ផ្ទុះ​​រឿង​ផ្ទៃក្នុង​នៅ​វិទ្យាល័យ​ពេជ្រ​ចិន្តា ​«រឿង​លោក​គ្រូ​-​អ្នកគ្រូ​បើក​បង្រៀន​​គួរ»

ខេត្តបាត់ដំបង​៖ «​វិទ្យាល័យ ពេជ្រ​ចិន្តា​» នៅ​ស្រុក​ភ្នំព្រឹក ដែល​គេ​ធ្លាប់​ស្គាល់​ជាមួយនឹង​ភាព​ល្បី​ល្បាញ តាម​រយៈ​ការ​ឈ្នះ​ជ័យ​លា​ភី​ទូ​ទាំង​ប្រទេស ជា​វិទ្យាល័យ «​គំរូ ផ្នែក​សេ​វា​សាធារណៈ ក្នុង​វិស័យ​អប់រំ​» ពេល​នេះ​ ស្រាប់តែ​ផ្ទុះ​ឡើង​នូវ​រឿងអាស្រូវ ពាក់ព័ន្ធ​នឹង​លោកគ្រូ អ្នកគ្រូ​បើក​បង្រៀន​

«​គួរ​»​សិស្ស​ក្រៅ​ម៉ោង នៅ​ក្នុង​វិទ្យាល័យ​បែប​«​ប្រកាន់​បក្សពួក​» ដែល​គេ​ទម្លាក់​ទៅ​លើ​លោក​នា​យក​វិទ្យាល័យ​គំរូ​មួយ​នេះ​ថា ជា​អ្នក​រៀបចំ​ឲ្យ​មាន​ភាព​រញ៉េរញ៉ៃ​នេះ​កើតឡើង រហូត​ប​ញ្ឈប់​​សិស្ស​មួយ​ចំនួន​មិន​ឲ្យ​ចូល​រៀន​មួយ​រយៈ​ខ្លី​ទៀត​ផង ព្រោះតែ​យុវ​សិស្ស​ទាំងនោះ​មិន​ស្ដាប់​តាម​ការ​ណែ​នាំ​របស់​លោកនាយក តែ​លោកនាយក​វិទ្យាល័យ​នេះ បាន​បដិសេធ​ចំពោះ​ការ​ចោទប្រកាន់​នេះ​។

ភាគី​ចោទប្រកាន់ ដែល​ជា​គ្រូបង្រៀន​ផង​ដែរ បាន​ផ្ដល់​ព័​ត៌​មាន​ថា បច្ចុប្បន្ន ​នៅ​ក្នុង​«​វិទ្យាល័យ ពេជ្រ​ចិន្តា​» កំពុង​មាន​ភាព​ច​ម្រោ​ង​ចម្រាស់ ប្រទាំង​ប្រទើស​គ្នា​រវាង​លោកគ្រូ អ្នកគ្រូ និង លោក​នាយក​វិទ្យាល័យ​ក្នុង​រឿង​ដណ្ដើម​គ្នា​បង្រៀន​«​គួ​រ»​សិស្ស​ក្រៅ​ម៉ោង​នៅ​ក្នុង​វិទ្យាល័យ​។ ប្រភព​នេះ​បាន​ចង្អុល​ចំ​ៗ​ថា លោក ប៉ិច ឈឿ​ត នាយក​វិទ្យាល័យ​នេះ គ្រប់គ្រង​គ្រូបង្រៀន​នៅ​ក្នុង​វិទ្យាល័យ​ហាក់​លំអៀង ប្រកាន់​បក្សពួក​។ ប្រើ​អំណាច​គាបសង្កត់ គំរាមកំហែង ដាក់​សម្ពាធ ឬ ទៅ​លើ​លោក​គ្រូ អ្នកគ្រូ ឬ កូនសិស្ស​ទាំងឡាយ​ណា ដែល​មិនមែន​ជា​បក្សពួក​គាត់​ ។

