ឯកឧត្ដម ខៀវ កាញារីទ្ធ៖សម្ដេចតេជោ ហ៊ុន សែន និងប្រធានាធិបតីចិនពិភាក្សាពីការបង្កើតប៉ូលសេដ្ឋកិច្ចទី៤ និងកិច្ចសហប្រតិបត្តិការ «ពេជ្រ» កម្ពុជា-ចិន ២០២៥

 ភ្នំពេញ៖ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា ក្នុងជំនួបពិភាក្សាការងាររវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម ស៊ី ជីនពីង ប្រធានាធិបតីចិន នាព្រឹកថ្ងៃទី ១០ កុម្ភៈ ២០២៣ នេះ គឺបានពិភាក្សាគ្នាលើការបង្កើត ប៉ូលសេដ្ឋកិច្ចទី ៤ នៅកម្ពុជា និងវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការ «ពេជ្រ» កម្ពុជា-ចិន-១០ កុម្ភៈ ២០២៥។

ឯកឧត្ដម ខៀវ កាញារីទ្ធ បានសរសេរថា នៅក្នុងជំនួបជាមួយ ឯកឧត្ដម ប្រធានាធិបតីចិន ស៊ី ជីនពីង កាលពីព្រឹកថ្ងៃទី ១០ កុម្ភៈ ២០២៣ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានលើកពីបំណងរបស់សម្តេចក្នុងការបង្កើត ប៉ូលសេដ្ឋកិច្ចទី៤ ទៅលើប៉ូលសេដ្ឋកិច្ចទាំង៣ ដែលមានស្រាប់នោះគឺជាប៉ូលសេដ្ឋកិច្ច ត្រី និងអង្ករ ដែលគ្របដណ្ដប់លើខេត្តនៅទិសនីរតីនៃប្រទេសកម្ពុជា ។

ឯកឧត្ដមរដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្ដម ប្រធានាធិបតីចិន ស៊ី ជីនពីង បានស្វាគមន៍សម្តេចតេជោ ហ៊ុន សែន ដែលជា «មិត្តចាស់» និងជាភ្ញៀវបរទេសទី១ បន្ទាប់ពីចូលឆ្នាំថ្មីចិនបានផុតទៅ និងបានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការ «ពេជ្រ» កម្ពុជា-ចិន-១០ កុម្ភៈ ២០២៥។

គួរបញ្ជាក់ថា នៅវេលាម៉ោង១៣.២០ ម៉ោងនៅប្រទេសចិនត្រូវនឹងម៉ោង១២.២០ ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅដល់ប្រទេសចិនប្រកបដោយសុវត្ថិភាពហើយ ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋប្រជាមានិតចិន ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។

វត្តមាននៃការអញ្ជើញដល់របស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រីត្រូវបានទទួលការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតពីសំណាក់ថ្នាក់ដឹកនាំនៃសាធារណរដ្ឋប្រជាមានិតចិន ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅសាធារណរដ្ឋប្រជាមានិតចិន និងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត។ 

ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសចិននាពេលនេះ នឹងផ្តល់កាលានុវត្តភាពដល់រដ្ឋាភិបាលទាំងពីរ ដើម្បីជំរុញកិច្ចសហ ប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងធ្វើឱ្យកាន់តែស៊ីជម្រៅ នូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជន និងប្រជាជាតិទាំងពីរ៕






Powered by Blogger.