមនៅកម្ពុជាដូច្នេះថា៖«យើងមានការគោរពចំពោះគុនខ្មែរ ប៉ុន្តែ«គុនខ្មែរ»
មិនមានលក្ខណ:សម្បត្តិគ្រប់គ្រាន់ក្នុងការបញ្ចូលទៅក្នុងវិញ្ញាសាកីឡាស៊ីហ្គេមឡើយ»។
ព្រមពេលជាមួយគ្នានេះ លោកប្រធានសហព័ន្ធIFMAរូបនេះថែមទាំងព្រមានថា បើប្រទេសណាចូល
រួមប្រកួតកីឡាគុនខ្មែរនៅស៊ីហ្គេមលើកទី៣២ នៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៥ ដល់ ថ្ងៃទី១៧ ខែឧសភា នឹងមិនត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុង Asian Indoor and Martial Arts Games នៅប្រទេសថៃនៅចុងឆ្នាំនេះទេ»។
ពាក់ព័ន្ធរឿងនេះដែរ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ហៅកាត់ថា CAMSOC បានឱ្យដឹងថា អ្នករៀបចំស៊ីហ្គេម មិនមានការព្រួយបារម្ភចំពោះការសម្រេចចិត្តពីប្រទេសថៃរឿងមិនបញ្ចូនអត្តពលិកមកនោះទេ ដោយនោះគឺជាសិទ្ធិរបស់គេ ហើយកម្ពុជាក៏នឹងត្រៀមរៀបចំការប្រកួត «គុនខ្មែរ» ឱ្យខាងតែបាន ។
ទោះជាយ៉ាងនេះក្តី មកដល់ពេលនេះឯកឧត្តមបានបញ្ជាក់ដែរថា មានប្រទេសចំនួន ៦ ហើយបានសម្រេចចិត្តចូលរួមប្រកួតវិញ្ញាសាគុនខ្មែរ ។ បន្ថែមពីលើនេះ ឯកឧត្តមអគ្គលេខាធិការ CAMSOC ក៏បង្ហើបដែរថា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៥ ដែលប្រទេសថៃធ្វើជាម្ចាស់ផ្ទះនោះ
កម្ពុជាក៏នឹងមិនបញ្ជូនអត្តពលិកទៅចូលរួមការប្រកួតវិញ្ញាសា «មួយថៃ» ដូចគ្នា។
គួរឱ្យដឹងផងដែរថា កន្លងទៅនៅក្នុងកិច្ចប្រជុំពិសេសថ្នាក់ដឹកនាំកីឡាគុនខ្មែរអន្តរជាតិក្នុងសណ្ឋាគារហ្គាឌិនស៊ីធី រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ថៃនិង៦ប្រទេស
ផ្សេងទៀតនៅតំបន់អាស៊ាន ដូចជាវៀតណាម, ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី, ហ្វីលីពីន, មីយ៉ាន់ម៉ា និង
ឡាវ បានគាំទ្រ និងអនុម័តជាឯកច្ឆ័ន្ទប្រើឈ្មោះ «គុនខ្មែរ» ដោយមិនមានការកែប្រែសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះឡើយ។ ប៉ុន្តែពេលនេះប្រទេសថៃនៅតែចេញក្បូនក្រឡេចក្រឡុចរឿង«គុនខ្មែរ»នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះដដែល។
សូមបញ្ជាក់ថា ចំពោះកីឡា«គុនខ្មែរ»នឹងត្រូវដាក់ប្រកួតមានចំនួន១៩វិញ្ញាសា ក្នុងនោះមាន១១ប្រភេទទម្ងន់សម្រាប់បុរស និង៦ប្រភេទទម្ងន់សម្រាប់នារី បូករួមទាំងវិញ្ញាសា«គុនគ្រូបុរស» និង«គុនគ្រូនារី»ផងដែរ ។ ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២នឹងធ្វើឡើងពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ចំណែកព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងធ្វើឡើងពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ៕
Post a Comment