ប្រភព​ទម្លាយ​ព័​ត៌​មាន ដែល​សុំ​មិន​ប្រាប់​ឈ្មោះ​រូប​នេះ​បាន​បញ្ជាក់​ថា លោក​ប៉ិច ឈឿ​ត តែង​ប្រជុំ​ណែនាំ​សិស្ស​គ្រប់​ថ្នាក់ ត្រូវ​តែ​ទៅ​រៀន​ «​គួរ​» ​ជាមួយ​លោកគ្រូ អ្នកគ្រូ​ណា ដែល​ជា​បក្សពួក​របស់​គាត់ តែបើ​យុវ​សិស្ស​ណា​មិន​ស្ដាប់ ហើយ​បែរជា​ទៅ​រៀន​«​គួ​រ»​ជាមួយ​លោកគ្រូ អ្នកគ្រូ​ផ្សេង ដែល​មិនមែន​ជា​បក្សពួក​គាត់​ទេ យុវ​សិស្ស​ទាំងនោះ​នឹង​ត្រូវ​លោកនាយក​រូប​នេះ​ដាក់​ទណ្ឌកម្ម​ឲ្យ​ឈរ​ហាលថ្ងៃ នៅ​កន្លែង​ដងទង់​ជាតិ ឬ ត្រូវ​ប​ញ្ដេ​ញ​មិន​ឲ្យ​ចូល​រៀន​ចន្លោះ​ពី​មួ​យស​ប្ដា​ហ៍​រហូត​ដល់​កន្លះ​ខែ​ ។

ជាមួយនឹង​ការ​ចោទប្រកាន់ ប្រភព​នេះ​ក៏​បាន​លើកយក​ឧ​ទា​ហរ​ណ៏​«​ទណ្ឌកម្ម​»​ថ្មី​មួយ ដែល​គាត់​បាន​ចាត់​ទុក​ថា ជា​«​ករណី​ជាក់ស្ដែង​» បាន​កើតឡើង​កាលពី​ថ្ងៃ​ទី ០៣ កុម្ភៈ ឆ្នាំ​២០២៣​នេះ​។ គាត់​និយាយ​ថា នៅ​ថ្ងៃ​នោះ លោកនាយក​វិទ្យាល័យ​រូប​នេះ បាន​ស្ដីបន្ទោស​សិស្ស រួច​បា​នប​ញ្ឈប់​​យុវ​សិស្ស​ថ្នាក់​ទី​៨C ដែល​មាន​សរុប​ជាង​៥០​នាក់ មិន​ឲ្យ​ចូល​រៀន​រយៈពេល​ចន្លោះ​ពី​មួ​យស​ប្ដា​ហ៍​រហូត​ដល់​កន្លះ​ខែ ដោយសារ​តែ​យុវ​សិស្ស​ទាំងនេះ​ទៅ​រៀន​ «​គួរ​» ​ជាមួយ​គ្រូ​ផ្សេង មិន​ទៅ​រៀន​

«​គួរ​»​ជាមួយ​គ្រូ​ៗ ដែល​ជា​បក្សពួក​របស់​គាត់ ​។

បើ​តាម​ប្រភព​ដដែល​នេះ​បាន​បញ្ជាក់​ថា ជាមួយ​គ្នា​នឹង​កា​រប​ញ្ឈ​ប់​សិស្ស​មួយ​រយៈពេល​ខ្លី​មិន​ឲ្យ​ចូល​សាលា​នេះ ថែម​ទាំង​បង្គាប់​ឲ្យ​សិស្ស​ផ្ដិត​មេដៃ​លើ​កិច្ចសន្យា ឈប់​ទៅ​រៀន​គួរ​ជាមួយ​គ្រូ​ផ្សេង​ៗ​ទៀត​ផង​។ ដោយសារ​តែ​លោកនាយក ប​ញ្ឈ​​ប់​សិស្ស​ដោយ​មូលហេតុ​មិន​សមរម្យ​បែប​នេះ ទើប​ធ្វើ​ឲ្យ​អាណាព្យាបាល​សិស្ស​មួយ​ចំនួន​ផ្ទុះ​ប្រតិកម្ម​តវ៉ា មក​សួរនាំ​គ្រូបង្រៀន​ប្រចាំ​ថ្នាក់​ដល់​សាលា​ជា​បន្តបន្ទាប់​ ។ លោក ប៉ិច ឈឿ​ត នាយក​វិទ្យាល័យ​«​ពេជ្រ ចិន្តា​» បា​នប​ដិ​សេ​ដ​យ៉ាង​ដាច់អហង្ការ​ចំពោះ​ការ​ចោទប្រកាន់​ពី​ប្រភព​មិន​ប្រាប់​ឈ្មោះ​នេះ​ ។


