សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្សជិត ២ពាន់នាក់

 ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និង​និស្សិតសាកលវិទ្យាលយធនធានមនុស្សចំនួន ១,៩៤៦ នាក់ ក្នុងនោះនិស្សិត នារី ១,០៣៣ នាក់។

​និស្សិតដែលបានបញ្ចប់ការសិក្សា និងទទួលសញ្ញាបត្រនេះ រួមមាននិស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដែលបានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០១៩-២០២០ និងឆ្នាំសិក្សា២០២០-២០២១។ ក្នុងនោះ ក៏មាននិស្សិតអាហារូបករណ៍របស់សម្ដេចតេជោ និង​សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតចំនួន ៣២ នាក់ផងដែរ។

សាកលវិទ្យាល័យធនធានមនុស្ស បានបំពេញបេសកកម្មយ៉ាងសកម្ម ក្នុងការចូលរួមចំណែកកសាងធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាលសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតគ្រប់កម្រិតទៅតាមផែនការយុទ្ធសាស្ត្ររបស់ខ្លួន ស្រប​តាមគោលនយោបាយ និងផែនការយុទ្ធសាស្ត្ររបស់ក្រសួងអប់រំ យុវជន និងកីឡា និងកម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាលជាអាទិភាព ក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយសមត្ថភាព និងគុណភាព ស្របតាម​គោលដៅ​អភិវឌ្ឍន៍ប្រកបដោយចីរភាព និងទស្សនវិស័យអភិវឌ្ឍន៍កម្ពុជា ទៅជាប្រទេស​មានប្រាក់​ចំណូល​មធ្យមកម្រិត​ខ្ពស់ត្រឹម​ឆ្នាំ២០៣០។

សាកលវិទ្យាល័យធនធានមនុស្ស បានយកចិត្តទុកដាក់ខ្ពស់លើការពង្រឹង និងលើកកម្ពស់គុណភាពអប់រំ និង​ការបណ្តុះបណ្ដាលសមត្ថភាពវិជ្ជាជីវៈគ្រប់កម្រិត ដើម្បីឱ្យឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សង្គម សេដ្ឋកិច្ជ និងទីផ្សារការងារ។ ជាមួយគ្នានេះដែរ ដើម្បីធានាដល់ការអនុវត្តយន្តការពង្រឹង និងពង្រីកគុណភាពអប់រំបណ្តុះបណ្តាល និងទិសដៅអភិវឌ្ឍរបស់ខ្លួននោះ សាកលវិទ្យាល័យបានធ្វើកំណែទម្រង់ទាំងផ្នែកទន់ និងផ្នែករឹង ដើម្បីពង្រឹង​ប្រព័ន្ធគ្រប់គ្រង ប្រព័ន្ធអភិបាលកិច្ច ប្រព័ន្ធគ្រប់គ្រងដំណើរការបណ្តុះបណ្តាលនិងបច្ចេកទេសសិក្សា អភិវឌ្ឍកម្មវិធី សិក្សា ស្របតាមក្របខណ្ឌគុណវឌ្ឍិជាតិ និងពង្រឹងប្រព័ន្ធធានាគុណភាពអប់រំផ្ទៃក្នុង ឱ្យស្របតាម ស្តង់ដាគុណ​ភាព​អប់រំដែលបានកំណត់៕




Powered by Blogger.