រង់ចាំតែថ្ងៃសង់ហើយ! ផ្លូវជាតិលេខ៤៨ ទៅកោះកុង នឹងមានទីតាំងមួយសម្រាប់គយគន់ថតសមុទ្រឈើ
ធ្លាប់តែល្បីឈ្មោះសមុទ្រឈើ នៅខេត្តមណ្ឌលគិរី តែក្នុងពេលខាងមុខ ផ្លូវជាតិលេខ៤៨ នៅខេត្តកោះកុង ត្រូវបានសាងសង់រួច នឹងត្រូវរាជរដ្ឋាភិបាលរក្សាទុកទីតាំងដីមួយកន្លែង សម្រាប់ឱ្យអ្នកដំណើរចុះថតរូបសមុទ្រឈើ ដើម្បីទាក់ទាញទេសចរ។
ថ្លែងទៅកាន់អ្នកកាសែត ក្នុងពេលចុះត្រួតពិនិត្យផ្លូវជាតិលេខ៤៨ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ឯកឧត្តមបានប្រទះឃើញទីតាំងមួយកន្លែងដែលមើលឃើញសមុទ្រឈើយ៉ាងស្រស់ស្អាត នៅតាមបណ្តោយផ្លូវជាតិលេខ៤៨នេះ។ ឯកឧត្តមបញ្ជាក់ថា នឹងស្នើសុំរក្សាទុកទីតាំងដីនេះ សម្រាប់អ្នកដែលធ្វើដំណើរទៅខេត្តកោះកុង ចុះថតរូបទេសភាពនៃសមុទ្រឈើនេះ។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប១៤៨ គីឡូម៉ែត្រ ចាប់ពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង គិតមកទល់ពេលនេះសម្រេចវឌ្ឍនភាពបានត្រឹមតែ ២២% ប៉ុណ្ណោះ ដែលយឺតជាងផែនការ ១២% បន្ទាប់ពីបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ៣ ខែមករា ឆ្នាំ២០២២។
ផ្លូវជាតិដែលគ្រោងចំណាយទឹកប្រាក់ ៧៨លានដុល្លារនេះ ចាប់ផ្តើមសាងសង់ពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៤១+៧៥០ ស្ថិត ក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ គម្រោងផ្លូវនេះ រួមមាន៖ ផ្លូវ២គន្លង មានប្រវែង ១២២,៩គីឡូម៉ែត្រ ទទឹងផ្លូវ ១១ម៉ែត្រ និង ផ្លូវ៤គន្លង មានប្រវែង២៥,១គីឡូម៉ែត្រ ទទឹងចាប់ពី ១៨,៥ម៉ែត្រ ដល់ ២១,៥ម៉ែត្រ៕
Post a Comment