ខេត្តព្រះសីហនុផលិតអគ្គិសនីបានជាង ១ពាន់មេហ្គាវ៉ាត់ ខណៈប្រើអស់ត្រឹម ១៥០មេហ្គាវ៉ាត់

បច្ចុប្បន្ននេះ ខេត្តព្រះសីហនុ មានសមត្ថភាពអាចផលិត និងផ្គត់ផ្គង់អគ្គិសនីបានរហូតដល់ ១.៣៩៥មេហ្គាវ៉ាត់ ខណៈខេត្តប្រើប្រាស់អគ្គិសនីអស់ត្រឹមតែ ១៥០មេហ្គាវ៉ាត់ប៉ុណ្ណោះ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។

ឯកឧត្តមបានថ្លែងថា កាលពី ០៥ឆ្នាំមុន ខេត្តព្រះសីហនុជាខេត្តដែលមានកង្វះខាតផ្នែកថាមពលអគ្គិសនី តែមកទល់ពេលនេះ ខេត្តនេះ ជាអ្នកផលិត និងផ្គត់ផ្គង់អគ្គិសនីសម្រាប់ការចែកចាយទូទាំងប្រទេស។

ឯកឧត្តមបានបន្ថែមថា ខេត្តបានផលិតអគ្គិសនី ដោយអាចផ្គត់ផ្គង់ទៅបណ្តាញជាតិ និងបន្តចែកចាយក្នុងរាជធានី ខេត្តថែមទៀតផង។

ឯកឧត្តមបញ្ជាក់ថា ឥឡូវនេះ ខេត្តព្រះសីហនុ មានសមត្ថភាពផលិតអគ្គិសនីបានរហូតដល់ ១៣៩៥ មេហ្គា​វ៉ាត់។ ចំណែកការប្រើប្រាស់ក្នុងក្រុងព្រះសីហនុ មានត្រឹមតែរង្វង់ ១៥០មេហ្គាវ៉ាត់ ឬប្រើត្រឹមជាង ១១០មេហ្គាវ៉ា​ត់ ក្នុងអំឡុងថ្ងៃសៅរ៍-អាទិត្យ។

ចំពោះការផ្គង់ផ្គង់ទឹកស្អាត ក្រុងព្រះសីហនុ មានទឹកស្អាតគ្រប់គ្រាន់ក្នុងការប្រើប្រាស់ ដែលប្រើត្រឹមតែ ៨ម៉ឺន ទៅ៩ម៉ឺន ម៉ែត្រគូបក្នុងមួយថ្ងៃ ប៉ុន្តែចំពោះតំបន់ជនបទ ការផ្គត់ផ្គង់ទឹកស្អាតនៅមិនទាន់បានពេញលេញនៅឡើយ ដោយ​សារ​បណ្តាញទឹកស្អាតនៅឆ្ងាយពីតំបន់ទាំងនោះ។

Powered by Blogger.