គម្រោងសាងសង់ស្ពានអាកាសព្រះមុន្នីវង្ស កំពុងដំណើរការខួងគ្រឹះ​សសរ​២១៩ដើម

 ភ្នំពេញ៖ ការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស ដែលជាស្ពានអាកាសមានរង្វង់មូលលើ​អាកាស​ដំបូងគេនៅកម្ពុជា ​បាននឹងកំពុងដំណើរការសាងសង់​យ៉ាង​មមាញឹក ខណៈមកដល់​ពេលនេះក្រុមបច្ចេកទេសកំពុងខួងគ្រឹះសសរ ២១៩ដើម នៅលើផ្លូវ៦០ម៉ែត្រ និងផ្លូវព្រះមុនីវង្ស។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី០៧ ខែកុម្ភៈ ​ឆ្នាំ២០២៣នេះថា ​គម្រោងសាងសង់ស្ពាន​អាកាសព្រះមុន្នីវង្ស បច្ចុប្បន្ន​ខាងក្រុមហ៊ុន​កំពុងតែធ្វើការខួងគ្រឹះស្ពានដែលទាំងអស់មានចំនួន ២១៩ដើម ​ហើយទើបនឹងបានបញ្ចប់ការខួង និងចាក់បេតុងបានប្រមាណ ២៥ដើម ស្មើនឹង ១១.៤១ភាគរយនៃគម្រោង ។

ប្រធានមន្ទីរសាធារណការ ​និងដឹកជញ្ជូនរាជធានីភ្នំពេញបានបន្ថែមថា ​ចំពោះមុខ គឺការដ្ឋាន​កំពុងមានសកម្មភាពនៅលើផ្លូវ៦០ ម៉ែត្រ នៅតំបន់ N1 បានខួងគ្រឹះរួចរាល់ចំនួន ២២ដើម និង​នៅតំបន់ N2 កំពុងរៀបចំការដ្ឋានដើម្បីធ្វើការខួងគ្រឹះបន្ត ​តែតំបន់នេះ​ក៏ពិបាកក្នុងការរៀបរបាំង​ការដ្ឋាន​ផងដែរ ដោយសារប្រជាពលរដ្ឋមានការតវ៉ា។

លោក សាំ ពិសិដ្ឋ បន្ថែមទៀតថា ចំពោះនៅលើផ្លូវព្រះមុនីវង្ស ​នៅតំបន់ N3 ក្រុមបច្ចេកទេស​បានធ្វើការខួងគ្រឹះបានចំនួន ៣ដើម និងរង់ចាំការដោះស្រាយផលប៉ះពាល់​ ដើម្បីបន្តការងារទៀត។ ដោយឡែកនៅលើផ្លូវ២៧១ ពុំទាន់បានចូលសាងសង់នៅឡើយនោះទេ។

ការសាងសង់ស្ពានអាកាសព្រះមុនីវង្ស ​គឺដើម្បីសម្រួលការធ្វើចរាចរណ៍ក្នុងរាជធានីភ្នំពេញ ដែល​មាន​កំណើនយានយន្ត ​និងការធ្វើចរាចរណ៍កាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ស្ពានអាកាសនេះ ​សាងសង់ស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ​ហ៊ុន សែន មហាវិថី​ព្រះមុនីវង្ស ​ជាមួយវិថីកងយោធពលខេមរភូមិន្ទ ​ហៅផ្លូវលេខ២៧១ ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ។ ស្ពានអាកាសទាំងនេះ សាងសង់​ដោយក្រុមហ៊ុនវិនិយោគទុន​អាណិកជន​កម្ពុជា OCIC គ្រោងចំណាយថវិកា ៣៦,៧៧៥,០០០ដុល្លារ និងចំណាយពេលវេលាសាងសង់ ៣៦ខែ។

គម្រោងស្ពានអាកាស ព្រះមុនីវង្ស មានសាងសង់ផ្លូវផ្ទាល់ដី ​ដែលមានរង្វង់មូលបែងចែកទិស និង​ផ្លូវតភ្ជាប់រវាងមហាវិថីព្រះមុនីវង្ស ​មហាវិថីសម្តេចតេជោ ហ៊ុន សែន ​វិថីកងយោធពលខេមរភូមិន្ទ ឆ្ពោះទៅស្ពានព្រះមុនីវង្ស និងផ្លូវជាតិលេខ២។​ បន្ទាប់មកសាងសង់ស្ពានអាកាសចំនួនពីរជាន់។ ស្ពានអាកាសជាន់ទី១ ជាស្ពានរង្វង់មូល នៅត្រង់ចំណុចប្រសព្វ ដែលបំបែកខ្នែងជាបួនទិសផ្សេងគ្នា ទៅកាន់មហាវិថីសម្តេចតេជោ ហ៊ុន សែន ស្ពានព្រះមុនីវង្ស មហាវិថីព្រះមុនីវង្ស និងវិថីកងយោធពលខេមរភូមិន្ទ។ ស្ពានអាកាសជាន់ទី២ ជាផ្លូវទ្វេទិស មានទិសដៅទៅមក រវាងមហាវិថីព្រះមុនីវង្ស និងមហាវិថីសម្តេចតេជោ ហ៊ុន សែន។ ក្រៅពីស្ពានអាកាស ព្រះមុនីវង្ស រដ្ឋបាលរាជធានីភ្នំពេញក៏បានតៀមដំណើរការការដ្ឋានសាងសង់ស្ពានអាកាសមួយកន្លែងទៀតស្ថិតនៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ហៅផ្លូវលេខ២០០៤ ក្នុងខណ្ឌពោធិ៍សែនជ័យ។

បច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន៦ ដែលបានសាងសង់រួចរាល់ និងកំពុង​ប្រើប្រាស់ រួមមាន ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាស៧មករា ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៥មករា ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ឬហៅថា ស្ពានអាកាស​ផ្សារដីហ៊ុយ និងស្ពានអាកាសចោមចៅ។ ​ក្រៅពីនេះ ស្ពានអាកាសមួយទៀត គឺស្ពានអាកាស​លើផ្លូវជាតិលេខ៥ បាននឹងកំពុងដំណើរការសាងសង់តាំងពីខែមករា ឆ្នាំ២០២២មកក៏ជិតរួចរាល់​ហើយដែរ៕

Powered by Blogger.