សប្ដាហ៍ទី៣ខែកុម្ភៈកម្ពុជាទទួលបានទេសចរជាង ៣៦ ម៉ឺននាក់ ភ្ញៀវបរទេសផ្ទៃក្នុងជិត ៥ ម៉ឺននាក់

ព្រះសីហនុ ៖ នាវាទេសចរណ៍បរទេសមួយគ្រឿង ឈ្មោះ Nautica សញ្ជាតិ MARSHALL ISLAND ផ្ទុកមនុស្សចម្រុះជាតិសាសន៍ជិត ១ ពាន់នាក់ ចេញដំណើរមកពីប្រទេសថៃបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅថ្ងៃទី២២ ខែកុម្ភៈដើម្បីទស្សនាប្រទេសកម្ពុជារយៈពេល១ថ្ងៃ ខណៈក្នុងសប្ដាហ៍ទី៣ នៃខែកុម្ភៈនេះកម្ពុជាទទួលបានទេសចរជាង ៣៦ ម៉ឺននាក់ ភ្ញៀវបរទេសផ្ទៃក្នុងជិត ៥ ម៉ឺននាក់។

បើតាមរបាយការណ៍ក្រសួងទេសចរណ៍ សប្ដាហ៍ទី៣ខែកុម្ភៈ ចាប់ពីថ្ងៃទី១៣-១៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរសរុប ៣៦០,១៣៥ នាក់ ក្នុងនោះភ្ញៀវជាតិ ៣១៣,៦៨២ នាក់ ភ្ញៀវបរទេសផ្ទៃក្នុង ៤៦,៤៥៣ នាក់។

របាយការណ៍បានឱ្យដឹងថា គោលដៅទេសចរណ៍សំខាន់ៗ ដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិបានទៅលេងកម្សាន្តនោះរួមមាន ខេត្តព្រះសីហនុ ៧២,០៥៦ នាក់, ខេត្តត្បូងឃ្មុំ ៦៥,៣៨៥ នាក់, ខេត្តសៀមរាប ៣៩,៨០០ នាក់, រាជធានីភ្នំពេញ ៣៤,២៦៩នាក់, ខេត្តកំពត ២៥,១៣២ នាក់, ខេត្តបាត់ដំបង ២១,១៩២ នាក់, ខេត្តកំពង់ចាម ១៧,៨៨៤ នាក់, ខេត្តស្វាយរៀង ១៧,៨៦៩ នាក់។

បើតាមក្រសួងទេសចរណ៍ ចរន្តភ្ញៀវទេសចរក្នុងស្រុកនៅតែបន្តបង្ហាញសញ្ញាវិជ្ជមាន ប្រកបដោយ​ភាពសុទិដ្ឋិនិយមជាមួយចំនួនជាង ៣៦ ម៉ឺននាក់ក្នុងសប្តាហ៍នេះ ខណៈដែលសប្តាហ៍កន្លងមក​កម្ពុជាទទួលបានភ្ញៀវសរុបប្រមាណ ២៩ ម៉ឺននាក់។

ដោយឡែកនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នាវាទេសចរណ៍បរទេស ផ្ទុកមនុស្សចម្រុះជាតិ​សាសន៍​ជិត ១.០០០ នាក់ចូលចតធ្វើទស្សនកិច្ចនៅក្នុងខេត្តព្រះសីហនុផងដែរ៕

Powered by Blogger.