សន្តិសុខម្នាក់សម្រេចចិត្តបញ្ចប់គ្រប់យ៉ាងក្នុងរោងយាមដីឡូតិ៍ ក្រោយស្រីស្នេហ៍សុំបែក
រាជធានីភ្នំពេញ ៖ បុរសជាសន្តិសុខម្នាក់តូចចិត្តស្រីស្នេហ៍សុំបែក ក៏បានសម្រេចចិត្តបញ្ចប់ជីវិតនៅចំណុចរោងយាមដីឡូតិ៍មួយកន្លែង ស្ថិតក្នុងភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១រសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ ។
បុរសរងគ្រោះខាងលើឈ្មោះបូ សារិន អាយុ៤៣ឆ្នាំ មុខរបរសន្តិសុខយាមនៅភោជនីយដ្ឋានឫស្សីផ្អែម
មានស្រុកកំណើតនៅភូមិកណ្តាល ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង ។
តាមប្រភពពីបុរសម្នាក់ដែលជាអ្នករាប់អានគ្នាជាមួយបុរសរងគ្រោះខាងលើបានឱ្យដឹងថា បុរសរងគ្រោះ បានមានទំនាក់ទំនងស្នេហាជាមួយនឹងនារីម្នាក់ដែលជាអ្នកបម្រើការងារនៅក្នុងភោជនីយដ្ឋានឬស្សីផ្អែម ជាកន្លែងដែលជនរងគ្រោះយាមនោះ ហើយស្ត្រីម្នាក់នោះក៏ស្រលាញ់បុរសរងគ្រោះដែរ។ប៉ុន្តែក្រោយមកពុំដឹងថាអ្នកទាំង២មានរឿងអ្វីនឹងគ្នានោះទេ ស្រាប់តែខាងស្រីសុំបែកម្ដងហើយម្ដងទៀត គឺសុំបែកជាច្រើនដងមកហើយ ដែលជាហេតុធ្វើឲ្យបុរសរងគ្រោះរូបនេះតែងតែពិបាកចិត្តរាល់ថ្ងៃតែម្ដង។
តាមប្រភពដដែលបាននិយាយបន្តទៀតថា ទោះបីជាខាងស្រីសុំបែកច្រើនលើកបែបនេះក្ដី តែបុរសរងគ្រោះនោះបានលួងលោមរហូតនាងម្នាក់នោះព្រមត្រូវរ៉ូវគ្នាវិញ ប៉ុន្តែត្រូវគ្នាអត់បានយូរឡើយ ភាពរកាំរកូសតែងតែកើតមានជាបន្តបន្ទាប់ ។ លុះក្រោយមកទៀតខាងស្រីបានសម្រេចចិត្តឈប់ធ្វើការទៅរស់នៅឯស្រុកកំណើតវិញ បែកពីទ្រូងបុរសរងគ្រោះ ទើបធ្វើឲ្យបុរសរងគ្រោះតូចចិត្តតូចថ្លើមកាន់តែខ្លាំងឡើង។
តាមប្រភពដដែលបានប្រាប់បន្តទៀតថា ដោយឡែកនៅវេលាយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ បុរសរងគ្រោះខាងលើនេះបានទៅផឹកស្រានៅឯរោងចាំដីឡូខាងលើតែម្នាក់ឯង ហើយក្រោយមកក៏បានសម្រេចចិត្តបញ្ចប់ជីវិតបែបនេះតែម្ដង ។ រហូតដល់វេលារសៀលថ្ងៃទី៦ ខែកុម្ភៈ ទើបត្រូវបានគេប្រទះឃើញមានការភ្ញាក់ផ្អើល បន្ទាប់មកនគរបាលប៉ុស្តិ៍ព្រៃស សហការណ៍ជាមួយនគរបាលខណ្ឌដង្កោ និងកម្លាំងនគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះទៅពិនិត្យកោសល្យវិច័យ រួចប្រគល់សពទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
Post a Comment