UN៖ គ្រោះរញ្ជួយដីនៅតួកគី ​ធ្វើ​ឱ្យ​មនុស្ស​១,៥​លាន​នាក់​គ្មាន​ផ្ទះសម្បែង​ស្នាក់នៅ

ហ្សឺណែវ៖ មន្ត្រី កម្មវិធីអភិវឌ្ឍន៍ របស់អង្គការសហប្រជាជាតិ (UNDP) កាលពីថ្ងៃអង្គារ បានប៉ាន់ប្រមាណថា មនុស្ស ១.៥ លាននាក់នៅក្នុង ប្រទេសតួកគី ប្រឈមមុខគ្មានផ្ទះសម្បែងស្នាក់នៅដោយសារការរញ្ជួយដីនាពេលថ្មីៗ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានចិន ស៊ីនហួរ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។

លោកស្រី Louisa Vinton តំណាង UNDP ប្រចាំតួកគី បានប្រាប់សន្និសីទសារព័ត៌មានតាមអ៊ីនធឺណិតថា រដ្ឋាភិបាលរបស់ប្រទេសនេះបានត្រួតពិនិត្យ ឃើញថាប្រហែល ៧០ភាគរយនៃអគារដែលរងផលប៉ះពាល់ដោយការរញ្ជួយដី ក្នុង​នោះ លំនៅឋាន ​ចំនួន ៤១២,០០០ យូនីត ​ក្នុង​អគារ​ចំនួន ១១៨,០០០ បាន​ដួលរលំ ដោយត្រូវ​រុះរើ​ចេញ​ទាំង​ស្រុង។

ចំណែកលោកស្រី Catherine Smallwood មន្ត្រីសង្គ្រោះបន្ទាន់ជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោក (WHO) បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារថា ការគ្រប់គ្រងហានិភ័យនៃជំងឺឆ្លងនាពេលនេះគឺមានសារៈសំខាន់ណាស់ ដោយសារមនុស្សផ្លាស់ទីលំនៅជាច្រើនរស់នៅក្នុងតំបន់ជិតស្និទ្ធ ជាពិសេសបង្គន់អនាម័យ និងទឹកស្អាតប្រើប្រាស់មិនបានល្អ។

ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខេត្ត Kahramanmaras ភាគខាងត្បូងនៃប្រទេសតួកគី ត្រូវបានរញ្ជួយដោយការរញ្ជួយដីជាបន្តបន្ទាប់ចាប់ពី ៦.៤ ដល់ ៧.៧ រិចទ័រ។

ការរញ្ជួយដីក៏បានវាយប្រហារផ្នែកខ្លះនៃប្រទេសស៊ីរីផងដែរ។ សរុបមក មនុស្សប្រមាណ ៤៧,០០០នាក់បានបាត់បង់ជីវិតនៅក្នុងប្រទេសទាំងពីរ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ៕ 

Powered by Blogger.