ប៉ុន្តែ​លោក​បាន​ផ្ដល់​ចម្លើយ​តប​យ៉ាង​ជាក់លាក់​ត្រឡប់​មក​វិញ​ថា «​ខ្ញុំ​ស្គាល់​ហើយ អ្នក​ដែល​ផ្ដល់​
ព័​ត៌​មាន​នេះ​ ។ គាត់​ជា​គ្រូបង្រៀន នៅ​ក្នុង​វិទ្យាល័យ​នេះ​តែ​ម្នាក់​គត់ ដែល​មិន​ស្រប​នឹង​គេ​»​។ តើ​លោកនាយក​បា​នប​ញ្ឈ​ប់​សិស្ស​ថ្នាក់​ទី ៨c មិន​ឲ្យ​ចូល​រៀន​ដូច​ការ​ចោទ​មែន​ឬទេ កាលពី​ថ្ងៃ​សុក្រ​ស​ប្ដា​ហ៍​មុន​នេះ ? លោកនាយក បាន​ផ្ដល់​ចម្លើយ​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​មិន​បា​នប​ញ្ឈប់​សិស្ស​ដូច​ការ​ចោទប្រកាន់​ទេ​ ។

ថ្ងៃ​នោះ​ ខ្ញុំ​គ្រាន់តែ​បាន​ចូល​ទៅ​សួរនាំ​សិស្ស រឿង​ពួក​គេ​ចេញ​ទៅ​រៀន​គួ​ក្រៅ​សាលា ហើយ​មិនមែន​មាន​តែ​សិស្ស​មួយ​ថ្នាក់​ហ្នឹង​ទេ គឺ​មាន​ដល់​ទៅ​០៤​ថ្នាក់​ឯង​ណោះ ដែល​ខ្ញុំ​បាន​សួរនាំ តែ​ក៏​ពុំ​បា​នប​ញ្ឈប់​ពួក​គេ​មិន​ចូល​សាលា​នោះ​ដែរ គ្រាន់តែ​ឲ្យ​ពួក​លើកដៃ តើ​មាន​ប៉ុន្មាន​នាក់​ដែល​បាន​ទៅ​រៀន​គួ​ក្រៅ​សាលា ? បើ​តាម​ការ​ស្ទាបស្ទង់​គឺ​មាន​ប្រហែល​១០​នាក់​ប៉ុណ្ណោះ តែ​ពួក​គេ​នៅ​តែម​ករៀន​ដដែល អត់​មាន​សិស្ស​ណា​ម្នាក់​ត្រូវ​បា​នប​ញ្ឈប់​ដូច​ការ​ចោទ​នោះ​ទេ​»​។

ដោយឡែក ​ពាក់ព័ន្ធ​នឹង​ការ​បែងចែក ឬ ប្រកាន់​បក្សពួក​វិញ លោក​ប៉ិច ឈឿ​ត បាន​បញ្ជាក់​ថា នៅ​ក្នុង​វិទ្យាល័យ​របស់​លោក ពុំ​មានការ​បែងចែក​បក្សពួក ដូច​ការ​លើក​ឡើង​ខាងលើ​នេះ​ទេ​ ។ លោក​បាន​អនុញ្ញាត​ឲ្យ​លោកគ្រូ អ្នកគ្រូ បើក​បង្រៀន​«​គួរ​» នៅ​ក្នុង​វិទ្យាល័យ តែ​ត្រូវ​បង្រៀន​ក្រៅ​ម៉ោង​រដ្ឋ ហើយ​ក៏​មិន​អនុញ្ញាត​ឲ្យ​បង្រៀន​សិស្ស​នៅ​តាម​ផ្ទះ​ដែរ​ ។ ប៉ុន្តែ​ដោយសារ​មាន​គ្រូ​ខ្លះ​បង្រៀន​សិស្ស​នៅ​តាម​ផ្ទះ​បែប​នេះ​ហើយ ទើប​គាត់​មិន​ពេញចិត្ត​នឹង​ការ​ណែនាំ​របស់​លោក រហូត​ផ្ដល់​ព័​ត៌​មាន​អាក្រក់​ពី​ក្នុង​សាលា​ទៅ​អ្នក​សារ​ព័​ត៌​មាន​បែប​នេះ​ ។

