វិបត្តិ​ស្បៀងអាហារ​ធ្ងន់ធ្ងរ​​ផ្ទុះឡើង​នៅ​កូរ៉េ​ខាងជើង ​ក្រោយ​បង្ហាញ​សាច់ដុំ​ផ្នែក​យោធា

កូរ៉េ​ខាងជើង ៖ អ្នកជំនាញ​បាន​អះអាង​ថា ប្រទេស​កូរ៉េ​ខាងជើង កំពុង​ជួប​ប្រទះ​វិបត្តិ​ស្បៀងអាហារ​យ៉ាងធ្ងន់ធ្ងរ វា​មិនមែន​ជា​រឿង​ចម្លែក​នោះ​ទេ សម្រាប់​ប្រទេស​មួយ​នេះ ចំពោះ​កង្វះ​ស្បៀងអាហារ​ដ៏​រ៉ាំរ៉ៃ ប៉ុន្តែ​ការ​គ្រប់គ្រង​ព្រំដែន កត្តា​អាកាសធាតុ​មិនល្អ និង​ការ​រង​ទណ្ឌកម្ម បាន​ធ្វើ​ឱ្យ​ស្ថានការណ៍​កាន់តែ​អាក្រក់​ឡើង​ៗ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េ​ខាងជើង​បាន​លើក​ឡើង​ថា មន្ត្រី​កំពូល​ត្រូវ​បាន​រំពឹង​ថា នឹង​មានការ​ជួប​ប្រជុំ​ដ៏​សំខាន់ នៅ​ចុងខែ​នេះ ដើម្បី​ពិភាក្សា​អំពី «​ការ​ផ្លាស់​ប្តូរ​ជា​មូលដ្ឋាន​» ចំពោះ​គោលនយោបាយ​កសិកម្ម​។

អ្នក​ប្រមូល​ព័ត៌មាន​របស់​ទីភ្នាក់ងារសារព័ត៌មាន​កណ្តាល​កូរ៉េ​ខាងជើង KCNA Watch បាន​រាយការណ៍​ថា នេះ​ជា​កិច្ចការ​ដ៏​សំខាន់ និង​បន្ទាន់​មួយ ចំ​ពេល​មាន​វិ​បិត្ត​កសិកម្ម នៅ​ក្នុង​ប្រទេស​។ ដំណឹង​នេះ​បាន​ផ្ទុះ​ឡើង ខណៈ​ដែល​រដ្ឋាភិបាល​ទីក្រុង​ព្យុ​ង​យ៉ាង បាន​បន្ត​បង្ហាញ​សាច់ដុំ​យោធា​របស់​ខ្លួន ជា​បន្តបន្ទាប់​។

កាសែត​រដ្ឋ​កូរ៉េ​ខាងជើង​មួយ បាន​ប្រដូច​ការ​ផ្តល់​ជំនួយ​ពី​បរទេស ទៅ​នឹង​ស្ករ​គ្រាប់​មាន​ជាតិពុល ដោយ​កាលពី​ថ្ងៃ​ទី​២២ ខែកុម្ភៈ កន្លង​ទៅ​ថ្មី​ៗ​នេះ អ្នកកាសែត​កូរ៉េ​ខាងជើង លោក Rondong Sinmun បាន​សរសេរ​ថា ចក្រពត្តិនិយម បាន​ប្រើ​ជំនួយ​ជា​អន្ទាក់ ដើម្បី​ប្ល.ន់ និង​បង្ក្រាប ប្រទេស​ដែល​ទទួល​ជំនួយ​នោះ​។

ក្រសួង​បង្រួបបង្រួម​កូរ៉េ​ខាងត្បូង តាម​សេចក្តីរាយការណ៍​ក៏​បាន​បន្លឺ​សំឡេង​រោ​ទិ៍​លើ​ការ​ខ្វះខាត​ស្បៀងអាហារ​នៅ​កូរ៉េ​ខាងជើង ហើយ​បាន​ស្នើ​សុំ​ជំនួយ​ពី​កម្មវិធី​ស្បៀងអាហារ​ពិភពលោក (WFP) ផង​ដែរ​។ រូបភាព​ពី​ផ្កាយ​រណប​របស់​អាជ្ញាធរ​កូរ៉េ​ខាងត្បូង​បង្ហាញ​ថា កូរ៉េ​ខាងជើង​ផលិត​ស្បៀងអាហារ​បាន​តិច​ជាង ១៨០,០០០​តោន​ក្នុង​ឆ្នាំ ២០២២ បើ​ធៀប​នឹង​ឆ្នាំ ២០២១​។

កាលពី​ខែមិថុនា ឆ្នាំ​២០២២ កន្លង​ទៅ អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក (WFP) បាន​លើក​ឡើង​ពី​ការ​ព្រួយបារម្ភ​ថា លក្ខខណ្ឌ​អាកាសធាតុ​ធ្ងន់ធ្ងរ ដូច​ជា​គ្រោះ​រាំង​ស្ងួត និង​ទឹកជំនន់ អាច​កាត់​បន្ថយ​ផលិតកម្ម​ដំណាំ​ទាំង​នៅ​រដូវរងា និង​រដូវ​ផ្កា​រីក​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េ​ខាងជើង ក៏​បាន​រាយការណ៍​រួច​ទៅ​ហើយ កាលពី​ចុងឆ្នាំ​មុន​ថា ប្រទេស​នេះ កំពុង​ជួប​ប្រទះ​គ្រោះ​រាំង​ស្ងួត​អាក្រក់​បំផុត​ទី​ពីរ ក្នុង​កំណត់​ត្រា​របស់​ខ្លួន​។

សូម​ជម្រាប​ថា កូរ៉េ​ខាងជើង បាន​ដាក់​កំហិត​យ៉ាង​តឹងរ៉ឹង​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម​ឆ្លង​ដែន ចាប់តាំងពី​ខែមករា ឆ្នាំ​២០២០ មក​ម្ល៉េះ ដែល​ប្រភព​ចំណូល​ដ៏​សំខាន់​មួយ​។ ស្រប​ពេល​ដែល​ប្រទេស​កាន់​របប​ផ្តាច់​ការ​មួយ​នេះ បាន​និង​កំពុង​ចំណាយ​ប្រាក់​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ដោយ​ផ្តោត​យ៉ាង​សំខាន់​បំផុត​លើ​វិស័យ​យោធា ជា​ពិសេស​ពាក់ព័ន្ធ​នឹង​គ្រាប់​មី​ស៊ី​ល​តែ​ម្តង ដែល​ចុង​ក្រោយ​បំផុត​ត្រូវ​បាន​បង្ហាញ​កាលពីដើម​ខែកុម្ភៈ​នេះ​៕ (​ដកស្រង់​ចេញពី BBC)

Powered by Blogger.