ពិតជាបាតដៃខ្នងដៃ! ថៃប្រកាសមិនចូលរួមប្រកួតគុនខ្មែរក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា
រាជធានីភ្នំពេញ ៖ លោកបណ្ឌិត Sakchai Thapsuwan ប្រធានសហព័ន្ធអន្តរជាតិនៃសមាគមមួយថៃ Amateur Muay Thai (IFMA) និងលោក Stefan Fox (IFMA) បានប្រកាសរួមគ្នានៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ ថា មិនអាចបញ្ជូនអត្តពលិករបស់ខ្លួន ទៅចូលរួមការប្រកួតកីឡាប្រដាល់គុនខ្មែរ (Kun Khmer) ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (32nd SEA Games) នៅប្រទេសកម្ពុជា ខែឧសភា ខាងមុខនេះបានទេ។
ចំណែកប្រទេស២ទៀត ដែលគ្មានទំនាក់ទំនងជាមួយកីឡាប្រដាល់ គឺព្រុយណេ, ទីម័រខាងកើត និង៣ប្រទេសផ្សេងទៀតដែលមិនពឹងលើ IFMA មានដូចជា មីយ៉ាន់ម៉ា ឡាវ និងកម្ពុជា ត្រូវរង់ចាំមើលជំហររបស់ខ្លួនម្ដងទៀត។
យោងតាមបទប្បញ្ញត្តិ ត្រូវតែមានប្រទេសយ៉ាងតិចចំនួន៤ចូលរួម ទើបអាចធ្វើការប្រកួតបាន ។ ប៉ុន្តែប្រាកដណាស់ថា ប្រទេសទាំង៦ ដែលជាសមាជិក IFMA នឹងមិនចូលរួមក្នុងការប្រកួតកីឡាគុនខ្មែរលើកនេះបានទេ។
លោកបណ្ឌិត Sakchai បានសង្កត់ធ្ងន់ថា «យើងត្រៀមខ្លួនជាស្រេចក្នុងការសហការជាមួយប្រទេសទាំងអស់ ។ យើងកោតសរសើរ និងគាំទ្រកីឡាគុនខ្មែរ ប៉ុន្តែខ្ញុំមិនអាចចូលរួមបានទេ ដោយសារតែយើងមិនមានស្ថាប័ន ដែលបញ្ជាក់ពីកីឡានេះ ហើយទាំងនេះ មិនមែនជាការមិនគោរព ឬមើលស្រាលតាមមធ្យោបាយណាមួយឡើយ» ។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងជា
អគ្គលេខាធិការគណៈកម្មាធិការប្រកួតកីឡាអាសុីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣(CAMSOC)
កន្លងមកបានបញ្ជាក់ថា ការប្រកាសពីប្រទេសថៃថាមិនចូលរួមបែបនេះ មិនមែនជាបញ្ហា
សម្រាប់កម្ពុជានោះទេ ព្រោះជាសិទ្ធិសម្រេចរបស់ប្រទេសនោះដោយបច្ចុប្បន្នមានប្រទេសចំនួន៦ហើយដែលនឹងចូលរួមប្រកួតក្រោមវិញ្ញាសាគុនខ្មែរ ។ លោកថា បើថៃ ឬប្រទេសផ្សេងទៀតមិនព្រមចូលរួមប្រកួតដោយសារតែមានពាក្យថាគុនខ្មែរ នោះកម្ពុជាក៏នឹងមិនចូលរួមការប្រកួតព្រឹត្តិការណ៍ដែលធ្វើឡើងក្រោមឈ្មោះ «Muay Thai» ដូចគ្នាដែរ។
ជាមួយគ្នានេះដែរ ក្រោយការប្រកាសលុបចោលការប្រើពាក្យ «Muay» នេះ មានសារព័ត៌មានធំៗរបស់ថៃមួយចំនួនបានផ្សាយថា ប្រទេសថៃ និងសមាគម IFMA ដែលមានប្រទេសមួយចំនួនក្នុងតំបន់អាស៊ានជាសមាជិកនឹងមិនចូលរួមប្រកួតក្នុងវិញ្ញាសាប្រដាល់ «KunKhmer» នោះទេ និងបានប្រកាសជាផ្លូវការដល់ប្រទេសជាសមាជិកណាដែលបញ្ជូនអត្តពលិកទៅប្រកួតប្រដាល់គុនខ្មែរដែលរៀបចំនៅកម្ពុជាឆ្នាំនេះ នឹងត្រូវហាមឃាត់ភ្លាមៗក្នុងព្រឹត្តិការណ៍ផ្សេងទៀតដែល IFMA អនុម័តនាពេលខាងមុខនៅចុងឆ្នាំ២០២៣។
គួរឱ្យដឹងដែរថា Muay គឺជាភាសាថៃដែលមានន័យថាកីឡាប្រដាល់ ដែលភាគច្រើនគេប្រើពាក្យថា Muay Thai យោងតាម olympics.com បានប្រើប្រាស់ក្នុងការប្រកួតកីឡាស៊ីហ្គេមតាំងពីឆ្នាំ២០០៥ តែត្រូវបានប្ដូរវិញនៅឆ្នាំ២០០៩ ទៅជា Muay Lao និងត្រូវដកចេញពីការប្រកួតទាំងស្រុងក្នុងឆ្នាំ២០១១ និង២០១៥ តែការប្រកួតកីឡា Muay ត្រូវបានយកមកប្រកួតវិញក្នុងឆ្នាំ២០២១ នៅពេលដែលវៀតណាមធ្វើជាម្ចាស់ផ្ទះ ៕
Post a Comment