ដំណឹង​នៃ​ការ​ផ្អាក​មិន​ឲ្យ​សិស្ស​ចូល​រៀន​មួយ​រយៈ​ដោយសារ​រឿង​សិស្ស​រៀន​«​គួរ​»​មិន​ស្ដាប់​តាម​ការ​ណែនាំ​របស់​លោកនាយក​វិទ្យាល័យ​នេះ អាណាព្យាបាល​សិស្ស​ម្នាក់ គឺ​អ្នកស្រី ឃុន ឡា បាន​ថ្លែងប្រាប់​កោះសន្តិភាព តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី ០៦ កុម្ភៈ​នេះ​ថា «​កូន​ខ្ញុំ​បាន​ទូរស័ព្ទ​ប្រាប់​ខ្ញុំ​ពី​រឿង​គ្រូ​ផ្អាក​មិន​ឲ្យ​ចូល​រៀន​មួយ​រយៈ​នេះ​ដែរ តែ​ខ្ញុំ​មិន​បានដឹង​ពី​មូលហេតុ​ទេ ហើយ​កូន​ខ្ញុំ​ក៏​មិន​បញ្ជាក់​ពី​មូលហេតុ​នេះ​ប្រាប់​ខ្ញុំ​ជាក់លាក់​ដែរ​»​។

អ្នកស្រី ឡា បាន​បញ្ជាក់​ថា «​នៅ​ព្រឹក​ថ្ងៃ​ទី ០៦ កុម្ភៈ ខ្ញុំ​បាន​ទៅ​ជួប​សួរនាំ​រឿង​នេះ​ដល់​សាលា​ដែរ នៅ​តែ​ពុំ​មាន​លោកគ្រូ ឬ អ្នកគ្រូ​និយាយ​ពី​មូលហេតុ​ប្រាប់​ខ្ញុំ​ទេ​។ រីឯ​លោកគ្រូ​ម្នាក់​ឈ្មោះ ម៉េ​ត ដែល​បង្រៀន​កូន​ខ្ញុំ ក៏​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​ច្បាស់​លាក់​ដែរ​។ លោកគ្រូ​ម៉េ​ត គ្រាន់តែ​ប្រាប់​ខ្ញុំ​ថា គេ​ពិតជា​បាន​ផ្អាក​មិន​ឲ្យ​សិស្ស​ថ្នាក់​ដែល​កូន​ខ្ញុំ​រៀន​មួយ​រយៈ​មែន​»​។ ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ អ្នកស្រី​ក៏​បាន​បង្ហាញ​នូវ​ភាព​មិន​ច្បាស់លាស់​ដែរ​ថា «​កូន​ខ្ញុំ រៀន​នៅ​សាលា​ឆ្ងាយ​ពី​ផ្ទះ​ណាស់ ហើយ​មាន​ជំងឺ​ផង ពេល​នេះ ​មាន​បញ្ហា​ក្នុង​សាលា​ទៀត ខ្ញុំ​ចង់​សុំ​ផ្ទេរ​យក​កូន​ខ្ញុំ ទៅ​រៀន​នៅ​សាលា​ជិត​ផ្ទះ ក្នុង​ឃុំ​បារាំង​ធ្លាក់ ស្រុក​ភ្នំព្រឹក​វិញ ដើម្បី​ងាយ​ស្រូល​មើល​ខុស​ត្រូវ​កូន តែ​មិនដឹង​គេ​ឲ្យ​ទៅ​បាន​ឬ​អត់​នោះ​ទេ​»​។

