អង្គរសង្រ្កាន្តឆ្នាំ២០២៣ គ្រោងបំបែកកំណត់ត្រាពិភពលោកចំនួន២ ដែលត្រូវការអ្នកចូលរួមលើសពីកំណត់ត្រាចាស់

ភ្នំពេញ៖ អង្គរសង្រ្កាន្តឆ្នាំ ២០២៣ នឹងរៀបចំជាថ្មី ក្រោយខកខានជាច្រើនឆ្នាំកន្លងទៅនេះ។ ការវិលត្រឡប់ជាថ្មី ​ជាគម្រប់ខួប១០ឆ្នាំ​ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត។ ​ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ ២០២៣នេះ ​ក៏នឹងមានការគ្រោងបំបែកកំណត់ត្រាពិភពលោកចំនួនពីរ ដែលត្រូវការអ្នកចូលរួម​ច្រើនលើសលប់ លើសពីចំនួនអ្នកចូលរួមបំបែកកំណត់ត្រាពិភពលោករាំម៉ាឌីហ្សុន​កាល​ពីឆ្នាំ២០១៥ និងកំណត់ត្រានំអន្សមយក្សទៅទៀត។ ​នេះជាការបញ្ជាក់របស់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។

                          front សកម្មភាពក្នុងព្រឹត្តិការណ៍អង្គរសង្រា្កន្តឆ្នាំ២០២១ (រូបភាពពីទំព័រហ្វេសប៊ុក ព្រឹត្តិការណ៍អង្គរសង្រា្កន្ត)

សហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តជាថ្មីនៅថ្ងៃទី១៣- ១៤- ១៥ ខែមេសា ឆ្នាំ២០២៣ខាងមុខ។ ​អង្គរសង្រា្កនឆ្នាំ ២០២៣ ជាគម្រប់ខួប ១០ ឆ្នាំរបស់ខ្លួន ក្រោយខកខាន​រៀបចំតាំងពីឆ្នាំ២០១៩ មកម្ល៉េះ។ ការវិលត្រឡប់ជាថ្មី នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត នឹងក្លាយជាព្រឹត្តិការណ៍ជួបជុំដ៏ធំរបស់មហាគ្រួសារខ្មែរ ហើយក៏ជាព្រឹត្តិការណ៍ផ្សព្វផ្សាយ​ពី​ភាពអស្ចារ្យនៃវប្បធម៌​ អរិយធម៌ខ្មែរ​ ដែលនឹងធ្វើឡើងក្រោមប្រធានបទ "ក្ដីស្រម៉ៃ និងក្ដីសង្ឃឹម"។


ព្រឹត្តិការណ៍អង្គរសង្រ្កាន្តក្នុងឆ្នាំនេះ ​ក៏នឹងគ្រោងបំបែកកំណត់ត្រាពិភពលោកថ្មីចំនួនពីរផងដែរ។ ប៉ុន្តែ ពុំទាន់មានការបញ្ជាក់ច្បាស់​ ថាកម្ពុជាគ្រោងបំបែកកំណត់ត្រាពិភពលោកអ្វីនោះទេ។ លោកជំទាវ ដាំ ដារីនី ​អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ​បានបញ្ជាក់ខ្លីថា ការ​បំបែកកំណត់ត្រាពិភពលោកទាំងពីរនេះ ​គឺត្រូវការអ្នកចូលរួមច្រើនលើសលប់ ដោយ​ចំនួននោះ​គឺលើសពីចំនួនអ្នកចូលរួមបំបែកកំណត់ត្រារាំម៉ាឌីហ្សុន កាលពីឆ្នាំ ២០១៥ និង​ការបំបែកកំណត់ត្រានំអន្សមយក្សទៅទៀត ខណៈដែលការបំបែកកំណត់ត្រា​ពិភពលោក​រាំម៉ាឌីហ្សុនកាលពីឆ្នាំ ២០១៥កន្លងទៅ​ គឺមានអ្នកចូលរួមចំនួន​ ២០១៥នាក់ រីឯនំអន្សមយក្សមានទម្ងន់រហូតដល់ ៤០៤០ គីឡូក្រាម។


ជុំវិញការរៀបចំព្រឹត្តិការណ៍នេះ ឯកឧត្តម សុខ សប្បាយណា ប្រធានក្រុមប្រតិបត្តិព្រឹត្តិការណ៍​អង្គរសង្រ្កាន្ត ធ្លាប់បានលើកឡើងដែរថា ​ព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅក្នុងឆ្នាំ ២០២៣នេះ កាន់​តែធំជាងបណ្ដាឆ្នាំមុនៗ។
អង្គរសង្រ្កាន្តឆ្នាំ ២០២៣ នឹងមានការប្រមូលផ្ដុំកម្មវិធី ព្រឹត្តិការណ៍ ​និងតួអង្គនិមិត្តរូបសំខាន់ៗ (តាមឆ្នាំនីមួយៗនៃអង្គរសង្រ្កាន្ត) ក៏ដូចជាវត្ថុពិសេសៗ (វត្ថុយក្ស) ​មកជួបជុំគ្នា ដែល​ឆ្លុះបញ្ចាំង​តាម​រយៈកម្មវិធីចំនួន៤៤កម្មវិធី​ នៅតាមទីតាំង ​ឬតំបន់ចំនួន ៦ផ្សេងគ្នា និងមានកំណើន​យុវជនស្ម័គ្រចិត្តជាច្រើនចូលរួម។




Powered by Blogger.