សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរខួបកំណើត ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន

 ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ញើសារលិខិតជូនពរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសជ័យមង្គល នៃពិធីខួបកំណើតគម្រប់៦៧ឆ្នាំ ឈានចូល៦៨ឆ្នាំ។

នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានបង្ហាញនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន ដែលបានដឹកនាំការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីទប់ស្កាត់ និងលុបបំបាត់ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

សម្ដេចតេជោ ហ៊ុន សែន បានរៀបរាប់ក្នុងសារលិខិតជូនពរយ៉ាងដូច្នេះថា៖

«ក្នុងឱកាសជ័យមង្គល នៃពិធីខួបកំណើតរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ គម្រប់៦៧ឆ្នាំ ឈានចូល៦៨ឆ្នាំ ខ្ញុំ និងភរិយាសូមជូនពរជ័យ បវរសួស្តីសិរីវឌ្ឍនា វិបុលសុខជូនឯកឧត្តម សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាស្មារតីភ្លឺស្វាង មានអាយុយឺនយូរ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម បានដឹកនាំការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីទប់ស្កាត់និងលុបបំបាត់ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ឯកឧត្តម បានចូលរួមចំណែកក្នុងការការពារ និងលើកកម្ពស់សុខុមាលភាព និងសន្តិសុខសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ សំដៅបម្រើដល់ឧត្តមប្រយោជន៍ជាតិនិងមាតុភូមិ។

ជាថ្មីម្ដងទៀត ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា ប្រទានពរជ័យសិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូនដល់ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមឯកឧត្តម នាយឧត្តមសេនីយ៍ ទទួលនូវការរាប់អានអំពីខ្ញុំ និងភរិយា»។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានផ្ញើសារលិខិតជូនពរមានខ្លឹមសារ និងពាក្យពេចន៍ ប្រកបដោយមនោសញ្ចាតនាយ៉ាងកក់ក្ដៅបំផុត ព្រមទាំងបានវាយតម្លៃខ្ពស់អំពីការខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងគ្រឿងញៀន៕

Powered by Blogger.