ធនាគារជាតិ ហាមគ្រឹះស្ថានធនាគារហិរញ្ញវត្ថុ ទទួលយកអត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ សម្រាប់ការធានាលើការផ្តល់ឥណទាន
ធនាគារជាតិនៃកម្ពុជា បានប្រកាសប្រាប់ទៅគ្រប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទ ហាមទទួលយកអត្តសញ្ញាណបណ្ណ ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ សម្រាប់ការធានាលើការផ្តល់ឥណទាន។ នេះបើតាមលិខិតរបស់ធនាគារជាតិ នៅថ្ងៃទី ១០ កុម្ភៈ។
ធនាគារជាតិ បានបញ្ជាក់ថា អត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ជាប្រភេទលិខិតយថាភូតដែលចេញ ដោយអាជ្ញាធរមានសមត្ថកិច្ចសម្រាប់បញ្ជាក់អត្តសញ្ញាណបុគ្គល និងសម្រង់ស្ថិតិប្រជាពលរដ្ឋ តែប៉ុណ្ណោះ។
លិខិតយថាភូតមិនមែនជាទ្រព្យសម្រាប់ការដាក់បញ្ចាំ ឬជាទ្រព្យធានាក្នុងប្រតិបត្តិការ ផ្តល់ឥណទានឡើយ ពីព្រោះ លិខិតទាំងនោះមិនមានតម្លៃសេដ្ឋកិច្ចសម្រាប់សកម្មភាពពាណិជ្ជកម្ម។ នេះជាការក្រើនរំលឹកដល់គ្រប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទទាំងអស់ និងតម្រូវឱ្យគ្រឹះស្ថានបញ្ឈប់ជាបន្ទាន់ ចំពោះការទទួលយកនូវ អត្តសញ្ញាណបណ្ណ ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ សម្រាប់ជាវត្ថុធានាលើការផ្តល់ឥណទាន។
បើតាមធនាគារជាតិ ក្នុងករណី គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទណាមិនអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន គ្រឹះស្ថាននឹងត្រូវ រងទណ្ឌកម្មខាងវិន័យស្របតាមមាត្រា ៥២ នៃច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ៕
Post a Comment