បន្ថែម​លើ​ការ​មិន​ចុះសម្រុង​គ្នា​រវាង​លោកគ្រូ អ្នកគ្រូ​មួយ​ចំនួន ជាមួយ​លោកនាយក​នៃ​វិទ្យាល័យ
«​ពេជ្រ​ចិន្តា​» ដែល​ចោទ​គ្នា​ទៅ​វិញ​ទៅ​មកនេះ ប្រភព​ដែល​សុំ​មិន​ប្រាប់​ឈ្មោះ ហាក់​មិន​ស្ងប់​ចិត្ត​ទេ គាត់​បាន​សំណូម​សុំ​ឲ្យ​ថ្នាក់​ក្រសួង​អប់រំ យុវជន និង​កីឡា បង្កើត​ក្រុមការងារ​«​ឯករាជ​»​ចុះ​ធ្វើការ​ស្រាវជ្រាវ​ផ្ទាល់​ដល់​មូលដ្ឋាន ដល់​វិទ្យាល័យ និងសួរនាំ​ដល់​អាណាព្យាបាល​សិស្ស ឬ មន្ត្រី​ពាក់​ព័ន្ធ​នានា​ផង លើ​ករណី​នេះ ដោយ​មិន​លំអៀង នឹង​អាច​រក​ឃើញ​ស​ខ្មៅ​ជាក់​ជា​មិន​ខាន​ ។

វិទ្យាល័យ​«​ពេជ្រ​ចិន្តា​» ស្ថិត​នៅ​ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ធ្លាប់​មាន​ប្រវត្តិ​ឈ្នះ​ជ័យ​លា​ភី​ទូ​ទាំង​ប្រទេស កាលពី​អំឡុង​ឆ្នាំ​២០១៩ ជាប់​ឈ្មោះ​ជា​វិទ្យាល័យ​«​គំរូ ផ្នែក​សេ​វា​សាធារណៈ ក្នុង​វិស័យ​អប់រំ​»​។ នេះ​បើ​តាម​លោក ប៉ិច ឈឿ​ត នាយក​វិទ្យាល័យ ដែល​កំពុង​ផ្ទុះ​រឿងអាស្រូវ​ផ្ទៃក្នុង​ខាងលើ​នេះ បាន​បង្ហាញ​មោទនភាព ប្រាប់​កោះសន្តិភាព​ ។ វិទ្យាល័យ​ពេជ្រ​ចិន្តា មាន​បន្ទប់​សិក្សា​ប្រមាណ ២៩​បន្ទប់ ចាប់ពី​ថ្នាក់​ទី​៧ រហូត​ដល់​ថ្នាក់​ទី​១២ មាន​លោកគ្រូ អ្នកគ្រូ​ បង្រៀន​ប្រមាណ​​​៤០​នាក់ និង មាន​សិស្សានុសិស្ស​ប្រមាណ​១,៥០០​នាក់​ ។

ជាមួយនឹង​ភាព​ច​ម្រោ​ង​ចម្រាស​ផ្ទៃក្នុង​ដែល​កំពុង​ផ្ទុះ​ក្ដៅ​គគុក​បែប​នេះ លោក ប៉ិច ឈឿ​ត នាយក​វិទ្យាល័យ​នេះ បាន​បញ្ជាក់​ប្រាប់​ដែរ​ថា លោក​នឹង​អញ្ជើញ​អាណាព្យាបាល​សិស្ស​មក​ប្រជុំ​និយាយ​ពី​បញ្ហា​ខាងលើ​នេះ ​ឲ្យ​បាន​ច្បាស់លាស់ នៅ​ចំពោះ​មុខ​លោកគ្រូ អ្នកគ្រូ​ទាំងអស់​នៅ​ក្នុង​វិទ្យាល័យ ជៀសវាង​កុំ​ឲ្យ​បញ្ហា​នេះ​មាន​វិវាទ​កាន់តែ​ធំ​។

Powered by Blogger.