ចំនួន​អ្នក​ចុះឈ្មោះ​ជា​អ្នកស្ម័គ្រចិត្ត​ក្នុង​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម មាន​ប្រមាណ ៦០០០​នាក់​ហើយ​

ភ្នំពេញ​៖ ចំនួន​ប្រជាពលរដ្ឋ ដែល​បាន​ចុះឈ្មោះ​ជា​អ្នកស្ម័គ្រចិត្ត​ក្នុង​ព្រឹត្តិការណ៍​កីឡា ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម គឺមាន​ចំនួន​ប្រមាណ ៦០០០​នាក់ គិត​ត្រឹម​ចុង​សប្ដាហ៍​កន្លងទៅនេះ​។ នេះ​ជាការ​លើកឡើង​របស់ ឯកឧត្តម ហ៊ុន ម៉ា​នី កាលពី​ថ្ងៃទី១១ ខែកុម្ភៈ​។

​ថ្ងៃទី​១ ខែកុម្ភៈ ដល់​ថ្ងៃទី០​១ ខែមីនា​ឆ្នាំ​២០២៣​នេះ ជា​កាលបរិច្ឆេទ​នៃ​ការបើកទទួល​ពាក្យ​ជ្រើសរើស​អ្នកស្ម័គ្រចិត្ត​ក្នុង​ព្រឹត្តិការណ៍ ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ជា​លើកដំបូង​។ អំឡុង​បើកទទួល​ពាក្យ​នេះ ក្រុមការងារ​ក៏​ចាប់ផ្ដើម​ធ្វើការ​សម្ភាសន៍​ផ្ទាល់ អ្នកស្ម័គ្រចិត្ត​ទាំងនោះ​ផងដែរ​។​

​ពាក់ព័ន្ធ​នឹង​ការជ្រើសរើស​អ្នកស្ម័គ្រចិត្ត​សម្រាប់​ព្រឹត្តិការណ៍​កីឡា​ធំ​ទាំងពីរ ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា កាលពី​ចុង​សប្ដាហ៍​បានលើកឡើង​ដែរ​ថា​ចំនួន​ប្រជាពលរដ្ឋ ដែល​បាន​ចុះឈ្មោះ​ធ្វើជា​អ្នកស្ម័គ្រចិត្ត គឺមាន​ចំនួន​ប្រមាណ​៦០០០​នាក់​ហើយ​។

​ការជ្រើសរើស​អ្នកស្ម័គ្រចិត្ត​ក្នុង​ព្រឹត្តិការណ៍ ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ គឺ​ត្រូវការ​ចំនួន​រហូតដល់​៧០០០​នាក់​។

ប្រជាពលរដ្ឋ​គ្រប់រូប ដែលមាន​អាយុ​ចាប់ពី ​១៨​ឆ្នាំ​ឡើងទៅ សុទ្ធតែ​អាចដាក់​ពាក្យ​ធ្វើជា​អ្នកស្ម័គ្រចិត្ត ទាំង​អ្នកចេះ​ភាសាបរទេស អ្នក​មិនចេះ​ភាសាបរទេស បូករួម​ទាំង​ជន​មាន​ពិការភាព​ផងដែរ​។

​អ្នកស្ម័គ្រចិត្ត​ទោះ​ភាគច្រើន ជា​យុវជន​ក្ដី ក៏មាន​វត្តមាន​មនុស្ស​វ័យ​ជិត ៥០​ឆ្នាំ មក​ទទួល​ការសម្ភាសន៍ ធ្វើជា​អ្នកស្ម័គ្រចិត្ត​ផងដែរ​។

គោលដៅ​រួមមួយ​នៃ អ្នកដាក់ពាក្យ​ធ្វើជា​អ្នកស្ម័គ្រចិត្ត គឺ​ដើម្បី​មុខមាត់ កិត្តិយស​ជាតិ​កម្ពុជា ព្រោះ​វា​ជា​លើកដំបូង​ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ទាំងពីរ​នេះ​។​

​ក្រោយ​ការជ្រើសរើស​អ្នកស្ម័គ្រចិត្ត​រួចរាល់ គឺ​បុគ្គល​ទាំងនោះ​ត្រូវ​ឆ្លងកាត់ ការបណ្ដុះបណ្ដាល​បន្ថែម​។ ការបណ្ដុះបណ្ដាល មាន​ទាំង​ចំណេះដឹង​ទូទៅ ការបណ្ដុះបណ្ដាល​ជំនាញ​នានា ជាពិសេស​អ្នកស្ម័គ្រចិត្ត​ទៅ​ផ្នែក​ប្រភេទ​កីឡា​ណាមួយ​៕

Powered by Blogger.