ព្រះបាទស៊ីសុវត្ថិនិងកីឡាប្រដាល់ ទ្រង់ធ្លាប់ប្រកួតប្រដាល់និងទទួលជ័យជំនះជាញឹកញយ

តាំងពីបុរាណមក ប្រដាល់គឺសិល្បៈប្រយុទ្ធដ៏សំខាន់មួយក្នុងជីវភាពរបស់មនុស្សខ្មែរយើង ពួកគេជឿថាប្រដាល់ញឺជាគ្រឿងសម្តែងពីថ្វីដៃរបស់មនុស្សអ្នកខ្លាំងពូកែ និងសេចក្តីអង់អាចក្លាហានរបស់សេនាទាហាន ដោយបុរាណលោករាប់ជាវិធីសាស្ត្រ១នៃការធ្វើសមយុទ្ធហ្វឹកហាត់សមត្ថភាព១បែប។ នៅសម័យនោះរាប់តាំងពីរាស្ត្រសាមញ្ញរហូតដល់មន្ត្រីឬរាជវង្សតែងហាត់ប្រដាល់យុទ្ធគុនដើម្បីការពារខ្លួន និងពង្រឹងជំនាញប្រយុទ្ធ។

ជាធម្មតាអ្នកប្រដាល់ដែលមានថ្វីដៃខ្លាំងពូកែច្រើនជាសេនាទាហាន ឬត្រូវបានគេជ្រើសរើសជាសេនាការពារនៃក្រុមអភិជននិងនាម៉ឺនមន្ដ្រី។ ព្រះមហាក្សត្រសម័យបុរាណទ្រង់សព្វព្រះទ័យនឹងកីឡាប្រដាល់ណាស់ ឯនាម៉ឺនមន្ត្រីវិញក៏ពេញចិត្តនឹងចូលរួមក្នុងការប្រកួតប្រដាល់ដែរ នៅទីនេះចំពោះប្រដាល់គឺគេនិយាយពីកិត្តិយស បើទោះបីជាជារង្វាន់ដែលទទួលបានគឺតិចតួចក៏ដោយចុះ ឯសម្ថភាពរបស់អ្នកប្រដាល់គឺមិនអាចកំណត់បានទេ សូម្បីតែជាគ្រូនិងសិស្សក៏ដោយ។

នៅក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ យើងសង្កេតឃើញថា ព្រះអង្គសព្វព្រះរាជហឫទ័យប្រដាល់ជាពន់ពេក ទ្រង់តែងរៀបចំអោយមានការប្រកួតប្រដាល់នៅក្នុងព្រះបរមរាជវាំងមុខព្រះមហាប្រាសាទទីប្រថាប់ ដើម្បីទតកម្សាន្តនាឱកាសព្រះរាជពិធីសំខាន់ផ្សេងៗ ដូចជា ព្រះរាជពិធីចូលឆ្នាំថ្មី ព្រះរាជពិធីតាំងតុ ព្រះរាជពិធីចម្រើនព្រះជន្ម ព្រះរាជពិធីបុណ្យអុំទូកលយកន្ទោង ឬព្រះរាជពិធីថ្វាយព្រះភ្លើងជាដើម។

ជាទូទៅក្រុមសមុហៈមហាផ្ទៃជាអ្នកផ្គូផ្គងកីឡាករ ដែលចៅហ្វាយខេត្តនានា ចេញប្រាក់ជួលសម្រាប់ថ្វាយព្រះករុណាទត។ នៅក្នុងរជ្ជកាលព្រះអង្គទ្រង់ប្រទានឯកសណ្ឋានប្រដាល់ និងរង្វាន់៤រៀលសម្រាប់អ្នកឈ្នះ ឬ៣រៀលសម្រាប់អ្នកចាញ់ (កាលណោះមាស ១ជី តម្លៃ៥រៀលកន្លះ) ។ ជួនកាលចំពោះគូរណាដែលលេងដាល់បានល្អទ្រង់ប្រទានជារង្វាន់រហូតដល់១០ ទៅ ២០ រៀលក៏មាន។ នៅឆ្នាំ១៩៣៣ ព្រះអង្គម្ចាស់នរោត្តម នរិន្ទដេត ទ្រង់ប្រទានសម្ភាសន៍ដល់ទស្សនាវដ្ដី Saigon Sportif ថា ព្រះបាទស៊ីសុវត្ថិ ជាអតីតព្រះមហាក្សត្រខ្មែរ១ព្រះអង្គដែលជាអ្នកប្រយុទ្ធ ទ្រង់ធ្លាប់ប្រកួតប្រដាល់និងទទួលជ័យជំនះជាញឹកញយ(កាលបឋមវ័យ)។

Powered by Blogger.